ក្រសួង​មហាផ្ទៃ​ស្នើ​លោក ញឹក ប៊ុនឆៃ ប្ដូរ​សញ្ញា​សម្គាល់​គណបក្ស

ក្រសួង​មហាផ្ទៃ បដិសេធ​សញ្ញា​សម្គាល់​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ របស់ លោក ញឹក ប៊ុនឆៃ ដោយ​ស្នើ​ឲ្យ​ផ្លាស់ប្ដូរ​សញ្ញា​សម្គាល់​របស់​គណបក្ស​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​កំណត់។

លិខិត​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​សំអាង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រង់​មាត្រា​១១ ក្នុង​ចំណុច​ទី​១ និង​ទី​៣ បាន​ចែង​ថា ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ ត្រូវ​តែ​ខុស​គ្នា​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត។

ករណី​នេះ សញ្ញា​សម្គាល់​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​កន្លង​មក ស្រដៀង​ទៅ​នឹង​សញ្ញា​សម្គាល់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំង​ពណ៌ និង​សញ្ញា ខុស​តែ​ឈ្មោះ​គណបក្ស​ប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ថ្លែង​ថា ក្រុម​របស់​លោក​កំពុង​រចនា​បង្កើត​សញ្ញា​សម្គាល់​ថ្មី ដែល​បញ្ជាក់​អត្ថន័យ​គាំទ្រ​រាជា​និយម និង​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​បញ្ជូន​សញ្ញា​សម្គាល់​ថ្មី​ជូន​ក្រសួង​មហាផ្ទៃ ពិនិត្យ​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ៖ «ទាក់ទង​រឿង​ពណ៌​ដែរ។ ពណ៌​ស្វាយ ពណ៌​លឿង តំណាង​ឲ្យ​រាជា​និយម សីហនុ និយម។ វា​សម្គាល់​ដោយ​ពណ៌​នេះ​ឯង។ ការ​គិតគូរ​ម៉ត់ចត់​ដែល​អាច​បង្ហាញ​ថា យើង​ដាក់​ពណ៌​ហ្នឹង​តំណាង​ឲ្យ​អី»

លោក ញឹក ប៊ុនឆៃ បាន​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ គណបក្ស​ខ្មែរ​រួប​រួម​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ បន្ទាប់​ពី​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។