ថ្នាក់​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​រង​ការ​ចោទ​ថា​ចាក់​ដី​លុប​ឆ្នេរ​បំផ្លាញ​ព្រៃ​កោងកាង

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​អះអាង​ថា រាល់​ថ្ងៃ​នេះ សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ដើម​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ នា​មូលដ្ឋាន​ឃុំ​បិតត្រាំង ដោយ​ថ្នាក់​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មាន​អំណាច​ច្រើន​ទៀត បាន​បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ទេ។

បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បិតត្រាំង និង​ភូមិ​គគីរ បាន​ទទួល​ស្គាល់​ថា មូលដ្ឋាន​នេះ​ពិត​ជា​មាន​សកម្មភាព​ប្រើ​គ្រឿងចក្រ​ដឹក​ដី​ចាក់​លុប​មាត់​សមុទ្រ និង​បំផ្លាញ​ដើម​កោងកាង​ធ្វើ​កម្មសិទ្ធិ​ពិត​មែន ប៉ុន្តែ​បទល្មើស​នេះ​វា​ហួស​ពី​សមត្ថកិច្ច​ហាម​ឃាត់​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​គ្មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ឆ្នេរ​សមុទ្រ និង​ដី​ព្រៃ​កោងកាង​ជម្រក​មច្ឆា​សមុទ្រ ដែល​ត្រូវ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ឃុបឃិត​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​បាន​ចោទ​ថា អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ច្រើន​ទៀត ដែល​កំពុង​មាន​តួនាទី​ក្នុង​ជួ​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ដើម​កោងកាង ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង យ៉ាង​អនាធិបតេយ្យ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដោយ​ថ្នាក់​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត ជាពិសេស​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ចំណី​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​គង់វង្ស។ ជាង​នេះ​ទៀត ក៏​ដើម្បី​ជួយ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃ​កោងកាង ដែល​ជា​ជម្រក​មច្ឆា​សមុទ្រ​នា​មូលដ្ឋាន​នេះ ដែល​កំពុង​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។ លោក សុខ សុខុម បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​បាន​ទុក​បណ្តោយ​ឲ្យ​មន្ត្រី​មាន​តួនាទី​ដឹក​នាំ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ អាច​ធ្វើ​សកម្មភាព​គ្មាន​ការ​ទប់ស្កាត់​បែប​នេះ។ ប្រការ​នេះ គឺ​ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ដាក់​ឲ្យ​ថែ​រក្សា​ឆ្នេរ​សមុទ្រ​កុំ​ឲ្យ​បាត់បង់៖ «ឋានៈ​ផែ​ក៏ដោយ ឬ​ឋានៈ​ប៉ុណ្ណា​ក៏ដោយ ប្រសិន​បើ​ការ​កាន់​កាប់​ដី​រដ្ឋ​មិន​ស្រប​ច្បាប់ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ និង​ដក​ហូត​ដី​រដ្ឋ​ទាំង​នោះ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ពីព្រោះ​ទុក​បណ្តោយ​ឲ្យ​បុគ្គល​មាន​អំណាច មាន​សិទ្ធិ​មក​កាន់​កាប់​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​បាន ដោយ​គ្មាន​ការ​ហាម​ឃាត់ ហើយ​ចុះ​ហេតុ​អ្វី​ប្រជាពលរដ្ឋ​សាមញ្ញ​កាន់​កាប់​មិន​បាន។ ដូច្នេះ​សូម​ឲ្យ​ការ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក សុខ ចាន់ណារ៉ា ទទួល​ស្គាល់​ថា មូលដ្ឋាន​នេះ​ពិត​ជា​មាន​សកម្មភាព​ចាក់​ដី​ទន្ទ្រាន​កាន់​កាប់​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ព្រៃ​កោងកាង​ពិត​មែន ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​វា​ហួស​ពី​សមត្ថកិច្ច​ភូមិ​ត្រូវ​ដោះស្រាយ។ ប្រធាន​ភូមិ​គគីរ បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​ជួយ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​អភិរក្ស​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ឬ​ទុក​ជូន​សាធារណជន​ចូល​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ៖ «សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នេះ គឺ​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​បារម្ភ​អត់​មាន​ឆ្នេរ​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចូល​ទៅ​កម្សាន្ត»

