ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា មនុស្ស​ជាង​៦០​នាក់​ស្លាប់ និង​៧៨​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​អត្តឃាត​ប្រើ​គ្រឿងផ្ទុះ​២​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​កន្លែង​នា​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា ។

ការ​វាយប្រហារ​ទាំង​២​នេះ​កើត​មាន​នា​ថ្ងៃ​ទី​៩ កុម្ភៈ ក្នុង​ទីក្រុង​ឌឺ​ក​វ៉ា រដ្ឋ​ប័​រ​ណូ ។ លោក​សា​តូ​មី អា​ហ៍​ម៉ា​ដ ប្រធាន​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រា​បន្ទាន់​គូសបញ្ជាក់​ថា នារី​អត្តឃាត​២​នាក់​បាន​ជ្រៀតចូល​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​កន្លែង ហើយ​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ​កណ្តាល​ជំរំ ។

សេចក្តី​ប្រកាស​មួយ​របស់​ក្រុម​សង្គ្រោះ​បន្ទាន់​រដ្ឋ​ប័​រ​ណូ អះអាង​ថា ពេល​មានការ​វាយប្រហារ​ទាំង​២​នោះ​មនុស្ស​ម្នា​ក្នុង​ជំរំ​កំពុង​ឈរ​តម្រៀបជួរ​គ្នា​ចាំ​ទទួល​ស្បៀង ។

រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ទាំងនោះ​នៅឡើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​អះអាង​ថា តាម​បច្ចេកទេស​ក្រុម​បូ​កូ​ហា​រ៉ា​មរ​ង​ការ​កម្ទេច ក៏​ប៉ុន្តែ​ពួក​យុទ្ធ​ជន​ក្បាលរឹង​បាន​ងាកមក​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នានា​ប្រឆាំង​ជន​ស៊ី​វិល​ក្នុង​ប្រទេស ។

កាលពី​ថ្ងៃ​ទី​៣១ មក​រា កន្លង​មកនេះ មនុស្ស​យ៉ាងតិច​៦៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ចំនួន​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម ក្នុង​រដ្ឋ​ប័​រ​ណូ​ដែរ ៕