ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១១ ​ខែ​កុ​ម្ភៈ ​នេះ​ អាជ្ញាធរ​ខណ្ឌមានជ័យ​ ក្រោម​វត្តមាន​លោក ​ឌី រ័​ត្ន​ខេ​ម​រុណ ​អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ខណ្ឌមានជ័យ​ ​បាន​នាំ​យក​អំណោយ​​សង្គ្រោះ​​បឋម​ជា​លើក​ទី​៣​ទៅ​​ចែក​ជូន​ប្រជាពលរដ្ឋ​​ចំនួន​៩៧​គ្រួសារ ដែល​រង​គ្រោះ​​ដោយ​សារ​អគ្គិ​ភ័យ​​លេប​​ត្របាក់​​ផ្ទះអស់​ចំនួន​៨០​ខ្នង​ ​កាលពី​វេលា​​​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​​នា​ពេល​នេះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ច្រាស​ដុសធ្មេញ​៤​ដើម ថ្នាំដុសធ្មេញ​២​ប្រអប់ សាប៊ូ​១​ដុំ​​ធំ ​ក្រមា​១ និង​អង្ករ​២០​គីឡូក្រាម ។

លោក​ ឌី រ័​ត្ន​ខេ​ម​រុណ ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​អំណោយ​ដែល​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ​ គឺជា​ទឹកចិត្តក៏​ដូច​ជា​ការ​ជួយ​​ឧបត្ថម្ភ​របស់​អង្គការ​ទស្ស​ន​ពិភពលោក ​ដែល​តែងតែ​​​​ជួយផ្តល់​​​ទៅ​តាម​លទ្ធភាព មិន​ថាក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ឬ​តាម​បណ្តា​ខណ្ឌ​ណា​​នោះទេ​ ជាក់ស្តែង​ដូច​នៅ​ពេល​នេះ​​តែ​ម្តង​ ។ ​ជំនួស​មុខឱ្យ​​ប្រជាពលរដ្ឋ​ទាំង​៩៧​គ្រួសារ​ ក៏​ដូច​ជា​កាកបាទក្រហមកម្ពុជាទាំងមូល ​សូម​​ថ្លែង​អំណ​រគុណ​​​​​​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​អង្គការ​ទស្ស​ន​ពិភពលោក​​ដែល​បាន​គិត​គូរ​ដល់​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​​ដែល​​​​ជួប​ការ​លំបាក​​ និង​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​​ទៀត​ផង​ដែរ ។​

សូម​បញ្ជាក់​ថា​ការ​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៩៧​គ្រួសារ​នៅ​ពេល​នេះ គឺជា​លើក​ទី​៣​ហើយ​ដែល​លើក​ទី​១​ផ្តល់​ជូន​ដោយ​សប្បុរសធម៌​ និង​លើក​ទី​២​ផ្តល់​ជូន​ដោយ​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ជំទាវ អួន​ សុ​វ​ណ្ណា​រិ​ន ប៉ា​ សុ​ជាតិ​វង្ស ៕