ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ​៖ បុរស​​ជាង​ផ្សារ​ដែក​ម្នាក់ ខណៈ​ពេល​​លើក​ដែក​១​ដើម​ធ្វើ​បង្កាន់ដៃ​ផ្ទះល្វែង​មួយ​កន្លែង ដែលកំពុង​សាងសង់ចៃដន្យ​ប៉ះ​ចំ​ខ្សែកាប​ភ្លើងដែល​ស្ថិត​នៅ​កៀក​និង​សំណង់​នោះ បណ្ដាល​ឲ្យ​ចរន្ត​អគ្គិស​នី​ឆក់ស្លាប់​​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពីវេលា​ម៉ោង​៧និង​៣០នាទីព្រឹក​ថ្ងៃ​ទី​១១ ​កុ​ម្ភៈ ​​២០១៦ ដែល​សំណង់​ផ្ទះ​ល្វែង​ខាង​លើ​ មានទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​​។

​បុរស​រង​គ្រោះ​​​ឈ្មោះ ឆោម ភី ​អាយុ​៤០​ឆ្នាំ ​ជា​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ និងមានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​​បាន​លី​ដែក​១​ដើម​ទៅ​ធ្វើ​បង្កាន់ដៃ​នៅ​ខាងលើ​ផ្ទះ​ ​ដោយ​សារ​តែ​ផ្ទះ​នោះ​សាងសង់គម្លាត​​ពី​ខ្សែ​កាប​ភ្លើង​​ប្រមាណ​២​ម៉ែត្រ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​ដែក​ប៉ះ​ខ្សែកាប​ភ្លើង​​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​​បុរស​រង​គ្រោះដួល​ភ្លាម​ៗ​តែ​ម្ដង ​។ ខណៈនោះ​ប្រជាពលរដ្ឋបាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋមដោយ​បាន​លើក​បុរស​រង​គ្រោះ យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ រង់ចាំរថយន្ត​សង្គ្រោះ​មក​​ទទួលយក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ហួសពេល​ទៅហើយដោយ​ជន​រង​គ្រោះ ស្លាប់​បាត់​ទៅ​ហើយ នេះ​គឺជា​ការ​ធ្វេសប្រហែស​មួយ​ពេលបង្ក​ឲ្យ​មាន​គ្រោះថ្នាក់ដល់​អាយុ​​ជីវិត​បែប​នេះ​ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ ​​ចុះ​​ទៅ​កាន់​កន្លែង​កើតហេតុធ្វើការ​ពិនិត្យ​មើល​ស្ថាន​ការ​ណ៍​ជាក់ស្ដែងជុំវិញ​កន្លែង​កើតហេតុ ​រួច​​ក៏​ប្រគល់​​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ​​យក​ទៅ​រៀបចំ​​ធ្វើបុណ្យតាម​ប្រពៃ​ណី ​៕