កម្ពុជា មិនចាប់អារម្មណ៍ ការលើកឡើង របស់អង្គការអន្តរជាតិ ដែលស្នើអាមេរិក ដាក់សម្ពាធ លើសម្តេចតេជោ ឲ្យគោរពសិទ្ធិ ប្រមូលផ្ដុំ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានច្រានចោល និងមិនចាប់អារម្មណ៍ ចំពោះអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) ដែលបានរិះគន់សិទ្ធិមនុស្សនៅកម្ពុជា និងស្នើឲ្យអាមេរិកដាក់សម្ពាធ លើនាយករដ្ឋមន្រ្តីកម្ពុជា។

កាលពីថ្ងៃទី៩ កុម្ភៈ HRW បានចេញសេចក្ដីប្រកាសព័ត៌មានរិះគន់សិទ្ធិមនុស្ស និងស្នើឲ្យអាមេរិកដាក់គំនាប មកលើរាជរដ្ឋាភិបាលឲ្យ បញ្ឈប់នូវការគំរាមកំហែង ដល់អ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់ HRW បែបនេះធ្វើឡើង នៅមុនពេលដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ទៅកាន់អាមេរិកនៅពាក់កណ្តាលខែកុម្ភៈខាងមុខ។

អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានថ្លែងឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រាជរដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍ ចំពោះការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW ដែលបញ្ជាឲ្យរដ្ឋាភិបាលបរទេសមួយ មកដាក់សម្ពាធលើរាជ រដ្ឋាភិបាលស្របច្បាប់ ដែលមានអធិបតេយ្យភាពត្រឹមត្រូវ។

លោកបញ្ជាក់ថា «អង្គការឯកជនហ្នឹង គឺជាទិសដៅក្នុងការរៀបប្រឆាំង ដែលប្រឆាំងជាមួយរដ្ឋាភិបាល គ្រាន់តែជាអង្គការមិនមែន រដ្ឋាភិបាលមួយ ប៉ុន្តែដើរតួប្រឆាំងរដ្ឋាភិបាល អាហ្នឹងយើងអត់ត្រូវការ ហើយយើងមិនដែលចាប់អារម្មណ៍»។ លោកបន្តថា កន្លងមករាជរដ្ឋាភិបាល មិនដែលគាបសង្កត់លើការជួបជុំគ្នា ក្នុងការសម្តែងមតិនោះទេ គឺរាជរដ្ឋាភិបាលផ្ដល់សិទ្ធិគ្រប់យ៉ាង ជូនពលរដ្ឋក្នុងការសម្តែងមតិ និងការជួបជុំផ្សេងៗ ប៉ុន្តែអ្វីៗត្រូវឆ្លើយតបតាមលក្ខខណ្ឌ នៃច្បាប់ដែលបានកំណត់៕