កម្ពុជា-យូនីសេហ្វ ផ្តើមកិច្ចសហប្រតិបត្តិការ លើផែនការ សកម្មភាពថ្មី ប្រចាំប្រទេស សម្រាប់ ឆ្នាំ២០១៦-២០១៨

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្កការយូនីសេហ្វ នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បានចុះហត្ថលេខា ជាផ្លូវការលើផែនការសកម្មភាព នៃកម្មវិធីប្រចាំប្រទេសថ្មី សម្រាប់ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ។ ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅទីស្តី ការក្រសួងផែនការ ក្រោមវត្តមានលោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី  Debora Comini ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។

ផែនការសកម្មភាពនេះ ត្រូវបានកំណត់និងឆ្លើយតបទៅនឹងឧបសគ្គចម្បងៗ ដែលបានរារាំង នូវការទទួលបាននូវសិទ្ធិរបស់កុមារនៅកម្ពុជា រួមទាំងបានបង្ហាញនូវវិស័យសំខាន់ៗ សម្រាប់កិច្ច សហប្រតិបត្តិការក្នុងរយៈពេលបីឆ្នាំខាងមុខ។ កម្មវិធីថ្មីប្រចាំប្រទេសនេះ ចែកចេញជា សមាសភាគ បួនសំខាន់ៗរួមមាន៖ ១-ការរស់រានមានជីវិត ការថែទាំ និងអភិវឌ្ឍន៍កុមារតូច ២-ការអប់រំប្រកប ដោយគុណភាពនិង បរិយាប័ន្ន ៣-បរិស្ថានការពារ និងទី៤-បរិយាប័ន្នសង្គមនិងអភិបាលកិច្ច។ ថវិកាដែលត្រូវការ សម្រាប់ដំណើរការកម្មវិធីរយៈពេលបីឆ្នាំនេះ មានប្រមាណ៦៥លានដុល្លារ។

លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្នមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា “កម្មវិធីសហ ប្រតិ បត្តិការ របស់យើងជាមួយនឹងយូនីសេហ្វកន្លងមក បានចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់ នៅរបស់កុមារនិងស្រ្តីជាច្រើន តាមរយៈការអភិវឌ្ឍ និងការអនុវត្តគោល នយោបាយនិងច្បាប់នានា ក៏ដូចជាការ កែលំអប្រព័ន្ធនិងការផ្តល់សេវាកម្មរបស់យើងផងដែរ”។

លោកទេសរដ្ឋមន្រ្តីបន្ថែមថា “យើងក៏ទទួលស្គាល់ផងដែរថា នៅមានកុមារជាច្រើនទៀត ពុំទាន់ទទួល បានការគាំទ្រ។ យើងសប្បាយរីករាយដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះ នឹងផ្តោតការយកចិត្ត ទុកដាក់លើកុមារ ដែលងាយរងគ្រោះបំផុត ដែលធ្វើឲ្យមានកុមារ កាន់តែច្រើននៅកម្ពុជាមាន ឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អនិងផលិតភាពខ្ពស់”។

លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “សព្វថ្ងៃពេល ដែលកុមារកម្ពុជាកំពុងចម្រើនពេញវ័យ នៅក្នុងដំណាក់កាល ដែលសង្គមនិងសេដ្ឋកិច្ច មានការផ្លាស់ ប្តូរខ្លាំង ភាពរីកចម្រើនមិនបានផ្តល់ផលប្រយោជន៍ស្មើគ្នាដល់ប្រជាជនគ្រប់រូបទ្បើយ។ វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀត នៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែល នឹងប៉ះពាល់ដល់សង្គមទាំងមូល។ ការវិនិយោគលើកុមារ គឺជាការវិនិយោគដ៏ល្អបំផុត ដែលប្រទេស កម្ពុជាអាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន។”

យូនីសេហ្វបាននឹងកំពុងធ្វើការនៅកម្ពុជា ដើម្បីលើកកម្ពស់និងការពារសិទ្ធិកុមារ ដោយបានចាប់ផ្តើម ការងាររបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ១៩៥២ និងបានបើកការិយាល័យដំបូងក្នុងឆ្នាំ១៩៧៣ ក្រោមកិច្ចខិត ខំប្រឹងប្រែង រួមគ្នារវាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ យូនីសេហ្វ និងភ្នាក់ងារ អភិវឌ្ឍន៍ដទៃទៀត ភាពរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើនត្រូវបានធ្វើឲ្យកើតមានឡើង សម្រាប់ផ្តល់ អត្ថប្រយោជន៍ដល់ស្រ្តីនិងកុមារក្នុងប្រទេសកម្ពុជានៅលើវិស័យជាច្រើន ។ ប្រទេសកម្ពុជា មានចំនួន កុមារនិងក្មេងជំទង់ប្រមាណ៤៥ភាគរយនៃប្រជាជនសរុបមានអាយុតិចជាងឬស្មើ១៩ឆ្នាំ ។

សូមបញ្ជាក់ថា កម្មវិធីប្រចាំប្រទេសរបស់យូនីសេហ្វឆ្នាំ២០១៦-២០១៨ នឹងដំណើរការសម្រាប់ទូទាំង ប្រទេស ដោយនឹងផ្តោតសំខាន់ទៅលើខេត្ត ស្រុក និងឃុំ ទាំងទ្បាយណាដែលមានគម្លាតខ្ពស់ និងសូចនាករ អភិវឌ្ឍន៍កុមារមិនល្អ ដើម្បីធានាថាអន្តរាគមន៍នឹងអាចទៅដល់កុមារដែលងាយរងគ្រោះ និងលំបាកបំផុត៕

កម្ពុជា-យូនីសេហ្វ ផ្តើមកិច្ចសហប្រតិបត្តិការ លើផែនការ សកម្មភាពថ្មី ប្រចាំប្រទេស សម្រាប់ ឆ្នាំ២០១៦-២០១៨