កម្មករ​រោងចក្រ​នៅ​កំពង់ស្ពឺ​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា

កម្មករ​កាត់ដេរ​នៃ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ប្រមាណ ១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​ម្ដង​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋ​សភា។ ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ពួក​គេ​ស្វះស្វែង​រក​ដំណោះស្រាយ​ពី​ស្ថាប័ន​របស់​រដ្ឋ​ជា​ច្រើន​ដង​មក​ហើយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​នៅ​ឡើយ។

ក្រុម​កម្មករ​និយាយ​ថា ការ​ជួបជុំ​ជា​ថ្មី​ទៀត​នៅ​មុខ​រដ្ឋសភា​នេះ បំណង​សំខាន់​គឺ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋ​សភា​ជួយ​ពន្លឿន​ដំណោះស្រាយ​ក្នុង​វិវាទ​ដែល​បាន​អូស​បន្លាយ​ប្រមាណ ២​ខែ​មក​ហើយ​នេះ ដើម្បី​អាច​ឲ្យ​ពួក​គេ​បាន​ចូល​បម្រើ​ការ​ឡើង​វិញ។

លោកស្រី សាទ ឈុន ជា​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​ប្រមាណ ៤០០​នាក់​ ដែល​ធ្វើ​កូដកម្ម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ថា កម្មករ​ទាំង​អស់​ដែល​ត្រូវ​បាន​ភាគី​រោងចក្រ​បញ្ឈប់​នៅ​ពេល​នេះ មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អាច​ឲ្យ​ពួក​គេ​បាន​ចូល​ធ្វើ​ឡើង​វិញ​ដូច​មុន។ ដោយ​ឡែក​លក្ខខណ្ឌ​ដែល​កម្មករ​បាន​ទាមទារ​ក្នុង​ពេល​កន្លង​ទៅ គឺ​ទុក​មួយ​ឡែក​សិន។

លោកស្រី​បន្ត​ថា៖ «ពួក​យើង​មា​ទៅ​ញុះញង់​អី​ដល់​កម្មករ ហើយ​ពួក​គាត់​ក៏​មិន​បាន​មក​ញុះញង់​ដល់​ពួក​យើង​ដែរ។ ពួក​យើង​នៅ​តែ​ជជែក​ទាមទារ​នៅ​ពេល​ក្រោយ តែ​ពួក​យើង​សុំ​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ បាន​រៀងៗ​ខ្លួន​សិន»។

កម្មករ​អះអាង​ថា ក្រោយ​ពី​វិវាទ​កើត​ឡើង តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​ភាគី​រោងចក្រ​បាន​រើស​កម្មករ​មក​បង្គ្រប់​ចំនួន​កម្មករ​ដែល​ចេញ​ធ្វើ​កូដកម្ម។ មូលហេតុ​ដែល​នាំ​ឲ្យ​ផ្ទុះ​កូដកម្ម រហូត​ខាង​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ប្រមាណ ៤០០​នាក់​នេះ ដោយសារ​កម្មករ​ទាមទារ​លក្ខខណ្ឌ​សមរម្យ​មួយ​ចំនួន ក្នុង​នោះ គឺ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​គិត​តម្លៃ​ឡូត៍​តាម​ស្តង់ដារ បន្ថែម​លុយ​បាយ ថែម​ម៉ោង ២​ដុល្លារ​ទៀត និង​ដក​រដ្ឋបាល​ចេញ​ពី​រោងចក្រ​ជាដើម។

យ៉ាង​នេះ​ក្ដី តំណាង​ភាគី​រោងចក្រ​លោក មួរ ផាន់នី ធ្លាប់​បញ្ជាក់​ថា ការ​ពិត​ខាង​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចប់​វិវាទ​នេះ​ដែរ នៅ​មន្ទីរ​ការងារ ក៏ប៉ុន្តែ​នៅ​តែ​ពុំ​អាច​ទៅ​រួច ដោយ​សារ​មាន​សហជីព​មួយ​ចំនួន​លូកដៃ និង​ញុះញង់​ឲ្យ​កម្មករ​តវ៉ា។ ម្យ៉ាង​ទៀត ការ​ទាមទារ​របស់​ក្រុម​កម្មករ​នេះ​ទៀត​សោត លើស​ពី​ច្បាប់​កំណត់ ហេតុ​នេះ​ដោយ​គ្មាន​ជម្រើស​ភាគី​រោងចក្រ​បាន​បិទ​ផ្លូវ​តវ៉ា។

