ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​គំរាម​កាត់​ផ្តាច់ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដែល​ខ្លួន​សន្យា​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន ព្រោះតែ​ពុំ​មានការ​ជឿនលឿន​ក្នុង​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​នេះ ។

អគ្គ​នាយិកា IMF លោកស្រី CHRISTINE LAGARDE ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា បើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​គួរ​ឱ្យ​កត់សម្គាល់​ថ្មី​ៗ ដើម្បី​កែ​លម្អ​ការ​កែទម្រង់​ខាង​អភិបាលកិច្ច និង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងអំពើ​ពុក​រលួយ​ទេ​នោះ វា​នឹង​មានការ​លំបាក​ថា​តើ​កម្មវិធី​ជួយ​ទ្រទ្រង់​របស់ IMF អាច​បន្ត​ទៅ​ទៀត​ឬ​យ៉ាងណា ។

រឿងរ៉ាវ​ផ្ទុះ​ឡើង​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​មក​ជាមួយ​ការ​សុំ​លាលែង​ចេញពី​តំណែង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​លោក  AIVARAS ABROMAVICIAS ។ លោក​ជា​មនុស្ស​ឈានមុខ​គេ​ក្នុង​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​លោក​បាន​បរិហារ​ពី​ការ​រារាំង​ការ​កែទម្រង់ និង​ពី​ការ​ប៉ុនប៉ង​លើក​បន្តុប​ឥស្សរជន​ដែល​មានការ​សង្ស័យ​ក្នុង​ក្រុម​របស់​លោក​។ លោកស្រី LAGARDE បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ រួច​នា​ពេល​នេះ​ឈាន​ដល់​បរិហារ​អំពើ​ពុក​រលួយ​ដែល​មានការ​បិទ​បាំង​ក្នុង​ចំណោម​អ្នកនយោបាយ​អ៊ុយ​ក្រែ​ន ហើយ​រុញច្រាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដល់​កៀនជញ្ជាំង ។

នា​ថ្ងៃ​ទី​១០ កុម្ភៈ ប្រមុខ IMF មាន​ប្រសាសន៍​ថា វា​ចាំបាច់​ដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បញ្ចេញ​ប្រតិកម្ម​នា​ពេល​នេះ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ដើរ​ឡើង​វិញ​លើ​មាគ៌​៌ា​នៃ​ការ​កែទម្រង់។

ប្រសិនបើ​ការ​គំរាមកំហែង​នេះ​ត្រូវ​បាន​អនុវត្ត​នោះ IMF នឹង​ផ្អាក​រាល់​ប្រាក់​កម្ចី​នា​ពេល​ខាង​មុខ គ្រោង​ដោយ​ផែនការ​ផ្តល់​ជំនួយ​១៧,៥​ពាន់​លាន​ដុល្លារ រយៈពេល​៤​ឆ្នាំ ផ្តល់​ចាប់ពី​ខែមីនា ឆ្នាំ​២០១៥ មក​ដល់​អ៊ុយ​ក្រែ​ន​ជា​ថ្នូរ​នឹង​ការ​កែទម្រង់​នានា ។ សម្រាប់​ពេល​នេះ​ទឹកប្រាក់​៦,៧​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​រួច​ហើយ ៕