ស្រដៀង​គ្នា​ដែរ ប្រធាន​ឃុំ​បិតត្រាំង លោក អ៊ឹង សារ៉ុម ដែល​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​លុប​ចូល​មាត់​សមុទ្រ​ដោយ​មន្ត្រី​មាន​អំណាច ក៏​ទទួល​ស្គាល់​ថា ពិត​ជា​មាន​សកម្មភាព​ចាក់​ដី​លុប​មាត់​សមុទ្រ​ធ្វើ​កម្មសិទ្ធិ និង​បំផ្លាញ​ដើម​កោងកាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នា​មូលដ្ឋាន​នេះ​ពិត​មាន។ លោក​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​បទល្មើស​រំលោភ​ឆ្នេរ​សមុទ្រ​ធ្វើ​កម្មសិទ្ធិ​ឲ្យ​បាន​ទាន់​ពេល បើ​ពុំ​នោះ​ទេ ឆ្នេរ​សមុទ្រ និង​ព្រៃ​កោងកាង​នា​មូលដ្ឋាន​ឃុំ​បិតត្រាំង នឹង​ត្រូវ​បំផ្លាញ​អស់​គ្មាន​សល់៖ «អាជ្ញាធរ​ស្រុក-ខេត្ត ឬ​មន្ទីរ​បរិស្ថាន​ដែល​លោក​មាន​ជំនាញ​ខាង​ផ្នែក​អភិរក្ស​ឆ្នេរ ស្នើ​ឲ្យ​លោក​ជួយ​ពិនិត្យ​មើល តើ​ការ​ចាក់​ដី​នៅ​ចូល​ទៅ​ក្នុង​សមុទ្រ​ស្ថិត​ក្នុង​ភូមិ​គគីរ មាន​បច្ចេកទេស​ត្រឹមត្រូវ ឬ​ត្រូវ​ច្បាប់​ដែរ​ឬ​ទេ? ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ពិនិត្យ និង​បកស្រាយ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចម្ងល់ និង​ចោទ​អាជ្ញាធរ​មិន​បាន​ជួយ​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​តំបន់​នេះ»

បើ​ទោះ​បី​ជា​លោក​មេ​ភូមិ​គគីរ និង​លោក​មេ​ឃុំ​បិតត្រាំង មិន​បាន​បង្ហាញ​ឈ្មោះ និង​តួនាទី​របស់​បុគ្គល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ដើម​កោងកាង​បែប​ណា​ក្តី ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខ្លះ​បម្រើ​ការ​នៅ​សាលា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរ​សមុទ្រ​នា​មូលដ្ឋាន​ភូមិ​គគីរ គឺ​លោក លូ គឹមឈុន ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​តំណែង​សព្វថ្ងៃ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក លូ គឹមឈុន ដើម្បី​បំភ្លឺ​លើ​បញ្ហា​នេះ​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា លោក លូ គឹមឈុន បាន​យល់ព្រម​ជីក​យក​អាចម៍​ដី​ដែល​មេការ​របស់​លោក​ចាក់​លុប​ឆ្នេរ​សមុទ្រ​ឲ្យ​មាន​ចម្ងាយ ៥០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វិញ​ហើយ ហើយ​ករណី​នេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​អគ្គនាយក​កំពង់ផែ​រូប​នេះ​ហើយ​ដែរ។ លោក​បន្ត​ថា លោក លូ គឹមឈុន មិន​ជំទាស់​នឹង​សេចក្តី​សម្រេច ឬ​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​នោះ​ទេ៖ «ខ្ញុំ​បាន​ឲ្យ​ខាង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កាយ​យក​ដី​ដែល​ចាក់​លុប​ឆ្នេរ​សមុទ្រ​វិញ​ហើយ ដោយ​ខាង​កំពង់ផែ​យល់ព្រម​កាយ​ដី​ចេញ​វិញ។ ហើយ​ខេត្ត​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ខាង​ភាគី​កំពង់ផែ​នេះ​រួច​ហើយ។ តាម​ផែនការ​ខេត្ត គឺ​តម្រូវ​ឲ្យ​កំពង់ផែ​នេះ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ឲ្យ​បាន ៥០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ ហើយ​ខាង​ភាគី​កំពង់ផែ​ក៏​យល់ព្រម​ដែរ»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា នឹង​រង់ចាំ​មើល​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​នេះ តើ​អាច​ទប់ស្កាត់​សកម្មភាព​ខុស​ច្បាប់​របស់ លោក លូ គឹមឈុន នៅ​មូលដ្ឋាន​ភូមិ​គគីរ ឃុំ​បិតត្រាំង មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ? មន្ត្រី​អង្គការ ស៊ី.អ៊ិន.រ៉ូ លោក សុខ សុខុម អះអាង​ថា តាម​ការ​សង្កេត​ជាក់ស្តែង​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ ទៅ​ហើយ មិន​ទាន់​ឃើញ​មាន​សកម្មភាព​ជីក​កាយ​ដី​ដែល​បុគ្គល លូ គឹមឈុន ចាក់​លុប​សមុទ្រ​នោះ ត្រូវ​បាន​កាយ​ចេញ​ពី​ឆ្នេរ​សមុទ្រ​ឲ្យ​មក​សភាព​ដើម​វិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។