ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ រថយន្ត​កាម​រី​ដឹក​ត្រី​មួយ​គ្រឿង បើកបរ​ក្នុង​ល្បើ​ន​លឿន​ដូច​ហោះ ក៏​ជ្រុល​ទៅ​ក្មេង​កំពុង​ជិះ​កង់​បណ្តាល​ឱ្យ​របួស ហើយ​ម្ចាស់​រថយន្ត​នោះ បាន​ព្យាយាម​បើក​រត់គេច តែ​ជា​អកុសល​ក៏​ជ្រុល​ទៅ​បុក​ខ្លោងទ្វារវត្ត ធ្វើ​ឱ្យ​រថយន្ត​បង្ក​នោះ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​ឆេះ​នោះ មិន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់ រង​របួស​ឬ​ស្លាប់​នោះ​ទេ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ​បេតុង ក្នុងភូមិ​គោក​ជូន ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​កោះសន្តិភាព​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ត្រី​ម៉ាក​កាម​រី ពណ៌​ស្លែ ពាក់​ស្លាក​លេខ​សៀមរាប 2A-3997 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើក​មក​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​កៀរ​ក្មេង​ស្រី​មា្ន​ក់​ជិះ​កង់​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យ​រង​របួសស្រាល និង​ខូចខាត​កង់​ទាំងស្រុង ។ អ្នកបើកបរ​រថយន្ត​ក្រោយ​ពេល​កៀរ​ក្មេង​ស្រី​រួច​ហើយ បាន​បន្ថែម​ល្បឿន​បើក​រត់ ពេល​នោះ​បាន​បើក​ទៅ​បុក​រី​កាទឹក បណ្ដាល​ឱ្យ​បែក​កង់​មុខ​ខាងស្ដាំ មិនតែប៉ុណ្ណោះ រួច​បាន​បន្ត​បើករ​ត់ទៅ​ទៀត ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ខ្លោងទ្វារវត្ត​ពួក ធ្វើ​ឱ្យ​រថយន្ត​ផ្ទុះ​ឆេះ​នៅ​ពេល​នោះ​តែ​ម្តង ហើយ​អ្នកបើកបរ​បាន​បើកទ្វារ​ចុះ​រត់​ទាន់ ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។