មន្ទីរ​អប់រំ​ខេត្ត​រតនគិរី​បង្កើត​គណៈកម្មការ​ដឹក​នាំ​អនុវិទ្យាល័យ​ស្រែ​អង្គ្រង​បណ្ដោះ​អាសន្ន

មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគីរី បង្កើត​ក្រុម​ការងារ​បន្ទាន់​មួយ​ចុះ​សម្រប​សម្រួល​ឲ្យ​គ្រូ​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ក្នុង​ឃុំ​ត្រពាំងក្រហម ស្រុក​កូនមុំ ចូល​បង្រៀន​សិស្ស​ដូច​ប្រក្រតី​ដើម្បី​ពង្រឹង​គុណភាព​សិក្សា​របស់​សិស្ស ខណៈ​ក្រុម​ការងារ​ថ្នាក់​មន្ទីរ កំពុង​វាយ​តម្លៃ​របាយការណ៍​ស្រាវជ្រាវ​ភាព​អសកម្ម​របស់​នាយក​អនុវិទ្យាល័យ​នេះ។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី អះអាង​ថា នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​កុម្ភៈ ចុង​សប្ដាហ៍​នេះ ក្រុម​ការងារ​ថ្នាក់​មន្ទីរ នឹង​ចុះ​សម្រប​សម្រួល​ជាមួយ​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង បង្កើត​គណៈកម្មការ​ដឹក​នាំ​អនុវិទ្យាល័យ​ជា​បណ្ដោះអាសន្ន ដើម្បី​ពង្រឹង​ការ​បង្រៀន​សិស្ស​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង កាល​ពី​ខែ​ធ្នូ ធ្វើ​លិខិត​ស្នើសុំ​ឲ្យ​មន្ទីរ​អប់រំ ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ​ដែល​អសកម្ម​ការងារ មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​ចាយ​វាយ​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​របស់​អនុវិទ្យាល័យ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​គ្រូ​គ្មាន​សម្ភារៈ​បង្រៀន​សិស្ស។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាំឃឿ បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា សមាសភាព​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង នឹង​ត្រូវ​ជ្រើសរើស​បង្កើត​គណៈកម្មការ​បណ្ដោះអាសន្ន ដើម្បី​ដឹក​នាំ​អនុវិទ្យាល័យ។ លើស​ពី​នេះ​ទៀត មន្ទីរ​តម្រូវ​ឲ្យ​នាយក​អនុវិទ្យាល័យ​ចាស់ ប្រគល់​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​របស់​អនុវិទ្យាល័យ​គ្រប់​ចំនួន ឲ្យ​គណៈកម្មការ​ដឹក​នាំ​សាលា​បណ្ដោះអាសន្ន ដើម្បី​ទិញ​សម្ភារៈ​បង្រៀន​សិស្ស។ អ្នកស្រី​បន្ត​ទៀត​ថា ថ្នាក់​ដឹក​នាំ​មន្ទីរ​បាន​ប្រមូល​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ថ្នាក់​មន្ទីរ ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​រួច​ហើយ ដើម្បី​វាយ​តម្លៃ​សម្រេច​នៅ​ពេល​ឆាប់ៗ​នេះ៖ «ខ្ញុំ​ណាត់​ថ្ងៃ​សុក្រ ព្រោះ​អ្នក​ណា​ប្រព្រឹត្ត​ខុស ត្រូវ​វិន័យ​រដ្ឋបាល។ គាត់​អត់​មក​ធ្វើ​ការ​អ៊ីចឹង យើង​ត្រូវ​បង្កើត​គណៈកម្មការ​ជា​បន្ទាន់ ដឹក​នាំ​គ្រប់គ្រង​សាលា»

កាល​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា គ្រូបង្រៀន​ទាំងអស់​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង បាន​នាំ​គ្នា​មិន​មក​បង្រៀន​សិស្ស ក្រោម​ហេតុផល​បី​យ៉ាង​រួម​មាន គ្មាន​សម្ភារៈ​ប្រើប្រាស់​សម្រាប់​បង្រៀន​សិស្ស នាយក​អនុវិទ្យាល័យ​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​អាក់អន់​ចិត្ត​ចំពោះ​ក្រុម​ការងារ​ស៊ើប​អង្កេត​របស់​មន្ទីរ​អប់រំ បាន​ស្ដី​បន្ទោស និង​គំរាម​កំហែង​គ្រូ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្ដូរ​នាយក​អនុវិទ្យាល័យ។

