ឃើញ​អ្នក​ណា​ក៏​ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ


ឃើញ​អ្នក​ណា​ក៏​ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ

 

និយាយ​ដោយ​ស្មោះ​ទៅ​បើ​ទោះ​បី​ជា​កាលពី​នៅ​រៀន​វិទ្យាល័យ​ខ្ញុំ​នេះ​ធ្លាប់​ខូចខិល​ឃើញ​អ្នកនេះ​ក៏​crush អ្នកនោះ​ក៏​crush ក៏​ពិត​មែន​ក៏ប៉ុន្តែ​ស្នេហា​ដែល​ខ្ញុំ​មាន​ជា​លើកដំបូង​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូលរៀន​សកលវិទ្យាល័យ​ឯនេះ​ទេ។

 

គឺ​ជា​ឆ្នាំ​ទី​ពីរ​នៃ​មហាវិទ្យាល័យ​នីតិសាស្ត្រ​បន្ទាប់​ពី​ថ្ងៃ​បវេសនកាល​ថ្មី​មកដល់​ដែល​កាលនោះ​នៅ​ក្នុង​ថ្នាក់​ខ្ញុំ​មិន​ស្គាល់​នរណា​ផ្សេង​ទេ​ក្រៅ​តែ​ពី​មិត្ត​រួមសុខ​រួម​ទុក្ខ​របស់ខ្ញុំ​ពីរ​នាក់​ដែល​បន្ត​មកពី​ឆ្នាំ​មូលដ្ឋាន​ជាមួយ​ខ្ញុំ។

 

បន្តិចក្រោយមក​ខ្ញុំ​ក៏បាន​ឃើញ​នារី​ក្មេង​ស្អាត​ម្នាក់​ពាក់​វ៉ែនតា​ធំ​ៗ មុខ​ cuteម្នាក់​ញញឹម​ដាក់​ខ្ញុំ​ហើយ​ហៅ​ខ្ញុំ​ទៅ​អង្គុយ​ជិត​នាង​ព្រោះ​កាលនោះ​ខ្ញុំ​មិនបាន​យក​សៀវភៅ​ទៅ​ទេ​ហេតុដូច្នេះ​ហើយក៏​អាស្រ័យ​មើល សៀវភៅ​ជាមួយ និង​ គេ​ទៅ។

 

អារម្មណ៍​របស់ខ្ញុំ​នា​ពេលនោះ​អាច​និយាយ​បាន​ថា​អៀន​ក៏បាន ​អរ​ក៏បាន ​ព្រោះ​មិន​ងាយ​ឯណា​បាន​អង្គុយ​ជិត​ស្រី​ស្អាត។ គួរ​រំលឹក​ផង​ដែរ​ថា​ គេ​ម្នាក់​នោះ​ និង​ខ្ញុំ​ធ្លាប់​រៀន​គួរ​ត្រៀម​មុននឹង​ប្រលង​ចូលរៀន​ឆ្នាំ​ទី​ពីរ​រួមគ្នា​តែ​មិនដែល​មានឱកាស​បាន​និយាយ​រកគ្នា​ទេ។ ប៉ុន្តែ​តាម​ពិត​ទៅ​ខ្ញុំ​បាន ​crush នាង​តាំងពី​ឃើញ​មុខ​លើកដំបូង​ម្ល៉េះ​ បើ​និយាយ​អោយ​ចំ​ទៅ​គឺ ​love at the first sight ដែល​លក្ខណៈ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត​តែ​ម្ដង។

 

ចាប់​ពី​ពេល​នោះ​មក​ពួក​យើង​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ជាពិសេស​គឺ​ខ​ល​រកគ្នា​ រឺ ​ក៏​ឆាត​ពិភាក្សា​ពី​មេរៀន​ដែល​មិន​យល់​ត្បិត​អី​ខាង​ផ្នែក​នីតិសាស្ត្រ​ហើយ​ត្រូវ​រៀន​ជា​ភាសាបរទេស​ទៀត​ពិតជា​មិន​ងាយស្រួល​ទេ។

 

