ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្ទឹងត្រែង​៖ កម្លាំង​អាវុធហត្ថ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចាប់​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ម្នាក់ រួម​និង​វត្ថុ​តាង គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(Ice) ហៅ ម៉ា​ទឹកកក ចំនួន ១​កញ្ចប់​ធំ​។​តាម​ព​ត៌​មាន​ពី លោក វរៈសេនីយ៍ទោ  ដួង វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ នៃ​ទី​បញ្ជា ការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​ថ្នាំ​ញៀន កាលពី​វេលា​ម៉ោង​១០ និង​៥​នាទី​ព្រឹក ថ្ងៃ​ទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ខណៈ​ជនសង្ស័យ​ជា​មុខសញ្ញា ធ្វើ សកម្មភាព​នៅ​ផ្លូវជាតិ​លេខ​៧​អា ចំនុច​គីឡូ​៨ ដែល ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ម៉ូតូ​។​

លោក វរៈសេនីយ៍ទោ  ដួង វិចិត្រ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដែល​រឹបអូស​ពី​ជនសង្ស័យ គឺ ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ ហៅ​ម៉ា​ទឹកកក​ចំនួន​៣២៩,៨​ក្រាម និង​ម៉ូតូ​មួយ​គ្រឿង រីឯ​ជន សង្ស័យ​មានឈ្មោះ ថា​លី ហាវ (​ហៅ សាយ​) ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​យោធា រស់ នៅ​ភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​ក្រោយ​ពី​ធ្វើការ​សាកសួរ​ចប់​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល អាវុធហត្ថ​បាន​កសាង​សំនុំ រឿង រួម​និង​គ្រឿងញៀន​ដែល​រឹបអូស​បាន បញ្ជូន​ទៅ​កាន់​តុលាការ វិនិច្ឆ័យ​ទោស​តាម​ច្បាប់​៕
    ​    ​    ​    ​    ​    ​    ​