គណបក្ស ខ្មែររួបរួមជាតិ កែប្រែសញ្ញា សម្គាល់បក្ស តាមសំណើ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ គណបក្ស ខ្មែររួបរួមជាតិ នៅថ្ងៃទី១១កុម្ភៈឆ្នាំ២០១៦ នេះបានសម្រេចបញ្ជូន សញ្ញាសម្គាល់ គណបក្សថ្មី ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងមហាផ្ទៃ ស្នើឲ្យធ្វើការផ្លាស់ ប្តូរសញ្ញាសម្គាល់ គណបក្ស ជាថ្មីឡើងវិញ ដោយសារតែមានលក្ខណៈដូចទៅនឹង សញ្ញាសម្គាល់គណបក្សដទៃ ដែលបានប្រើប្រាស់ រួចហើយ។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលផ្ញើជូនទៅផ្ញើជូនលោក ញឹក ប៊ុនឆៃតំណាងស្ថាបនិក គណបក្ស ខ្មែររួមរួមជាតិ ចេញកាលពីម្សិលមិញបានឱ្យដឹងថា “ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សញ្ញា សម្គាល់របស់គណបក្ស ខ្មែររួបរួមជាតិ គឺជាសញ្ញាសម្គាល់ដែលគណបក្សនយោបាយផ្សេង បានប្រើប្រាស់ រួចមកហើយ។ ដូច្នេះក្រសួងមហាផ្ទៃស្នើសុំឱ្យឯកឧត្តម ធ្វើការផ្លាស់ប្តូរសញ្ញាសម្គាល់ របស់គណបក្សឡើងវិញ ដើម្បីឱ្យស្របតាមច្បាប់ ដែលបានកំណត់»។

នៅរសៀលថ្ងៃនេះដែរ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងតាមទូរស័ព្ទថា  “យើងបានបញ្ជូនមន្រី្ត ជំនាញនាំយក សញ្ញាសម្គាល់គណបក្សថ្មី ទៅក្រសួងមហាផ្ទៃហើយ នៅវេលាម៉ោង៨ ថ្ងៃស្អែកសញ្ញាសម្គាល់គណបក្ស ខ្មែររួមរួមជាតិ នឹងបង្ហាញជាផ្លូវការ តាមលក្ខខណ្ឌច្បាប់ស្តីពីគណបក្ស នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា”៕

គណបក្ស ខ្មែររួបរួមជាតិ កែប្រែសញ្ញា សម្គាល់បក្ស តាមសំណើ ក្រសួងមហាផ្ទៃ