នៅម៉ោង ៥ល្ងាចនេះ កូរ៉េខាងជើង នឹងបណ្ដេញកម្មករ កូរ៉េខាងត្បូងចេញ រួមទាំងបង្កក ទ្រព្យសម្បត្តិ និងសម្ភារៈ នៅទីនោះ

សេអ៊ូល៖ ជាការឆ្លើយតប នឹងកូរ៉េខាងត្បូង ដែលប្រកាសផ្អាក ប្រតិបត្តិការ និងផ្ដាច់ប្រព័ន្ធទឹក ភ្លើង ពីតំបន់ ឧស្សាហកម្មរួមគៃស៊ង ពេលនេះកូរ៉េខាងជើងបានប្រកាសដែរថា ខ្លួននឹងបណ្ដេញកម្មករ កម្មការិនីកូរ៉េខាងត្បូងទាំងអស់ ចេញពីតំបន់គៃស៊ងនេះដែរ និងបង្កកទ្រព្យសម្បតិ្ត រួមទាំងសម្ភារៈ នៅតំបន់នោះទាំងអស់។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា សេចក្ដីប្រកាសនេះ ធ្វើឡើងដោយគណៈកម្មការ បង្រួបបង្រួមដោយសន្ដិភាពសម្រាប់ឧបទ្វីបកូរ៉េ ប្រភពព័ត៌មានកណ្ដាលបានឲ្យដឹងទៀតថា ក្រុងព្យុងយ៉ាង នឹងបិទខណ្ឌសីមាយោធា នៅតំបន់ឧស្សាហកម្មរូមគៃស៊ង និងប្រកាសតំបន់នោះក្រោមការគ្រប់គ្រងដោយយោធាថែមទៀត។

សម្រាប់ខ្សែបន្ទាត់ក្ដៅរវាងប្រទេសទាំងពីរ បណ្ដាញយោធា និងតំបន់ប៉ាន់ម៉ុនជុំ នឹងត្រូវកាត់ផ្ដាច់ពីគ្នា ក្រោយពីកម្មករកម្មការនីកូរ៉េខាងត្បូង ត្រូវបានបណ្ដេញចេញមិនឲ្យធ្វើការនៅក្នុងតំបន់ឧស្សាហកម្មរួម ប្រតិកម្មនេះកើតឡើងមួយថ្ងៃ ក្រោយពីកូរ៉េខាងត្បូង បានប្រកាសផ្អាក ប្រតិបត្តិការរបស់ខ្លួននៅតបន់នោះ ដើម្បីជាឆ្លើយតបនឹងសកម្មបង្កជម្លោះ ដោយបាញ់គ្រាប់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមការប្រកាសរបស់កូរ៉េខាងជើងបានឲ្យដឹងថា ការបិទតំបន់ឧស្សាហកម្មធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ហើយកម្មករកូរ៉េខាងត្បូងទាំងអស់ នឹងត្រូវបណ្ដេញចេញមិនឲ្យធ្វើការបន្ដទៀត នៅត្រឹមម៉ោង ៥ល្ងាចនេះ និងកម្មករកូរ៉េខាងជើង ក៏នឹងចាកចេញពីតំបន់នៅថ្ងៃ ជាមួយគ្នានេះដែរ៕

នៅម៉ោង ៥ល្ងាចនេះ កូរ៉េខាងជើង នឹងបណ្ដេញកម្មករ កូរ៉េខាងត្បូងចេញ រួមទាំងបង្កក ទ្រព្យសម្បត្តិ និងសម្ភារៈ នៅទីនោះ