នាង​ជា​មនុស្ស​ម្នាក់​មិនសូវ​ចេះ​មាត់ក​ប៉ុន្មាន​ទេ​ប៉ុន្តែ​ជា​មនុស្ស​ចេះ​យកអាសា​ដោយ​ឧស្សាហ៍​រំលឹក​ខ្ញុំ​អំពី​ការងារ​ដែល​គ្រូ​ដាក់​អោយ​ហើយ​ថែមទាំង​ពេលខ្លះ​ផ្ញើ​មេរៀន​ផ្សេង​ៗ​មក​អោយ​ខ្ញុំ​ទៀត​ផង​ពេល​ដែល​ខ្ញុំ​ខកខាន​មិនបាន​ទៅ​សាលា។

 

ចិត្ត​ដែល​ខ្ញុំ​មាន​លើ​នាង​គឺ​កាន់តែ​ជ្រាលជ្រៅ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ទាំង​ដែល​ដឹង​ថា​ខ្លួន​គ្មាន​វាសនា​ឡើយ​ព្រោះ​គេ​ជា​ស្រី​ស្អាត ​ព្រមទាំង​រៀន​ពូកែ​ហើយ​ថែមទាំង​គ្រួសារ​ធូរធារ​ទៀត។ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បោះបង់​នូវ​កូន​ចិត្ត​លួច​ស្រលាញ់​មួយ​នេះ​ដែរ​ហើយក៏​កែប្រែ​វា​ទៅជា​ការ​ខំ​រៀន​ដើម្បី​អាច​យក​មេរៀន​ដែល​បាន​យល់​ទៅ​ពន្យល់​គេ​នោះ​បាន​ ព្រោះ​ការដែល​រៀន​ពូកែ​ក៏​ជា​កត្តា​ទាក់ទាញ​ម្យ៉ាង​ដែរ​ដើម្បី​អោយ​គេ​មើល​ឃើញ​ថា​យើង​ជា​មនុស្ស​ប្រុស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់។

 

នា​ល្ងាច​ថ្ងៃមួយ​ក្រោយពេល​ចេញពី​រៀន​ដូច​សព្វមួយដង​ពេល​មក​ដល់​ផ្ទះ ​បន្ទាប់ពី​សម្អាត​ខ្លួន​និង​ស្រស់ស្រូប​អាហារ​រួចហើយ ​ពួក​យើង​ក៏​ចាប់​ផ្ដើម​ឆាត​សន្ទនា​ដូច​រាល់ដង ​តែ​អ្វី​ដែល​ពិសេស​គឺថា​ខ្ញុំ​ហ៊ាន​ណាស់​នា​ពេល​នោះ​! គឺ​ហ៊ាន​សារភាព​ប្រាប់​គេ​ត្រង់​ៗ​ទាំង​ដែល​មិនទាន់​ដឹង​ពី​ចិត្ត​គេ​ច្បាស់​នៅ​ឡើយ។

 

ទន្ទឹមគ្នា​នោះ​ដែរ​នាង​ក៏​មិនបាន​ឆ្លើយតប​អ្វី​ដែរ​ តែ​នាង​ថា​នាង​មិន​សប្បាយចិត្ត​ពេល​ឃើញ​ខ្ញុំ​ឆាត​ជាមួយ​អ្នក​ផ្សេង។ កិច្ច​សន្ទនា​រវាង​យើង​ទាំងពីរ​បាន​ចាប់​ផ្តើម​ពី​ម៉ោង៩យប់​រហូតដល់​ម៉ោង៣ទាបភ្លឺ​ខ្ញុំ​ក៏បាន​បញ្ចប់​ដោយ​ឆាត​ទៅ​គេ​ថា «No matter what, I will always love you even if you don’t like me. Bonne nuitchérie, je t’aime!» ជា​ភាសា​អង់គ្លេស​គឺ​មាន​ន័យ​ថា Good night honey, I love you។ហើយ​នាង​ក៏​តប​វិញ​ថា «Love me don’t hurt me and don’t leave me no matter what. I love you too chérie!»។

 

ឃើញ​អ្នក​ណា​ក៏​ crush ក៏ពិតមែន! តែក៏ចេះខូចចិត្តដែរ

(រូបតំណាង)

 

 

ពេលនោះ​បេះដូង​លោត​ខុស​ចង្វាក់​ស្ទើរតែ​ធ្លា​យមក​ក្រៅ​តែ​ក៏​ខំ​សម្រួល​អារម្មណ៍​ ហើយ​ទៅ​ចូល​គេង​បាត់​ទៅ។ ស្នេហា​របស់​ពួក​យើង​បាន​ចាប់​ផ្ដើម​ពី​ពេលនោះ​មក​ហើយ​ខ្ញុំ​ស្រលាញ់​នាង​ខ្លាំង​ណាស់​ព្រោះ​នាង​ជា​ស្នេហ៍​ដំបូង​របស់ខ្ញុំ​ចំណែក​ឯ​ ខ្ញុំ​ក៏​ជា​ស្នេហ៍​ដំបូង​របស់​នាង​ដែរ។

