សកម្មភាព​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-​វៀតណាម រយៈពេល ៣​ថ្ងៃ ជនជាតិ​វៀតណាម ភាគ​ច្រើន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ផ្អាក​ការ​ប្រកប​របរ​ប្រចាំថ្ងៃ​មួយ​រយៈ ដើម្បី​ចូលរួម​អបអរ និង​ប្រារព្ធ​ពិធី​នេះ​ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ពួកគេ។ តើ​ជនជាតិ​វៀតណាម នៅ​កម្ពុជា​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ក្នុង​ថ្ងៃបុណ្យ​ប្រពៃណី​របស់​ខ្លួន?

បើ​ទោះ​ជា​រស់​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ខ្លួន ឬ​ឆ្ងាយ​ពី​ស្រុក​កំណើត​ជី​ដូន​ជីតា​ខ្លួន​ក្តី ជនជាតិ​វៀតណាម ភាគ​ច្រើន​នៅ​កម្ពុជា នៅ​តែ​អាច​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ពួកគេ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដូចគ្នា​ទៅ​នឹង​ជនជាតិ​វៀតណាម ដែល​រស់​នៅ​លើ​ទឹកដី​វៀតណាម​ដែរ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដែល​ជា​​ថ្ងៃ​ទី​១ នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-​វៀតណាម ខ្ញុំ​បាន​ចុះ​ទៅ​ខណ្ឌ​ច្បារអំពៅ ដែល​មាន​ជនជាតិ​វៀតណាម រស់​នៅ​ច្រើន​ស្អេកស្កះ ពិសេស​តាម​បណ្ដោយ​ច្រាំង​ទន្លេ​ប៉ែក​ខាង​កើត​នៃ​ទន្លេ​បាសាក់។

​ពេល​ចូល​ដល់​តំបន់​នោះ​ភ្លាម ខ្ញុំ​បាន​ឃើញ​ជនជាតិ​វៀតណាម ជា​ច្រើន​ប្រមូល​ផ្តុំ​នៅ​តាម​ផ្ទះ​ដែល​មាន​តុបតែង​លំអ​ដោយ​ក្រដាស​ពណ៌​ក្រហម ផ្កា​ភ្ញី​ផ្សេងៗ ពិសេស​គឺ​ផ្កា​ស្បៃរឿង​ពណ៌​លឿង និង​ដើម​ផ្កា​អង្គាសីល​ដាក់​តាំង​លំអ​ស្ទើរ​គ្រប់​ផ្ទះ។

នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ក៏​មាន​វត្ត​វៀតណាម មួយ​ចំនួន​ដែរ តែ​វត្ត​ដែល​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ពេល​នោះ មាន​ឈ្មោះ​ថា វត្ត​ប៊ិញភឿក (Binh Phuoc)។ ក្នុង​ឱ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម ក្រៅ​តែ​ធ្វើ​ពិធី​សែនព្រេន​ជួបជុំ​គ្រួសារ​តាម​លក្ខណៈ​ប្រពៃណី​របស់​ខ្លួន​នៅ​តាម​ផ្ទះ ក៏​មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​នាំ​ក្រុម​គ្រួសារ និង​កូនចៅ​ទៅ​វត្ត យក​ផ្លែឈើ​លុយ​កាក់​ទៅ​ដាក់​ថ្វាយ​ព្រះ និង​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។

​ជនជាតិ​វៀតណាម ភាគ​ច្រើន​និយាយ​ថា ពួកគេ​ទៅ​វត្ត​ដើម្បី​អុជ​ធូប​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា កុងម៉ា បុព្វការី​ជន និង​សុំ​សេចក្ដី​សុខ​សប្បាយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ៖ «គេ​សុំ​ចូល​ឆ្នាំ​ថ្មី សុភមង្គល សុខភាព​មាំមួន ក្រុម​គ្រួសារ​បាន​គង់វង្ស រក​ស៊ី​មាន​បាន»

វៀតណាម ៨៥៥ ២០១៦

សម្រាប់​ជនជាតិ​វៀតណាម មួយ​ចំនួន​ទៀត បន្ថែម​ពី​ការ​ទៅ​បួងសួង​សុំ​សេចក្ដី​សុខ​តាម​ទី​អារាម​ពួកគេ​ទៅ​វត្ត​ក៏​ដើម្បី​សុំ​ក្រដាស​បញ្ជាក់​អាយុ ថា​តើ​អាយុ​ពួកគេ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ល្អ ឬ​មិន​ល្អ​យ៉ាង​ណា​​នោះ?

