មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​មិន​មាន​គម្រោង​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ទៅ​វៀតណាម

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គម្រោង​បញ្ជូន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ១៧១​នាក់ ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា ត្រឡប់​ទៅ​វៀតណាម វិញ​នោះ​ទេ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ ដោយ​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដែល​អះអាង​ថា ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទាំង ១៧១​នាក់​នោះ មិន​មែន​ជា​ជន​ភៀស​ខ្លួន​ឡើយ ហើយ​រដ្ឋាភិបាល​នឹង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល អះអាង​នៅ​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ នេះ​ថា ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទាំង ១៧១​នាក់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ពិនិត្យ​ចប់​សព្វគ្រប់​ពី​លក្ខខណ្ឌ​នៃ​ជន​ភៀស​ខ្លួន​នៅ​ឡើយ។ ដូច្នេះ​លោក​ថា នឹង​មិន​មាន​ការ​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​វិញ​ទេ លុះ​ណា​តែ​ពួក​គេ​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​លោក​ថា បន្ទាប់​ពី​ពិនិត្យ​លក្ខខណ្ឌ​នៃ​ឋានៈ​ជន​ភៀស​ខ្លួន​រួច ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​ពិត​ជា​មិន​ស្ថិត​នៅ​ក្នុង​លក្ខន្តិកៈ​នៃ​ជន​ភៀស​ខ្លួន​ទេ នោះ​អាជ្ញាធរ​នឹង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​ដើម​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សុខ ផល បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​ផ្លូវ​ការ ទាក់ទិន​នឹង​ការ​ពិនិត្យ​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​ពួក​គេ​នៅ​ឡើយ។ ដោយឡែក​សម្រាប់​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ១៣​នាក់ ដែល​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ​នោះ លោក សុខ ផល ឲ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ទី​៣ នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​រៀបចំ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។