 

នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ថា «បង​ហ្ហា! យើង​ទាំងពីរ​នាក់​ត្រូវតែ​ខំ​រៀន​ដើម្បី​យក​អាហារូបករណ៍​ទៅ​រៀន​បន្ត​នៅ​បរទេស»។ និយាយ​ដោយ​ស្មោះ​កាលនោះ​ខ្ញុំ​ខំ​តាំងចិត្ត​ប្រឹង​រៀន​សូត្រ​យ៉ាង​ខ្លាំង​អោយ​សម្រេច​អោយ​ខាង​តែ​បាន​នូវ​គោលបំណង​របស់​ពួក​យើង​ ហើយ​ថែមទាំង​គិត​ថា​នឹង​យក​នាង​ជា​គូ​អនាគត​ផង​ដែរ ​បន្ទាប់ពី​បានការ​ងារ​ល្អ​ក្រោយ​បញ្ចប់​ការសិក្សា។

 

ជា​អកុសល​រឿង​ល្អ​ពិតជា​មិន​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​មែន! ដោយសារតែ​ភាព​លំបាក​នៃ​ការសិក្សា​ហើយ​សុខភាព​របស់​ពួក​យើង​មិនសូវ​ជា​អំណោយផល​ទើប​បង្ក​អោយ​ពួក​យើង​មាន​ភាព​រកាំរកូស​នឹង​គ្នា​ជា​បន្តបន្ទាប់។

 

រហូតមកដល់​ថ្ងៃមួយ​នាង​បាន​ប្រាប់​ខ្ញុំ​ថា​សុំ​បែក​ដោយ​និយាយ​ថា «អូន​មិន​ចង់​បែក​ពី​បង​ទេ​ប៉ុន្តែ​ពេលនេះ​អូន​ត្រូវ​ការ​ពេល​រៀន​ ព្រោះ​បើ​នៅ​បន្ត​ពួក​យើង​រឹតតែ​ឈ្លោះ​គ្នា​ ហើយ​ណាមួយ​ជិត​ដល់ពេល​ប្រលង​ហើយ​អូន​មិនទាន់​ចេះ​អី​ទេ​អូន​ចង់​នៅ​ម្នាក់ឯង​សិន​ដើម្បី​រៀន»។ ខ្ញុំ​ក៏​យល់ព្រម​តាម​សំណើ​នាង​ទាំង​ភាព​ឈឺចាប់។ បើ​ទោះ​ជា​បែក​គ្នា​ក្ដី​ក៏​ពួក​យើង​នៅតែ​បន្ត​រាប់អាន​គ្នា​ហើយក៏​ខ្ញុំ​នៅតែ​យកចិត្តទុកដាក់​នឹង​នាង​បារម្ភ​ពី​នាង​ជានិច្ច។

 

មួ​យ​សប្ដាហ៍​រួច​មក​ហើយ​ដែល​ពួក​យើង​បាន​បែក​គ្នា​មើល​ទៅ​នាង​ហាក់​ដូច​ជា​សុខទុក្ខ​ធម្មតា​គ្រាន់តែ​មិនសូវ​ខ្វាយខ្វល់​ពី​ខ្ញុំ​ដូច​មុន​ឡើយ។ បន្តិចក្រោយមក​ខ្ញុំ​បាន​ឈ្វេងយល់​ការពិត​ថា​ការពិត​គឺ​គេ​ទៅ​មាន​អ្នក​ផ្សេង​ហើយ​ម្នាក់​នោះ​គឺជា​សង្សារ​ចាស់​របស់​នាង​ ទាំង​ដែល​ការ​គិត​ថា​ខ្ញុំ​ជា​ស្នេ​ហ៏​ដំបូង​នាង​គឺ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង។

 