​យុវជន​ជនជាតិ​វៀតណាម ឈ្មោះ ផាង ហឿន ដែល​អះអាង​ថា មាន​កំណើត​កើត​ជា​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា និយាយ​ថា ក្រៅ​ពី​ទៅ​វត្ត​រួច គេ​ក៏​មាន​កម្មវិធី​ជួបជុំ​គ្នា​នៅ​ក្នុង​គ្រួសារ​ផង​ដែរ៖ «ទៅ​វត្ត​ហើយ នាំ​គ្នា​នៅ​ផ្ទះ​ជប់លៀង រាំ​សប្បាយ​ជុំ​គ្នា ពេល​យប់​ដើរ​លេង​ច្រើន តែ​ពេល​ថ្ងៃ​ទៅ​វត្ត ឬ​វិហារ»

​ក្រោយ​ពី​មើល​សកម្មភាព​របស់​ជនជាតិ​វៀតណាម នៅ​ក្នុង​វត្ត​ប៊ិញភឿក រួច អ្នក​យក​ព័ត៌មាន​របស់​​វិទ្យុ​អាស៊ីសេរី បាន​ចុះ​ទៅ​មើល​សហគមន៍​ជនជាតិ​វៀតណាម តាម​បណ្ដោយ​ច្រាំង​ទន្លេ​នៅ​ខាង​ក្រោយ​វត្ត​នោះ ហើយ​ឃើញ​មាន​ជនជាតិ​វៀតណាម ក្មេង​ចាស់ ខ្លះ​ប្រមូល​ផ្ដុំ​គ្នា​តាម​ផ្ទះ ហូប​ចុក​ជួប​ជុំ​គ្រួសារ ខ្លះ​ទៀត​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុមៗ​លេងបៀ មើល​ទៅ​ហាក់​សប្បាយ។

ជា​រួម ទោះ​ជា​គេ​ឃើញ​មាន​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ទើរ​គ្រប់​ទីកន្លែង​ក្តី តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​ដែល​បង្ហាញ​តួលេខ​ផ្លូវ​ការ​ពី​ចំនួន​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា នោះ​ទេ ទាំង​អ្នក​រស់​នៅ​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់។

​បើ​ទោះ​ជា​ជនជាតិ​វៀតណាម នៅ​កម្ពុជា​ភាគ​ច្រើន ចូលរួម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពួកគេ​ក្តី ក៏​មាន​ជនជាតិ​វៀតណាម ខ្លះ​ទៀត មិន​បាន​ឈប់​សម្រាក​ពី​ការងារ ឬ​ការ​លក់​ដូរ​ដើម្បី​អបអរ​បុណ្យ​ប្រពៃណី​នេះ​ឡើយ។

កំពុង​អង្គុយ​លក់​នំប៉័ង​ដាក់​សាច់​នៅ​មុខ​ផ្សារ​ច្បារអំពៅ បុរស​ជនជាតិ​វៀតណាម វ័យ​ចំណាស់ ម្នាក់​ឈ្មោះ ង្វៀន យ៉ាំងផា (Nguyne Văn Pha) ដែល​អះអាង​ថា គាត់​ជា​អតីត​ទាហាន​វៀតណាម ត្រូវ​បាន​បញ្ជូន​មក​វាយ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​តាម​ច្រក​ខេត្ត​តាកែវ នៅ​ឆ្នាំ​១៩៧៩។ គាត់​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​គាត់ ថ្ងៃ​ចូល​ឆ្នាំ​គឺ​ដូច​ថ្ងៃ​ធម្មតា គាត់​មិន​ឈប់​សម្រាក​នៅ​ផ្ទះ​ឡើយ ហើយ​នៅ​តែ​ប្រកប​របរ​រក​ស៊ី​រយៈពេល​ពេញ ៣​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​តែម្ដង៖ «លក់​ទាំង​៣​ថ្ងៃ ឆ្នាំ​ណា​ក៏​លក់​ដែរ​មិន​ដែល​ឈប់​ទេ នៅ​ផ្ទះ​ក៏​មិន​ធ្វើ​អី​ដែរ ចេញ​មក​ក្រៅ​លក់​ដូរ​វា​ស្រួល​ជាង នៅ​ផ្ទះ​ក៏​មិន​ធ្វើ​អី»

