​យុវជន​២​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្តបុក​ចំ​ពីមុខ​ពេញទំហឹង​របួសធ្ងន់​ទាំងពីរ​នាក់​

​ខេត្តកណ្តាល ៖ យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​២០ និង​៥៥​នាទី​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥ និង​២៦ ភូមិ​អង្គស្នួល ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​នគរបាល​បាន​ឲ្យ​ដឹងថា រ​យន្ត​បង្ក​ម៉ាក​ស្តា​រិច ពណ៌​ប្រផេះ​ពាក់​ស្កាក​លេខ​ភ្នំពេញ 2I-2533 បើកបរ​ដោយ​ឈ្មោះ ម៉ិ​ល វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់​C១២៥​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1E-5698 មិន​ពាក់មួក​សុ​វត្តិភាព បើកបរ​ឈ្មោះ ស៊ុម និ​ត ភេទប្រុស អាយុ២២​ឆ្នាំ រស់នៅ​ភូមិ ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឌុប​មិត្ត​ភ័ក្ត្រ ឈ្មោះ ប៉ែន សា​លីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​រាជា​ធានី​ភ្នំពេញ មុខរបរ​កម្មករ​ទាំង​២​នាក់​។​

​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​កើត ហេតុ ស្រាប់​ឃើញ រថយន្ត​បង្ក​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់ រងរបួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​ជាបន្ទាន់​។ ក្រោយពេល​កើតហេតុ នគរបាល​បាន ចុះទៅ ដល់​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​បង្ក និង​ធ្វើការ​វាស់វែង​រួច​នាំ​ទាំង​អ្នកបើកបរ និង​ប្រមូល​រថយន្ត ម៉ូតូ​ទៅកាន់​អធិការដ្ឋាន ដើម្បី​កសាង សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

KA-11-02-2016-10 KA-11-02-2016-11 KA-11-02-2016-12