ទាក់ទិន​ករណី​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កូនមុំ លោក ផន សុភាព បង្ហាញ​ក្តី​ព្រួយ​បារម្ភ ខណៈ​គ្រូបង្រៀន​ខ្លះ​នៅ​តែ​មិន​ព្រម​ចូល​បង្រៀន​សិស្ស​ចាប់​ពី​ដើម​សប្ដាហ៍​រហូត​មក។ លោក​សំណូមពរ​ឲ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​កើត​មាន​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ឲ្យ​បាន​ឆាប់ ចៀសវាង​ប៉ះពាល់​ការ​សិក្សា​របស់​សិស្ស៖ «គ្រូ​ចេះ​តែ​រង់ចាំ​មើល​រហូត​អ៊ីចឹង សាលា​រៀន ហើយ​ខ្ញុំ​អាណិត​សិស្ស​អត់​បាន​រៀន​ពី​ថ្ងៃ​ច័ន្ទ មក អត់​បាន​រៀន គេ​រង់ចាំ​ដំណោះស្រាយ​ពី​មន្ទីរ»

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែអង្គ្រង និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​សាលា លោក ឈឹម សុឃឹម មាន​ប្រសាសន៍​ថា ឪពុក​ម្តាយ និង​សិស្សានុសិស្ស​ច្រើន​នាក់ មិន​សប្បាយ​ចិត្ត ខណៈ​គ្រូ​មិន​មក​បង្រៀន​សិស្ស​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ និង​ឪពុក​ម្ដាយ​សិស្ស គាំទ្រ​ឲ្យ​ជ្រើសរើស​នាយក​ថ្មី​មក​ដឹក​នាំ​អនុវិទ្យាល័យ ដើម្បី​បញ្ឈប់​ភាព​អសកម្ម​នៅ​អនុវិទ្យាល័យ​នេះ៖ «ខ្ញុំ​តឿន​ឲ្យ​ធ្វើ​ឲ្យ​ឆាប់ៗ កូន​សិស្ស​អត់​បាន​រៀន រៀនៗ​ឈប់​គេ​ធ្វើ​តាម​នាយកៗ​អត់​មក គេ​ចង់​បង្រៀនៗ គេ​ចង់​ឈប់ៗ តាម​នាយក​គ្រប់​ម៉ោង​ខ្លះ មិន​គ្រប់​ខ្លះ គេ​ធ្វើ​លេងៗ​ទៅ ព្រោះ​អត់​មេ»

នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង លោក ឯក ពិសី ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​កំហុស​ទាំង​ពីរ​ករណី និង​មាន​បំណង​សុំ​លាលែង​តាម​សំណូមពរ​របស់​គ្រូបង្រៀន។ លោក​ថា នឹង​សុំ​កែប្រែ​កំហុស​នៅ​ចំពោះ​មុខ​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​សាលា​នៅ​សប្ដាហ៍ ក្រោយ​ប្រសិន​គ្រូបង្រៀន និង​គណៈកម្មការ​សាលា​យល់ព្រម។

យ៉ាង​ណា​ក៏ដោយ គ្រូបង្រៀន​ទាំងអស់​ទទួល​ស្គាល់​ថា គ្រូ​មួយ​ចំនួន​ពិត​ជា​មិន​មក​បង្រៀន​សិស្ស​ក្នុង​សប្ដាហ៍​នេះ ដោយសារ​តែ​គ្មាន​សម្ភារៈ​បង្រៀន ដូចជា​ហ្វឺត (white board) សរសេរ ជាដើម។ គ្រូបង្រៀន​ទាំងអស់​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង អះអាង​ថា នឹង​បង្រៀន​សិស្ស​ដូច​ធម្មតា ប្រសិន​ដំណោះស្រាយ​យុត្តិធម៌​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ទាមទារ​របស់​គ្រូ ពោល​គឺ​សុំ​ប្ដូរ​នាយក​អនុវិទ្យាល័យ​ចាស់ និង​តែង​តាំង​នាយក​ថ្មី និង​ទាមទារ​ឲ្យ​នាយក​ចាស់ សង​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​បង្រៀន​គ្រប់​ចំនួន​មក​អនុវិទ្យាល័យ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។