ជនជាតិ ហូឡង់ វាយកម្ទេច ទ្រព្យសម្បត្តិនគរបាល និងកាត់សោរ បន្ទប់ឃុំឃាំង ត្រូវដោះលែង ដោយពិន័យ ៤លានរៀល

ភ្នំពេញ៖ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណី បានសម្រេចដោះលែង បុរសជនជាតិហូឡង់ម្នាក់ ដែលត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ បញ្ជូនមកដើម្បីសាកសួរ ពីដំណើររឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងកាត់សោរនៅក្នុងបន្ទប់ឃុំឃាំង របស់សមត្ថកិច្ចបម្រុងរត់គេចខ្លួន ប៉ុន្តែជនជាតិហូឡង់រូបនេះ ត្រូវបានពិន័យប្រាក់ចំនួន ៤លានរៀល ហើយនីតិវិធីសវនាកា នៅតែបន្តដដែលនៅពេលខាងមុខឆាប់ៗនេះ។

បើតាមមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានសួរនាំ បុរសជនជាតិហូឡង់ នេះអស់មួយព្រឹក លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង ឲ្យមានសេរីភាពឡើងវិញ ដោយបានពិន័យប្រាក់ចំនួន ៤លានរៀល តែ សំណុំរឿងនេះ តុលាការនៅតែ បន្តនីតិវិធីដដែល ពោល គឺនឹងបើកសវនាការ ជំនុំជម្រះនាពេលឆាប់ៗខាងមុខ។

លោក Niels Heico Come Van Klooster អាយុ ២៨ឆ្នាំ ជនជាតិហូឡង់ កាន់លិខិតឆ្លងដែនលេខ NRB71J130 ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានទីលំនៅផ្ទះជួល លេខ១២ ផ្លូវលេខ២៤០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបាននគរបាលចរាចរណ៍ ឃាត់ខ្លួនកាលពី រំលងអាធ្រាត្រថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មូលហេតុនៃការឃាត់ខ្លួននេះ ត្រូវរាយការណ៍មកថា នៅយប់កើតហេតុ គណៈកម្មការចម្រុះ ចុះត្រួតពិនិត្យគ្រឿងស្រវឹង បានធ្វើការឃាត់ខ្លួន បុរសជនជាតិហូឡង់រូបនេះ ជិះម៉ូតូម៉ាក YAMAHA FINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1B-6409 ក្នុងស្ថានភាពស្រវឹង មានកម្រិតជាតិអាកុល 0,94mg/l។ រួចបាននំាយកទៅឃាត់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំង នៃការិយាល័យចរាចរណ៍ផ្លូវគោក តែជននេះ បានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអង្គភាព ដោយគាស់សោរ និងបុកទំលាយពិដាន ក្នុងបំណងរត់គេចខ្លួន៕

ជនជាតិ ហូឡង់ វាយកម្ទេច ទ្រព្យសម្បត្តិនគរបាល និងកាត់សោរ បន្ទប់ឃុំឃាំង ត្រូវដោះលែង ដោយពិន័យ ៤លានរៀល

ជនជាតិ ហូឡង់ វាយកម្ទេច ទ្រព្យសម្បត្តិនគរបាល និងកាត់សោរ បន្ទប់ឃុំឃាំង ត្រូវដោះលែង ដោយពិន័យ ៤លានរៀល