BMW លក់រថយន្តអស់ ប្រមាណជាង១៥ មឺនគ្រឿង គិតក្នុងខែមករា

ម៉ូនិច៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ BMW បានចេញរបាយការណ៍មួយនៅថ្ងៃពុធម្សិលមិញថា គិតក្នុងខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនបានលក់ចេញរថយន្តអស់ប្រមាណ១៥២,៨៧៩គ្រឿង ។ នេះជាការលក់ចេញបានច្រើននៅក្នុងកំណត់ត្រា ដោយបានកើនឡើងប្រមាណ៧,៥ភាគរយ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៦ថាយ៉ាងដូច្នេះ ។

លោក Ian Robertson សមាជិកក្រមបឹ្រក្សាភិបាលនៃគណៈគ្រប់គ្រងក្រុមហ៊ុន BMW AG បានថ្លែងថា "យើងបានមើលឃើញអំពីលទ្ធផលនៃការលក់ចេញរថយន្តដែលទទួលបានបរិមាណច្រើន ហើយយើងបានលក់ចេញកើនឡើងតាំងពីឆ្នាំ២០១៥ និងបន្តមកដល់ឆ្នាំនេះទៀត"។

លោកបានបន្ថែមថា "ទេាះបីជាទីផ្សារស្ថិតក្នុងការប្រកួតប្រជែងគ្នា យើងនៅតែមានសុទិដ្ឋិនិយមថា វាជាចំណុចវិជ្ជមាន ដែលនឹងបន្តកើនឡើងទៀតសម្រាប់ឆ្នាំ២០១៦" ។

នៅលើទីផ្សារអាស៊ី BWM បានលក់ចេញយានយន្តកើនឡើង៩,៨ភាគរយ ស្មើនឹង៥៩,៥២២គ្រឿង ធៀបនឹងឆ្នាំមុនក្នុងអំឡុងពេលដូចគ្នា ។ សម្រាប់តែនៅលើទីផ្សារនៅក្នុងប្រទេសមួយប៉ុណ្ណោះ សរុប ការលក់ចេញមានរហូតដល់៤៣,៤៤១គ្រឿង តួលេខនេះកើនឡើង៨,៤ភាគរយ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនខាងលើបានចេញសេចក្តីប្រកាសព័ត៌មានមួយថាយ៉ាងដូច្នេះ ៕