ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង​ ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ក្រុង​ពាលី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផែបណ្តែត​ទឹក​ថ្មីចំនួន​២ ​ស្ថិត​ក្នុង​ឃុំផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១១ ​​កុ​ម្ភៈ ​២០១៦​​ ថា​ ​ការ​ប្រារ​ព្ធ​ពិធី​ក្រុង​ពាលី​នេះ​ គឺជា​ទំនៀម​ទម្លាប់​​ប្រពៃណីរបស់​ដូនតាពី​បុរាណ​កាល​មក ដែល​យើង​ត្រូវ​​ធ្វើ​ពិធី​​សែន​ព្រេ​ន​ដល់​អ្នកតា លោកយាយ​ជា​អ្នក​ថែរក្សា ទឹកដី​ព្រៃ​ព្រឹក្សា និង​ស្តេច​ក្រុង​ពាលី​ជា​ម្ចាស់​ទឹកដី​ព្រៃ​ភ្នំ ដើម្បី​សុំ​សេចក្តីសុខ​ដល់​កូនចៅ និង​ប្រជា​ពលរដ្ឋ​ក្នុង​ការ​កសាង​ស​មិ​ទ្ធផល​អ្វីមួយ​ ។

​លោក​អភិ​បាល​​បាន​បន្ត​ថា ពិ​ធី​នេះ​ត្រូវ​បានសែន​ព្រេនឱ្យ​​អា​រុក្ខ​អារក្ស អ្នកតា ម្ចាស់​ទឹក ម្ចាស់​ដី តាម​ប្រពៃណី​បុរាណ​ដើម្បី​សុំ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ ជា​ទូទៅ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដែលជា​អ្នក​ប្រើប្រាស់​ផែ​ដែក​នេះ ​ព្រោះថា​នៅ​រដូវ​ចូល​ឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ម្តង​ៗ​... មាន​ប្រជាពលរដ្ឋ​​​ធ្វើ​ដំណើរ​ឡើង​ចុះឆ្លងកាត់​ច្រើន​ណាស់ មាន​ពេល​ខ្លះ​បើ​យើង​មិន​ជឿ និង​មិន​បន់ស្រន់​សែន​ព្រេន​ឱ្យ​​ដូនតា​ទេ ក៏​យើង​មិនសូវបាន​សេចក្តីសុខ​ដែរ​ ។

លោក​អភិបាលខេត្ត​បន្ត​ថា ផែបណ្តែត​ទឹក​ដែល​​សម្ពោធ​ដាក់​ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃនេះ​ មាន​​ចំនួន​២​គ្រឿង​ គឺ​១គ្រឿងដាក់​នៅ​ទី​នេះ ​និង​១​គ្រឿង​ទៀត​ដូច​គ្នា​នេះ​​​ដែរ ដាក់​នៅ​កំពង់​ផែ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ផែ​ទាំង​២នេះ​ ត្រូវ​បាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ​បាន​កសាង​ឡើង​ដាក់​ឱ្យ​​ប្រើប្រាស់ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដូច​ជា​ចត​កាណូត​​ កាណូត​ដឹក​ផល​នេសាទ​ កាណូត​ដឹក​កសិផល ពី​​ចម្ការ​​មក​ទីរួមស្រុក និង​ក៏​មាន​សារៈ​ប្រយោជន៍​យ៉ាង​សំខាន់​ផង​ដែរ​​សម្រាប់​​ប្រជាពលរដ្ឋ​ដឹក​របស់ប្រើ ប្រាស់​​ផ្សេង​ៗ ​និង​គ្រឿងសំណង់ ពីលើ​គោក​ចុះ​មក​លើ​កាណូត​ក្នុង​ទឹក បើ​គ្មាន​កំពង់​ផែ​ដែក​នេះ​ទេ ប្រជា​ពលរដ្ឋ​ពិតជា​ជួប​ការ​លំបាក​ជា​មិន​ខាន​ឡើយ ​។

​លោក​អភិបាលខេត្ត​ ក៏​បាន​ផ្តាំផ្ញើ​​​ដល់​អាជ្ញាធរ​ក្រុង ស្រុក សមត្ថកិច្ច និងរ​ប្រជាពលរដ្ឋ​​ទាំង​អស់​គ្នា​ សូម​រួម​គ្នា​ជួយ​ថែរក្សា​ផែ​ដែក​ទាំង​២​គ្រឿង​នេះឱ្យ​​បាន​ល្អរឹង​មាំ​យូរ​អ​ង្វែ​​ង​ដើម្បី​ជួយ​សម្រួល​ដល់​ការឈប់​សំចត​របស់​យើង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក ​។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​ថា​ ផែ​ដែក​ទាំង​២គ្រឿង​នេះ ក្នុង​១​គ្រឿង​ៗ​មាន​បណ្តោយ​ប្រវែង​១២​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ កសាង​ឡើង​ដោយ​ថវិកា​របស់ក្រសួង​សាធារណការ និង​​ជញ្ជូន​ ឧបត្ថម្ភ​ជូន​ដល់​​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ ៕