ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សហរដ្ឋ​អា​មេ​រិ​ក និង​បណ្តា​សម្ព័ន្ធមិត្ត​អាស៊ី​បាន​តបត​ចំពោះ​កម្មវិធី​បាលី​ស្ទិ​ក និង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ដោយ​ផ្តោត​លើ​ផ្នែក​ហិរញ្ញវត្ថុ​ប្រឆាំង​របប​ឯកោ​បំផុត​នេះ​នៃ​ពិភពលោក​ដោយ​មិនបាច់​រង់ចាំ​ការ​ចរចា​នៅ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ស្តី​ពី​ទណ្ឌកម្ម​ថ្មី​ៗ ។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា បាន​សម្រេច​ផ្អាក​ទាំងស្រុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ប្លុក​ឧស្សាហកម្ម​រួមកា​អឺ​សុង ជា​ការ​តបត​ចំពោះ​ការ​សាក​ល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​របស់​កូរ៉េ​ខាងជើង ។ រដ្ឋមន្ត្រី​បង្រួបបង្រួម លោក HONG YONG PYO ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ទោះបី​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង​ក្តី ក៏​ការ​ធ្វើ​អាជីវកម្ម​នៃ​ឧទ្យាន​ឧស្សាហកម្ម​នេះ ត្រូវ​បាន​ក្រុង​ព្យុ​ង​យ៉ាង​ប្រើប្រាស់​ដើម្បី​អភិ​វឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ដែរ ។ ដូច្នេះ​យើង​សម្រេច​ផ្អាក​ប្រតិបត្តិការ​នៃ​ឧទ្យាន​ឧស្សាហកម្ម​កា​អឺ​សុង ដើម្បី​រារាំង​មិន​ឱ្យប្រាក់​របស់​កូរ៉េ​ខាងត្បូង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល និង​ដើម្បី​ការពារ​បណ្តា​សហគ្រាស​យើង ។

សរុប​សហគ្រាស​កូរ៉េ​ខាងត្បូង​១២៤ ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ក្រុង​សេ​អ៊ូ​ល ហើយ​ប្រើប្រាស់​ពលករ​កូរ៉េ​ខាងជើង​ដល់​ទៅ​ជាង​៥៤.០០០​នាក់ ។ ប្លុក​ឧស្សាហកម្ម​នេះ​ដែល​បើកទ្វារ​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ជា​ប្រភព​ចំណូល​ធំ​មួយ​សម្រាប់​កូរ៉េ​ខាងជើង ចំណែក​កូរ៉េ​ខាងត្បូង​ចំណេញ​កម្លាំង​ពលកម្ម​ថោក ។ តាំងពី​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង​បើក​មក ទឹកប្រាក់​ប្រមាណ​ជា​៦៥០​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដល់​ពលករ​កូរ៉េ​ខាងជើង ក្នុង​នោះ​១២០​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ​មិ​ញ ។

ការ​ផ្អាក​សកម្មភាព​ឧទ្យាន​ឧស្សាហកម្ម​នេះ​ជា​វិធានការ​ខ្លាំង​បំផុត​របស់​ក្រុង​សេ​អ៊ូ​ល ។ វា​ជា​ការ​កាត់​ផ្តាច់​ប្រភព​ចំណូល​ផ្លូវការ​ចុង​ក្រោយ​មួយ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។ រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​អះអាង​ថា លោក​ពុំ​ដឹង​ដែរ​ថា​តើ​សកម្មភាព​របស់​ឧទ្យាន​ឧស្សាហកម្ម​នោះ​នឹង​មាន​ឡើង​វិញ ឬ​អត់​នោះ​ទេ ។ លោក​មាន​ប្រសាសន៍​ថា ការ​បើក​ឡើង​វិញ​ផ្អែក​លើ​កូរ៉េ​ខាងជើង​ទាំងស្រុង ។ កូរ៉េ​ខាងជើង​ដំបូង​បំផុត​ត្រូវ​បំបាត់​ការ​ព្រួយបារម្ភ​នានា​របស់​សហគមន៍​អន្តរជាតិ​លើ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ខ្លួន ហើយ​ផ្តល់​បរិយាកាស​អនុគ្រោះ​សម្រាប់​បណ្តា​សហគ្រាស​យើង ដើម្បី​ឱ្យ​សហគ្រាស​ទាំងនេះ​ធ្វើ​ប្រតិបត្តិការ​ជា​ធម្មតា ។

