ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ធំ ៖ ករណី​ខាងលើ​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់ ដោយសារ​តែ​ដើមឈើ​គ្រញូង​១​ដើម​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ នៅ​ចំណុច​គោក​អ្នកតា ក្នុង​ព្រំប្រទល់​ស្រុក​ស្ទោង និង​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ឆ្លើយ​ថា​មិនដឹង​។

លោក​វរសេនីយ៍ត្រី ឃុន ប៊ុ​ន​ហូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​នៅ​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦  លោក​បាន​ទទួល​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា មាន​ឈ្មួញ​៥​ទៅ​៦​នាក់ បាន​កំពុង​តែ​លួច​អារឈើ​គ្រញូង ស្ថិត​នៅ​ព្រំប្រទល់​ស្រុក​ស្ទោង ក្រោយមក​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង លុះ​មក​ដល់ទី​តាំង​ប្រព្រឹត្ត​បទល្មើស ទើប​ដឹង​ថា  សកម្មភាព​ដែល​ឈ្មួញ​បាន​លួច​អារ​ដើម​គ្រញូង​នោះ គឺ​ស្ថិត​នៅ​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ តែ​ត្រូវ​បាន​ជនសង្ស័យ​ដឹងខ្លួន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ លោក​ក៏​សុំ​គោលការណ៍​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ធ្វើការ​ឃាត់​ដឹកឈើ​គ្រញូង​ចេញ​របស់​ឈ្មួញ បន្ទាប់​ពី​បាន​លួច​អារ​រួច​នៅ​ចំណុច​គោក​អ្នកតា ដែល​អ្នក​ភូមិ​រក្សា​ទុក​មក​យូរហើយ​នោះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​ធ្វើការ​បង្ក្រាប​ដឹកឈើ​គ្រញូង​មិន​ឲ្យ​ដឹក​ចេញ ដោយ​ប្រមូល​បាន​ឈើ​គ្រញូង​ចំនួន​១៦​ដុំ​លើកដាក់​រថយន្ត​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​កង រាជអាវុធហត្ថ​ស្រុក​ស្ទោង ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​រក្សា​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៦​។ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កងរាជ អាវុធ​ហត្ថ​កំពុង​តែ​អនុវត្ត​តួនាទី​បង្ក្រាប​ការ​លួច​អារឈើ​គ្រញូង ក៏​បាន​ប្រទះ​ពាក្យ​សម្តី​ជាមួយនឹង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ​នាំ​គ្នា​មក​ហ៊ុម​ព័ទ្ធ​រថយន្ត​របស់​កងរាជ​អាវុធហត្ថ និង​សួរនាំ ដោយ​ចោទ​ថា ជា​ក្រុម​មក​លួច​ដឹកឈើ​គ្រញូង រហូត​ឈាន​ដល់​ការ​ឡើង​សរសៃ​.​ក​ដាក់​គ្នា​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ។

លោក ឈិ​ន ឈុំ អធិការ​ដ្នា​ន​នគរបាល​ស្រុក​ប្រសាទ​បល្ល័ង្ក ប្រាប់​ថា ពិតជា​មានការ​ភាន់ច្រឡំ​ប៉ះ​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច​មែន តែ​លោក​បាន​បញ្ជា​មិន​ឲ្យ​តបត ហើយ​ដក​កម្លាំង​មក​វិញ ៕

លោក ភោគ វិ​ចិ​ត្រា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ ប្រាប់​ថា ចំពោះ​ករណី​លួច​អារឈើ​គ្រញូង​ខាងលើ​នេះ ខាង​ជំនាញ​របស់​លោក​ពុំ​បានដឹង​នោះ​ទេ ដោយសារ​តែ​សកម្មភាព​នេះ​នៅ​ឆ្ងាយ ហើយ​គ្មាន អ្នក​ណា​រាយការណ៍​ដល់​លោក ខាង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃដល់ ចំពោះ​ឈើ​គ្រញូង​ទាំង ១៦​ដុំ ស្មើនឹង​០,៥៥៤​ម៉ែត្រគូប ត្រូវ​បាន​ដឹក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​៕