មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​រង​ចោទ​ថា​រំលោភ​សិទ្ធិ​អ្នក​កាសែត

ប្រធាន​ផ្នែក​ព័ត៌មាន​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ កំពុង​ពិនិត្យ​ពី​លក្ខខណ្ឌ​ច្បាប់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដែល​ប្រើ​កង​កម្លាំង​នាំ​ខ្លួន​ភ្នាក់ងារ​ទូរទស្សន៍​នេះ​ប្រចាំ​ខេត្ត​មណ្ឌលគិរី ពី​បទ​ចោទ​ប្រកាន់​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍។ មន្ត្រី​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​គ្នា​នេះ។

ប្រធាន​ផ្នែក​ព័ត៌មាន​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ នៅ​មិន​ទាន់​សម្រេច​ចិត្ត​ជាក់លាក់​ថា នឹង​ធ្វើ​ការ​តបត​បែប​ណា ខណៈ​ដែល​កង​កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​នាំ​ខ្លួន​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​អង្គភាព​នេះ ក្នុង​បទ​ចោទ​ថា​ផ្សាយ​ព័ត៌មាន​បរិហារ​កេរ្តិ៍។

នៅ​វេលា​ម៉ោង​ជាង ៨ ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កង​កម្លាំង​រាជ​អាវុធហត្ថ​ចំនួន​ពីរ​រថយន្ត​តូច​មាន​គ្នា​ប្រមាណ ៥​នាក់​ទៅ ៦​នាក់ ប្រដាប់​ដោយ​អាវុធ បាន​នាំ​ខ្លួន​ភ្នាក់ងារ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ប្រចាំ​ខេត្ត​មណ្ឌលគិរី គឺ​លោក វ៉ាន់ ទិត្យ ពី​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត រហូត​មក​ទល់​នឹង​ម៉ោង​ជាង ១០ ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅឋាន​វិញ។

ប្រធាន​ផ្នែក​ព័ត៌មាន​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ លោក ឯម ប៉ុនធឿន ចាត់​ទុក​ការ​នាំ​ខ្លួន​ភ្នាក់ងារ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គភាព​ទូរទស្សន៍​ដោយ​គ្មាន​ដីកា​នាំ​ខ្លួន ជា​ការ​រំលោភ​ច្បាប់​ស្ដីពី​ក្រម​នីតិ​ព្រហ្មទណ្ឌ។ លើស​ពី​នេះ​ទៀត អំពើ​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​អ្នក​សារព័ត៌មាន និង​រំលោភ​ទៅ​លើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។ លោក​អះអាង​ថា បាន​ផ្សាយ​ព័ត៌មាន​ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុស​ច្បាប់ ទើប​ធ្វើ​ឲ្យ​កង​កម្លាំង​អាវុធហត្ថ ប្រើ​កង​កម្លាំង​នាំ​ខ្លួន​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​នេះ។ លោក​ថា បើ​ទោះ​ជា​យ៉ាង​ណា ការ​រាយការណ៍​នោះ​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន«យើង​អត់​យក​កំហឹង​ទល់​កំហល់​ទេ យើង​អត់​យក​ច្បាប់​ព្រៃ​ដូច​គេ​ចាប់​ខ្លួន​យើង​ទេ។ យើង​កំពុង​សិក្សា​ជាមួយ​អ្នក​ច្បាប់ ថា​តើ​យើង​ធ្វើ​អ្វី​បាន ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ផង និង​ការពារ​សេចក្តី​ថ្លៃថ្នូរ​អ្នក​សារព័ត៌មាន​យើង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី លោក សាក់ សារាំង អះអាង​ថា ការ​នាំ​ខ្លួន​អ្នក​សារព័ត៌មាន​នេះ ធ្វើ​ឡើង​តាម​ក្រម​នីតិវិធី​នៃ​ការ​នាំ​ខ្លួន​ត្រឹមត្រូវ ដោយ​មាន​ការ​ឯកភាព​ពី​មន្ត្រី​អយ្យការ ក្នុង​ករណី​បទល្មើស​បរិហារ​កេរ្តិ៍​ជាក់ស្តែង។ លោក​បដិសេធ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ​ខុស​ច្បាប់​នោះ​ទេ ទើប​នាំ​ខ្លួន​អ្នក​សារព័ត៌មាន​មក​សាកសួរ​បញ្ជាក់​ការ​ពិត«យើង​គ្មាន​ធ្វើ​ខុស​ស្អី មន្ត្រី​នគរបាល​យុត្តិធម៌​យើង​ធ្វើ​អ្វី​ឆ្លង​ព្រះរាជអាជ្ញា​ទាំងអស់។ អ្នក​សារព័ត៌មាន ត្រូវ​មាន​ក្រម​សីលធម៌ បើ​ពិត​យើង​ផ្សាយ​ចុះ តែ​បើ​មិន​ពិត​ពាក់ព័ន្ធ​បរិហារ​កេរ្តិ៍​ហើយ»

អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក វ៉ាន់ ទិត្យ បញ្ជាក់​ឲ្យ​ដឹង​ថា លោក​មិន​បាន​សរសេរ​ព័ត៌មាន​ពាក់ព័ន្ធ​មន្ត្រី​អាវុធហត្ថ​ធ្វើ​ជំនួញ​ឈើ​នោះ​ទេ គឺ​ព័ត៌មាន​នេះ​ជា​ការ​ផ្សាយ​របស់​ផ្នែក​ព័ត៌មាន​របស់​អង្គភាព​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩។ លោក​ចាត់​ទុក​ការ​ប្រើ​កង​កម្លាំង​នាំ​ខ្លួន​លោក​មក​សាកសួរ ថា​ជា​ការ​គំរាម​កំហែង​ស្មារតី​អ្នក​សារព័ត៌មាន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ គឺ​ជា​នគរបាល​យុត្តិធម៌ មាន​សិទ្ធិ​នាំ​ខ្លួន​ជន​សង្ស័យ​ណា​ដែល​ជាប់​ទាក់ទិន​បទល្មើស​ជាក់ស្តែង ដោយ​មិន​ចាំបាច់​មាន​ដីកា​នាំ​ខ្លួន ប៉ុន្តែ​ត្រូវ​ជូន​ដំណឹង​ដល់​មន្ត្រី​អយ្យការ ស្ដីពី​ការ​នាំ​ខ្លួន​ជន​សង្ស័យ​នោះ។ យ៉ាង​ណា​ក៏ដោយ​លោក​ថា មន្ត្រី​អាវុធហត្ថ​មិន​គួរ​ដើរ​តួនាទី​ជា​ដើម​បណ្ដឹង​ផង និង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ដោយ​ខ្លួន​ឯង​នោះ​ឡើយ។ ទាក់ទិន​រឿង​ក្តី​នេះ លោក​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​ថា តើ​មន្ត្រី​អាវុធហត្ថ​ពិត​ជា​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ដូច​ការ​ផ្សាយ ឬ​មួយ​ការ​ផ្សាយ​នោះ​គ្មាន​ការ​ពិត និង​ជា​លក្ខណៈ​បរិហារ​កេរ្តិ៍ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គូ​ភាគី«បើ​សិន​ជា​ករណី​ហ្នឹង​ជា​បទល្មើស​ជាក់ស្តែង គេ​អាច​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ហើយ​ឃាត់​ខ្លួន​តែ​ម្តង ប៉ុន្តែ​បើ​សិន​ជា​បទល្មើស​មិន​ជាក់ស្តែង គេ​ត្រូវ​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា ហើយ​ឃាត់​ខ្លួន»

ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ បាន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី លោក សាក់ សារាំង ថា​បាន​ធ្វើ​ជំនួញ​ឈើ​ខុស​ច្បាប់ ខណៈ​រាជ​រដ្ឋាភិបាល កំពុង​ចាត់​វិធានការ​ក្តៅ​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំ​ឈើ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។