កាលពី​ខែមេសា ឆ្នាំ​២០១៣ កូរ៉េ​ខាងជើង​បាន​បិទ​ប្លុក​ឧស្សាហកម្ម​នេះ​រយៈពេល​ប្រមាណ​ជា​៤​ខែ ដោយសារ​ភាព​តានតឹង​ខ្ពស់​បណ្តាល​មក​ពី​សមយុទ្ធ​យោធា រួម​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។ ខែកុម្ភៈ ឆ្នាំ​២០១៣ កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៣ ។

រថយន្ត​កាំ​មី​ញ៉ុ​ង​កូរ៉េ​ខាងត្បូង​ជា​ច្រើន​រយ​គ្រឿង​នា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បើក​ឆ្លងកាត់​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ទៅ​ដឹក​បណ្តា​សម្ភារ និង​របស់របរ​ទាំងឡាយ​ដែល​ផលិត​ក្នុង​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង ដែល​ក្រុង​សេ​អ៊ូ​ល​សម្រេច​បិទ​ជា​ឯកតោភាគី ។ ការ​បិទ​ប្លុក​នេះ​ត្រូវ​បាន​សមាគម​តំណាង​ឱ្យ​សហគ្រាស​កូរ៉េ​ខាងត្បូង​ចំនួន​១២៤ ដែល​រកស៊ី​ក្នុង​ប្លុក​នេះ​ចាត់​ទុក​ថា អយុត្តិធម៌ ។

ទោះបី​យ៉ាងណា ក្រុង​សេ​អ៊ូ​ល​និយាយ​ថា ពេល​នេះ​ជា​ពេល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​បណ្តា​សហគ្រិន និង​បណ្តា​និយោជិត ដែល​ធ្វើការ​នៅ​កា​អឺ​សុង ។

ចំណែក​ព្រឹទ្ធសភា​អា​មេ​រិ​ក​វិញ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​អនុម័ត​ទណ្ឌកម្ម​ជា​ឯកតោភាគី​ថ្មី​ៗ ហើយ​ជប៉ុន​ក៏​ធ្វើ​ដូច្នេះ​ដែរ ។ បណ្តា​ព្រឹទ្ធ​សមាជិក​អា​េ​ម​រិ​កបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​៩៦​សំឡេង​ទល់​សូន្យ​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំងនេះ ប្រឆាំង​បណ្តា​មនុស្ស ឬ​សហគ្រាស​ដែល​ជួយ​របប​ក្រុង​ព្យុ​ង​យ៉ាង ជា​ពិសេស​ឱ្យ​ទទួល​បាន​បណ្តា​សម្ភារ​សម្រាប់​ផលិត​អាវុធ​សម្លាប់​រង្គាល ។ ទណ្ឌកម្ម​ទាំងនេះ​រួម​មានការ​រឹបអូស​បណ្តា​ភាគហ៊ុន ហាមឃាត់​ការ​ផ្តល់​ទិដ្ឋាការ និង​ការ​បដិសេធ​កុងត្រា​សាធារណៈ​នានា​របស់​អា​េ​ម​រិ​ក ។ បណ្តា​សកម្មភាព​ដែល​អាច​រង​ទណ្ឌកម្ម​ក៏​រួម​មានការ​នាំ​ចូល​មក​កាន់​កូរ៉េ​ខាងជើង​បណ្តា​ទំនិញ បច្ចេកវិទ្យា សេវាកម្ម  សកម្មភាព​នានា​របស់​ក្រុមប្រឹក្សា​ទទួល​បន្ទុក​អាវុធ​សម្លាប់​រង្គាល និង​មី​ស៊ី​ល ការ​នាំ​ចូល​បណ្តា​ផលិតផល​ដឺ​លុ​ច ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ការ​លាងលុយកខ្វក់ ការ​រត់ពន្ធ​គ្រឿងញៀន និង​របស់របរ​ក្លែងក្លាយ ការ​លក់​លោហធាតុ​មាន​តម្លៃ ដែកថែប ធ្យូងថ្ម ឬ​សម្ភារ​ផ្សេង​ៗ ដែល​ប្រើ​សម្រាប់​កម្មវិធី​យោធា ៕