ក្រសួង ឧស្សាហកម្ម អំពាវនាវ ឲ្យក្រុមហ៊ុន មួយចំនួន ចុះបញ្ជី និងទទួលទិដ្ឋាការ ពីវិទ្យាស្ថាន ស្ដង់ដារកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអំពាវនាឲ្យក្រុមហ៊ុនមួយចំនួនមកចុះ បញ្ជីវិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធគ្រប់គ្រង នៅវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម។

ការអំពាវនាវរបស់ក្រសួងនេះ  ក្រោយពីមានក្រុមហ៊ុនមួយចំនួន ក្លែងបន្លំផ្សព្វផ្សាយ ពីការទទួលបានវិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធគ្រប់គ្រងនេះដែរ តាមការពិតក្រុមហ៊ុនទាំងនោះ ពុំបានទទួលវិញ្ញាបនបត្របញ្ជាក់ ប្រព័ន្ធគ្រប់គ្រងមួយណានៅឡើយទេ។

យោងតាម សេចក្ដីជូនដំណឹងក្រសួងឧស្សាហកម្ម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា “ យោងតាមមាត្រា៤៨ នៃច្បាប់ស្ដីពីស្ដង់ដារកម្ពុជា បានចែងថា គ្មានបុគ្គល ឬអង្គភាពណាមួយ អាចផ្សព្វផ្សាយ ពាណិជ្ជកម្ម អំពីការទទួលវិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធណាមួយ ទោះបីអង្គភាពនោះបាន ទទួលវិញ្ញាបនបត្រចេញដោយ អង្គភាព ចេញវិញ្ញាបនបត្រនៅក្នុងប្រទេស ឬក្រៅប្រទេសក៏ដោយ វៀរលែងបាន ចុះបញ្ជី និងបានទទួលទិដ្ឋាការ ពីវិទ្យាស្ថានស្ដង់ដារកម្ពុជា”។

ក្រសួងឧស្សាហកម្ម ណែនាំដល់ក្រុមហ៊ុន ឬអង្គភាពណាមួយ ដែលទទួលបានវិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធគ្រប់គ្រង ឲ្យចុះបញ្ជីនិងទទួល ទិដ្ឋាការពីវិទ្យាស្ថានស្ដង់ដារកម្ពុជា មុននឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយណាមួយ។ ជនណាដែលបន្លំ ឬផ្សព្វផ្សាយ ពាណិជ្ជកម្មដោយពុំបានស្នើសុំទិដ្ឋាវិទ្យាស្ថានស្ដង់ដារកម្ពុជាទេ នឹងត្រូវទទួលទោសតាមច្បាប់ ស្ដង់ដារកម្ពុជា៕

ក្រសួង ឧស្សាហកម្ម អំពាវនាវ ឲ្យក្រុមហ៊ុន មួយចំនួន ចុះបញ្ជី និងទទួលទិដ្ឋាការ ពីវិទ្យាស្ថាន ស្ដង់ដារកម្ពុជា