ក្រោយ​ពី​ក្រុម​កម្មករ​ប្រមាណ ៤០០​នាក់ នៃ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ធ្វើ​កូដកម្ម ខាង​ភាគី​រោងចក្រ​បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ប្ដឹង​ប្រឆាំង​មេដឹកនាំ​សហជីព និង​កម្មករ​មួយ​ចំនួន​ទៀត ក្រោម​បទ​ចោទ​ថា ញុះញង់ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

ឆ្លើយ​តប​រឿង​នេះ លោក ឃិន ឧត្ដម ជា​កម្មករ​នៃ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ដែរ​នោះ បាន​អះអាង​ថា ក្នុង​អំឡុង​ពេល​តវ៉ា​នោះ ក្រុម​កម្មករ​ទាំង​អស់​មិន​បាន​ប៉ះពាល់ ឬ​ធ្វើ​ឲ្យ​ខូចខាត​នូវ​រាល់​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ដូច​ការ​ចោទ​ប្រកាន់​ទេ។ មិន​តែ​ប៉ុណ្ណោះ កូដកម្ម​ដែល​កើតឡើង​នោះ គឺ​ធ្វើ​ដោយ​សន្តិវិធី និង​អហិង្សា​ថែម​ទៀត​ផង៖ «អត់​មាន​បិទ​ផ្លូវ​សាធារណៈ ឬ​ក៏​ទៅ​វ៉ៃ​ដំ​ឲ្យ​ខ្ទេច​ទ្រព្យសម្បត្តិ​រោងចក្រ​ទេ។ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​ប្ដឹង​ពួក​ខ្ញុំ​ទៅ​វិញ។ គាត់​ថា ពួក​ខ្ញុំ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ»

យ៉ាង​នេះ​ក្ដី វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​វិវាទ​នេះ​ពី​ភាគី​ក្រុមហ៊ុន​បាន​នៅ​ឡើយ​ទេ។ ដោយ​ឡែក ខាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​វិញ ក៏​ពុំ​មាន​ការ​ឆ្លើយ​តប​ដែរ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។

មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ស៊ុត ចិត្រ យល់​ឃើញ​ថា ដើម្បី​បញ្ចប់​វិវាទ​នេះ ភាគី​ជម្លោះ​ត្រូវ​ចេញ​មុខ​ដោះស្រាយ ជា​ពិសេស​ខាង​ក្រុមហ៊ុន។ លោក​បន្ត​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ប្រើ​ហិង្សា ជា​ការ​ដាក់​បន្ទុក​បញ្ហា​បន្ថែម​ទៀត​ទៅ​វិញ៖ «យើង​ក៏​មិន​ចង់​ឲ្យ​កម្មករ​ហ្នឹង​អូស​បន្លាយ​ធ្វើ​ការ​ទាមទារ​យូរ​ដែរ ដោយសារ​សុំ​ឲ្យ​តែ​គាត់​បាន​ចូល​ធ្វើ​ការ​វិញ។ យើង​មិន​ចង់​ទាមទារ​អ្វី​ច្រើន​ទេ សុំ​ឲ្យ​តែ​គាត់​ចូល​ធ្វើ​ការ​វិញ យើង​បញ្ចប់​វិវាទ​នេះ»

តំណាង​កម្មករ​បាន​អះអាង​ថា ញត្តិ​ដែល​ពួក​គេ​បាន​ដាក់​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា នៅ​ពេល​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ទទួល​រួច​ហើយ។

ខ្លឹមសារ​នៃ​ញត្តិ​បាន​ឲ្យ​ដឹង​ថា ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន ព្រម​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ។ ដក​ពាក្យ​បណ្ដឹង​ទាំង​អស់ ដែល​បាន​ប្ដឹង​សហជីព និង​កម្មករ។ លើស​ពី​នេះ​ទៀត ទទូច​ឲ្យ​ភាគី​រោងចក្រ ត្រូវ​យក​អ្នក​ដែល​បង្ក​បញ្ហា​ចេញ​ពី​ក្រុមហ៊ុន។ ម្យ៉ាង​វិញ​ទៀត ខាង​រោងចក្រ ត្រូវ​ដោះស្រាយ​រាល់​ការ​ទាមទារ​របស់​កម្មករ​ក្នុង​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។