ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ប្រភព​ពី​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ បាន​ឲ្យ​ដឹង​ថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អាជីវករ​ខ្មែរ​បាន​បិទ​តូប​ជា​ច្រើន​ប្រមាណ​៦០%​ព្រោះ​ព្រួយ​បារ​ម្ភ​ខ្លាច​ខាង​ជំនាញ​ថៃ​ចុះ​ចាប់​ទំនិញ​រំលោភ​កម្ម​សិទ្ធិ​បញ្ញា​ ។

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​២​រូប ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ការ​ដែល​អាជីវករ​ខ្មែរ​មួយ​ចំនួន​ធំ​នាំ​គ្នា​បិទ​តូប ​​អ្នក​ខ្លះ​នៅ​បន្ត​លក់​ តែ​បើក​ចំហទ្វារ​តូប​តូច​ដូច​លួចលាក់​ ព្រោះ​គ្រប់​គ្នា​បានឃើញ​ទូរ​ទស្សន៍​ថៃ​ផ្សាយ​ថ្មី​ៗ​នេះ​ថា​ ទំនិញ​រំលោភ​កម្ម​សិទ្ធិ​​បញ្ញា​ សមត្ថកិច្ច​ជំនាញ​ថៃ​​នឹង​​ចុះ​ត្រួតពិនិត្យ​នា​ពេល​ខាង​មុខ​ ។ ឯ​ប្រភព​ខ្លះ​ថា​ ថៃគេ​ទុក​ពេល​ឲ្យ​អាជីវករ​ខ្មែរ​លក់​២​​ខែ​សិន​ ពេល​ក្រោយ​គេ​នឹង​ចុះ​ចាប់​តែ​ម្តង ​ប្រសិនបើ​រក​ឃើញ​មាន​ទំនិញ​រំលោភ​កម្ម​សិទ្ធិ​​បញ្ញា​លក់​តាម​តូប​នៅ​ផ្សារ​រុង​ក្លឿ​នោះ​ ។

ពាក់ព័ន្ធ​​​ទៅ​នឹង​​​ទំនិញ​រំលោភ​កម្ម​សិទ្ធិ​​បញ្ញា​នៅ​ផ្សារ​រុង​ក្លឿ​ ប្រភព​ប្រាប់​ថា​ មាន​ច្រើន​យ៉ាង ដូច​ជា ​កាបូប​ ​វ៉ែនតា​ ​នាឡិកា​ ខោអាវ​កីឡា​ និង​ទំនិញ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​យក​យីហោ​គេ​បិទ​លើ​ទំនិញ​ថ្មី​ដាក់​លក់​ ។ ​ទោះ​បី​ជា​យ៉ាងណា​​ក៏​ដោយ​ ចំពោះ​តូប​អាជីវករ​ដែល​មាន​ទំនិញ​លក់​មិន​ពាក់ព័ន្ធ​រំលោភ​កម្ម​សិទ្ធិ​បញ្ញា​គេ​នៅ​តែ​បន្ត​ចេញ​ចូល​​លក់​ជា​ធម្មតា ​។

ប្រភព​ខ្លះ​ថា​ ការ​បិទ​តូប​អាច​មក​ពី​អាជីវករ​មួយ​ចំនួន​ព្រួយ​បារ​ម្ភ​​ពី​ការ​ចាប់ខ្លួន​ដូច​អាជីវករ៣​​នាក់​​ដែល​ពាក់ព័ន្ធ​ករណី​ហិ​​ង្សា​កាលពី​ព្រឹក​​ថ្ងៃ​ទី​៣​​ កុម្ភៈ ​កន្លង​ទៅ​ថ្មី​ៗនវ ​នៅ​ផ្សារ​រុង​ក្លឿ​ ។

លោក​ ប៊ុ​ន ​សុខ​វិបុល ​អ​គ្គៈ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល ​។

លោក ​យ៉ា​ល់​ ប៊ុ​ន​ពៅ​ មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​អាជីវករ​ខ្មែរ​បាន​បិទ​តូប​​លក់​ដូរ​នៅ​ផ្សារ​រុង​ក្លឿ​មួយ​ចំនួន​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​មែន តែ​លោក​ថា ​មិន​បានដឹង​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ ​គ្រាន់តែ​ឮត​គ្នា​ៗ​ថា ​ក្រុម​អាជីវករ​មួយ​ចំនួន​ព្រួយ​បារ​ម្ភពី​សមត្ថកិច្ច​ជំនាញ​ថៃ​ចុះ​ចាប់​ទំនិញ​រំលោភ​កម្ម​សិទ្ធិ​​បញ្ញា​ និង​មួយ​ចំនួន​ព្រួយ​បារ​ម្ភមាន​ពាក់ព័ន្ធ​​នឹង​​អំពើ​ហិង្សា​កាលពី​ថ្ងៃមុន​ខ្លាច​គេ​ចាប់ខ្លួន ​ហើយ​តូប​មួយ​ចំនួន​ទៀត ​លោក​ថា ​អាច​ម្ចាស់​រវល់​ទៅ​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ចិន​​នៅ​ឯ​ស្រុក​កំណើត​មិន​ទាន់​វិល​ត្រឡប់​​ម​ក​វិញ ៕