ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះវិហារ ៖ អាជីវករ​ខ្មែរ​-​ថៃ​លក់ដូរ​នៅ​លើ​ផ្សារ​ច្រក​ទ្វា​អានសេះ​ព្រំដែន បាន​សម្តែង​ការ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​-​ថៃ បាន​សម្រេច​បើក​ច្រក​ទ្វារ​ថែម​មួយ​ថ្ងៃ​ទៀត ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ឱ្យ​អាជីវក​រទាំង​២​នាំ​យក​ទំនិញ​រៀង​ៗ​ខ្លួន ដូច​សព្វមួយដង មក​ផ្តោះ​ប្តូរ​បាន​ច្រើន​ជាង​មុន ។

លោក​ជា គឹ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​អាជ្ញាធរ​ទាំង​២​ភាគី កម្ពុជា​-​ថៃ បាន​សម្រេច​ឲ្យ​បន្ថែម​ថ្ងៃ​បើក​ច្រក​ទ្វារ​អានសេះ​ខាងលើ​បន្ថែម​មួយ​ថ្ងៃ​ទៀត​ក្នុង​១​ស​ប្តា​ហ៍​នេះ ដោយសារ​តែ​មើលឃើញ​ពី​សុខទុក្ខ​, ការ​លំបាក​រវាង​ប្រជាពលរដ្ឋ​ទាំង​២​ភាគី​ជាប់​ព្រំដែន​គ្នា ទើប​អាជ្ញាធរ​ខេត្តព្រះវិហារ ប្រទេស​កម្ពុជា ជាមួយ​អាជ្ញាធរ​ខេត្ត​ឧ​ប៊ុ​ន ប្រទេស​ថៃ បាន​បើក​កិច្ចប្រជុំ ដើម្បី​ស្វែងរក​វិធីសាស្ត្រ ជួយ​ដោះស្រាយ​ជីវភាព​ដល់​ពលរដ្ឋ​ទាំង​២​ភាគី​ឱ្យ​បាន​ល្អ​ប្រសើរ ព្រោះ​អី​ច្រក​ទ្វា​អានសេះ​ខាងលើ​នេះ មិន​ទាន់​ក្លាយជា​ច្រក​អន្តរជាតិ​នៅឡើយ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២​ភាគី​មាន​ពេលវេលា​តិច ក្នុង​ការ​ផ្តោះ​ប្តូរ​ទំនិញ​គ្នា ។

ដូច្នេះ​ហើយ ទើប​អាជ្ញាធរ​ទាំង​២​ភាគី​កម្ពុជា​-​ថៃ ក៏​បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ទាំង​២ ធ្វើការ​បន្ថែម​ថ្ងៃ​ក្នុង​ការ​បើក​ច្រក​ជូន​ប្រជាពលរដ្ឋ​ទាំង​២​ភាគី បាន​ផ្តោះ​ប្តូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន​ជាង​មុន ទម្រាំ​ដល់​ពេល​ដែល​ច្រក​ទ្វា​អានសេះ​នេះ ក្លាយទៅជា​ច្រក​អន្តរជាតិ​ខាង​មុខ ។ លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ក្នុង​រយៈ​១​ខែ​ៗ ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ជាតិ បាន​ឡើង​ទៅ​ទស្សនា​កម្សាន្ត ក្នុង​ផ្សារ​ខ្មែរ​-​ថៃ​លើ​ច្រក​ទ្វា​អានសេះ មាន​រហូត​ដល់​ទៅ​៣​ពាន់ ទៅ​៤​ពាន់​នាក់​ឯណោះ ។