ខ្ញុំ​ខូចចិត្ត​ណាស់! ​ខ្ញុំ​យំ! ​ខ្ញុំ​ខឹង​នាង!​ខ្ញុំ​ស្អប់​នាង! ពិតជា​ស្ដាយ​ពេលវេលា​ដែល​ខំ​ចំណាយ​ជាមួយ​នាង​ណាស់​ស្ដាយ​ចិត្ត​ដែល​ខំ​ស្មោះ​ទាំង​ដែល​មិន​ដឹង​ថា​នាង​កុហក​ខ្ញុំ​តាំងពី​ដំបូង។ ពី​ពេល​នោះ​មក​ពួក​យើង​ឈប់​និយាយ​រកគ្នា​ទៀតហើយ​ ហើយ​អ្វី​ៗ​គឺ​ប្រែប្រួល​ទាំងស្រុង​គឺ​ខណៈ​ពេល​ដែល​នាង​កំពុង​មាន​ក្ដី​សុខ​ជាមួយ​បុរស​ម្នាក់​នោះ​គឺ​ខ្ញុំ​កំពុងតែ​បៀម​ទុក្ខ​រីងរៃ។

 

ពេលវេលា​ចេះតែ​កន្លង​ហួស​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដំបៅ​ដួងចិត្ត​របស់ខ្ញុំ​បានជា​សះស្បើយ​បន្តិច​ម្ដង​ៗ​រហូត​ដល់​ភ្លេច​គេ​ស្ទើរតែ​ទាំងស្រុង។ ឥលូវ​នេះ​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ដោយ​ជោគជ័យ​ហើយ​ ហើយ​ឆាប់ៗ​នេះ​ខ្ញុំ​នឹង​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស ​ចំណែក​ឯ​នាង​ក៏​នឹង​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ផ្សេង​ដូចគ្នា​ពីព្រោះ​ការ​ខិតខំ​របស់​ពួក​យើង​កន្លងមក​ទើប​បណ្ដាល​អោយ​យើង​ទទួល​បាន​នូវ​លទ្ធផល​តបស្នង​ដូច្នេះ។

 

ពេលនេះ​យើង​ទាំងពីរ​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ពួក​យើង​ហើយ ​ប៉ុន្តែ​រវាង​ពួក​យើង​គឺ​មិន​ដូច​ពីមុន​ទៀត​ឡើយ​ព្រោះ​ទីនេះ​គ្មាន​រូប​នាង​ដូច​ពីមុន​ទៀត។ ខ្ញុំ​ចង់​ស្រែក​អោយ​ខ្លាំង​ៗ​ប្រាប់​គេ​ថា «បង​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ពួក​យើង​ហើយ» ប៉ុន្តែ​ខ្ញុំ​គ្មាន​ភាព​ក្លាហាន​នឹង​និយាយ​នោះ​ទេ។ខ្ញុំ​ចង់​ប្រាប់​គេ​ថា «អរគុណ​ដែល​ធ្លាប់​បាន​ធ្វើជា​កម្លាំងចិត្ត​អោយ​ខ្ញុំ​កន្លងមក» ហើយក៏​ចង់​ប្រាប់​គេ​ដែរ​ថា «អោយ​បង​សុំទោស​ដែល​បង​មើលថែ​អូន​មិន​បាន​ល្អ​ទើប​អូន​ត្រលប់​ទៅ​រក​គេ​បែបនេះ»។

 

ចុង​បញ្ចប់​ខ្ញុំ​មានតែ​ជូនពរ​អោយ​នាង​មាន​ក្ដី​សុខ​និង​ជួប​តែ​សំណាងល្អ។ ចំណែក​ឯ​រូប​ខ្ញុំ​វិញ​គឺ​គ្មាន​គិត​ពី​រឿងរ៉ាវ​ស្នេហា​អ្វី​ទៀត​នោះ​ទេ​ ក្រៅ​តែ​ពី​តាំងចិត្ត​ប្រឹង​ប្រឹង​សិក្សា​ដើម្បី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​របស់ខ្ញុំ​នេះ។ត្រូវ​ចេះ​ថែរក្សា​និង​អោយ​តម្លៃ​ទៅ​អ្វី​ដែល​យើង​មាន​នា​ពេល​បច្ចុប្បន្ន​ចៀសវាង​ការ​ស្ដាយ​ក្រោយ​នា​ថ្ងៃ​ខាងមុខ៕

 

 

អត្ថបទ៖ ទេព វីរៈ

 

ចុចអាន៖​ យក្ស​ពាក់​មុខ​ទេព្ដា

 

អានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់

 

មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើមកកាន់ e-mail: [email protected]

[email protected]ទទៅកាន់លេខ ០១០ ៧០០ ៧២៧