បើ​ទោះ​ជា​ឡើង​មក​រស់​នៅ​កម្ពុជា ជា​អចិន្ត្រៃយ៍​តាំង​ពី​ឆ្នាំ​១៩៩៤ ក្តី បុរស​ជនជាតិ​វៀតណាម ដែល​អះអាង​ថា មាន​ប្រពន្ធ​ជា​ស្ត្រី​ខ្មែរ​កាត់​ចិន​រូប​នេះ និយាយ​ថា លោក​ពុំ​សូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ច្រើន​ឡើយ តែ​លោក​អាច​ស្ដាប់​បាន។ ខុស​ពី​ជនជាតិ​វៀតណាម នៅ​កម្ពុជា ដែល​ភាគ​ច្រើន​អាច​និយាយ​ភាសា​ខ្មែរ​បាន បុរស​រូប​នេះ និយាយ​ថា ភាសា​ខ្មែរ​ធ្ងន់ ហើយ​ពេល​លោក​និយាយ​ម្តងៗ វា​រឹង​ពិបាក​ពេក ទើប​ធ្វើ​ឲ្យ​លោក​មិន​ចង់​និយាយ។

​លោក ង្វៀន យ៉ាំងផា ដែល​អួតអាង​ថា គ្រួសារ​លោក​សុទ្ធ​តែ​ជា​អ្នក​បដិវត្តន៍​នៅ​វៀតណាម ឲ្យ​ដឹង​បន្ថែម​ថា លោក​ពុំ​សូវ​បាន​ទៅ​ស្រុក​កំណើត​លេង​នោះ​ទេ តែ​យូរៗ​ម្ដង មាន​បងប្អូន​មក​ពី​វៀតណាម មក​សួរ​សុខទុក្ខ​លោក​នៅ​កម្ពុជា។ ដោយ​ឡែក​លោក​ថា ជនជាតិ​វៀតណាម ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​វៀតណាម ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ៖ «ជនជាតិ​វៀតណាម ពេល​នេះ ទៅ​ណា​វៀតណាម អស់​ហើយ ហើយ​ក្មេងៗ​ក៏​ទៅ​លេង​អស់​ដែរ ស្ងាត់​ណាស់ ៣​ថ្ងៃ​ចូល​ឆ្នាំ​នេះ គឺ​មិន​ឃើញ​ជនជាតិ​វៀតណាម​ទេ ផ្ទះសម្បែង​អី​គេ​បិទ​ទ្វារ​អស់​ហើយ គេ​ទៅ​ចូល​ឆ្នាំ​អស់​ហើយ»

​ជនជាតិ​វៀតណាម​ដែល​ឡើង​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគ​ច្រើន​ប្រមូល​ផ្ដុំ​គ្នា​រស់​នៅ​តាម​ច្រាំង​ទន្លេ ឬ​លើ​ទឹក ប្រកប​របរ​ជា​អ្នក​នេសាទ។ ចំណែក​អ្នក​រស់​នៅ​លើ​គោក​វិញ ភាគ​ច្រើន​ប្រកប​របរ​ជា​អ្នក​លក់​ដូរ​ម្ហូប​ចំណី ភេសជ្ជៈ ជា​ជាង​សំណង់ ជាង​ធ្វើ​សោ ជាង​ដេរ​ស្បែក​ជើង ឬ​ជា​អ្នក​ដើរ​ទិញ​អីវ៉ាន់​ចាស់ៗ ដែល​គេ​ហៅ​ជា​ទូទៅ​ថា ទំនិញ​អេតចាយ​ជាដើម។

​ទោះ​ជា​មិន​មាន​របាយការណ៍​ជាក់លាក់​ពី​ចំនួន​ជនជាតិ​វៀតណាម ទាំង​អស់​នៅ​កម្ពុជា ក្តី តែ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥  សមត្ថកិច្ច​កម្ពុជា បាន​ឃាត់​ខ្លួន និង​បណ្ដេញ​ជនបរទេស​ដែល​រស់​នៅ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​កម្ពុជា សរុប ៥.៨០៨​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម គឺ​មាន​រហូត​ដល់ ៥.១៧៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។