ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អគ្គលេខាធិការ​អង្គការ​អូតង់​លោក JENS STOLTENBERG ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់​ពី​ថ្ងៃ​ទី​មួយ​នៃ​កិច្ចប្រជុំ​ថ្លែង​ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អូតង់​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា នឹង​ពង្រឹង​វត្តមាន​យោធា​នៅ​អឺរ៉ុប​ខាងកើត ។

លោក STOLTENBERG ថ្លែង​ថា វត្តមាន​ពហុ​ជាតិ​នេះ​ដែល​ត្រូវ​ពង្រឹង​នឹង​ជា​របត់​មួយ ហើយ​ជួយ​ទ្រទ្រង់​តាម​រយៈ​កម្មវិធី​ធ្វើ​សមយុទ្ធ ហើយ​វា​នឹង​ជា​ការ​បំពេញ​ខាង​ភស្តុ​ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ការ​បង្កើន​វត្តមាន​យោធា​នេះ​ដែល​ជួយ​សម្រួល​ដល់​ការ​ពង្រឹង​ដោយ​ឆាប់រហ័ស​មួយ ។

លោក​សម្តែង​ការ​អបអរ​សារ​ទរ​ចំពោះ​ការ​ប្រកាស​របស់​សម្ព័ន្ធមិត្ត​ជា​ច្រើន ពី​ការ​រួមចំណែក​របស់​ពួក​គេ ហើយ​លោក​ធ្វើការ​កត់​សម្គាល់ថា បណ្តា​ការ​សម្រេចចិត្ត​បន្ថែម​ទៀត​នឹង​ត្រូវធ្វើ​នា​កិច្ចប្រជុំ​កំពូល​របស់​អូតង់​នៅ​ទីក្រុង​វ៉ា​សូ​វី​នា​ខែកក្កដា​ខាង​មុខ​នេះ ។

អូតង់​បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​អា​ល្លឺ​ម៉​ង់​បន្ទាប់​ពី​វិបត្តិ​អ៊ុយ​ក្រែ​ន ។ លោក STOLTENBERG បញ្ជាក់​ថា យើង​បាន​បង្កើន​ជា​៣​នូវ​ទំហំ​នៃ​កងកម្លាំង​ប្រតិកម្ម​រហ័ស​របស់​អូតង់​ដល់​ទាហាន​ជាង​៤០.០០០​នាក់ ។ យើង​បាន​បង្កើន​ទីបញ្ជាការដ្ឋាន​តូច​ៗ​របស់​អូតង់​ដល់​ទៅ​៦ ក្នុង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អឺរ៉ុប​ខាងកើត ហើយ​យើង​កំពុង​បង្កើត​២​បន្ថែម​ទៀត​នៅ​ទីនោះ ។

ចាត់វិធានការ​ឆ្ពោះទៅ​ពង្រឹង​កិច្ច​ការពារ​រួម​នឹង​កម្លាំង​គួរ​ឱ្យ​ជឿជាក់​របស់​អូតង់​ជា​បញ្ហា​សំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូតង់​លើក​នេះ ៕