ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត ​៖ អ្នក​យក​ព័​ត៌​មាន​​ឱ្យ​​ទូរ​ទស្ស​ន៍​​អប្សរា​ប្រចាំ​ខេត្តកំពត​ម្នាក់​ បាន​ដាក់​ពាក្យបណ្តឹង​​ចោទប្រកាន់មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្តកំពត​​មួយ​រូប​ថា​ បាន​ប្រើ​​​កូនចៅ​​ឱ្យ​​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ​អំឡុង​ពេលចុះ​យ​ក​ព័ត៌​​មាន​អំពី​សង្វៀន​ជល់​​មាន់ ខណៈ​​​ដែល​​មេបញ្ជាការ​កងរាជអាវុធហត្ថ​រូប​​នោះ រួម​ទាំង​កូនចៅ​​ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​៣​នាក់​​ទៀត បាន​បង្ហាញ​វត្តមាន​ការពារ​​សុវត្ថិភាព​​​ដល់​វង់ល្បែង​ជល់​​មាន់ ដែល​មាន​ទីតាំង​នៅ​ក្បែរ​របង​វត្ត​ស្នំ​ប្រាំពីរ ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹក​ឈូ​​នោះ ។

លោក មុន្នី រតនៈ ភ្នាក់ងារ​របស់​បណ្ដា​ណ​ព័​ត៌​អប្សរា (ANN )​ ប្រចាំ​ខេត្តកំពតបានឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ​២០១៦​ ថា ម៉ាស៊ីន​ថត និង​ទូរស័ព្ទ​របស់​គាត់ ត្រូវ​បាន​លោក​វរសេនីយ៍ឯក សៀ​ក អាង អត្តលេខ​០២០៦២៨ មាន​តួនាទី​ជា​មេ​បញ្ជ​ការ​រង កងរាជ​អាវុធ​ហត្ថ​ខេត្តកំពត បញ្ជា​ឲ្យ​កូនចៅ​មក​ចាប់​ដកហូត​លុប​រូប និងគំរាម​​សម្លាប់ ​ខណៈ​ដែល​លោក​បាន​ថត​យក​រូបភាពដ៏​ស​កម្មនៃ សង្វៀន​​ជល់​មាន់ ដែល​មាន​ម្ចាស់​ឈ្មោះឆើត នៅ​ទីតាំង​ខាងលើ ។ លោក​ថា ទ​ង្វើ​នេះ​ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​សេរី​ភាព​របស់​អ្នក​សារព័ត៌មាន ដែល​ត្រូវ​បានការ​ពារ​ដោយ​​ច្បាប់ ។

លោក​​មេបញ្ជាការ​ង​ប៉េ​ឣឹ​ម​ខេត្ត​ ដែល​រង​ការ​ចោទប្រកាន់​នេះ​ ឣ្ន​ក​យក​ព័ត​មាន​យើង​​​សុំ​ការ​បំភ្លឺ​ដែរ ​តែ​លោក​ឆ្លើយ​ថា​ ចង់​ផ្សាយ​ឣី​ ក៏​ផ្សាយ​​ទៅ​ លោក​មិន​ខ្វល់​នោះ​ទេ​ ព្រោះ​មេ​ខាងលើ​សុទ្ធ​​តែ​ជា​​គ្នា​របស់​គាត់​ មិន​ឣា​ច​ឣ្ន​ក​ណា​មក​ដក​គាត់​ចេញពី​​​មេបញ្ជាការ​រង​ប៉េ​ឣឹ​ម​ខេត្ត​នេះ​​បាន​ទេ ​។

លោក​​ឧត្តមសេនីយត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត មិន​អាច​សុំ​ធ្វើការ​​បំភ្លឺ​បាន​ទេនា​ថ្ងៃនេះ​ ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់រវល់ ។ ​យ៉ាងណា​ក៏​ដោយ ក្រុម​​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ​តាម​មាត្រា​២៣១ និង​មាត្រា​៣៦៣ នៃ ក្រម​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា ការ​គំរាមកំហែង និងការ​កំហែង​យក​ដោយ​ប្រើ​ហិង្សា​អ្នក​ប្រព្រឹត្ត ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ដល់​៥​ឆ្នាំ និងពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​។