អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​អះអាង​ថា​ពួក​គាត់​បិទ​តូប​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់​ទំនិញ

តូប​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​រាប់​ពាន់​តូប​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ត្រូវ​បាន​បិទ​ទ្វារ​មិន​ហ៊ាន​ដាក់​លក់ ដោយសារ​អាជ្ញាធរ​ថៃ គំរាម​ចាប់​ទំនិញ​របស់​ពួក​គាត់។ ក្រុម​អាជីវករ​អះអាង​ថា មូលហេតុ​ដែល​បិទ​ទ្វារ​នេះ បន្ទាប់​ពី​ពួក​គាត់​ទទួល​ដំណឹង​ជា​ថ្មី​ទៀត​ពី​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ ថា​នឹង​ចុះ​ចាប់​ទំនិញ​ដែល​នាំ​ចូល​ពី​កម្ពុជា ដាក់​លក់​នៅ​ក្នុង​ផ្សារ​នេះ។

ក្រុម​អាជីវកម្ម​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ខ្មែរ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​ជួយ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ ដើម្បី​សម្រួល​ដល់​ការ​លក់​ដូរ​របស់​ពួក​គាត់​នោះ​ទេ។

តំណាង​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ គឺ​លោក យក់ វីដេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា តូប​លក់​អីវ៉ាន់​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦០​ភាគរយ ក្នុង​ចំណោម​ជាង ៣.៥០០​តូប ដែល​ធ្លាប់​លក់​ដូរ​ជិត ២០​ឆ្នាំ​មក​នោះ ត្រូវ​បាន​បិទ​មិន​ហ៊ាន​លក់​ដូរ​ដូច​ពេល​មុនៗ​នោះ​ទេ។ លោក​បន្ថែម​ថា ម្ចាស់​តូប​ភាគ​ច្រើន​ចូល​ទៅ​ផ្សារ​ថៃ ដែរ ប៉ុន្តែ​ការ​ចូល​ទៅ​នោះ ដើម្បី​ឃ្លាំ​មើល​ទំនិញ​របស់​ខ្លួន​មិន​ឲ្យ​បាត់បង់​ប៉ុណ្ណោះ។ លោក​អះអាង​ថា ទំនិញ​ដែល​អាជ្ញាធរ​ថៃ ចាប់​ពី​ពួក​គាត់​នោះ គឺ​ពួក​គាត់​ធ្លាប់​ដាក់​លក់​ជា​ប្រចាំ ដោយ​ពី​មុន​មក​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។

លោក​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ ចាប់​ទំនិញ​អស់ ធ្វើ​ឲ្យ​គ្មាន​ប្រាក់​សង​បំណុល​គេ ដោយសារ​ទំនិញ​ដែល​ដាក់​លក់​នោះ ពួក​គាត់​ទិញ​មិន​ទាន់​ឲ្យ​លុយ​គេ​អស់​នៅ​ឡើយ៖ «ពួក​ខ្ញុំ​មក​លក់​ដូរ​នៅ​ស្រុក​ថៃ សព្វថ្ងៃ គេ​រឹត​បន្តឹង​គ្រប់​ច្រក ពិបាក​ណាស់។ គឺ​ទំនិញ​មក​ពី​ស្រុក គេ​ចូល​មក​ប្រទេស​ខ្មែរ​បាន​ដោយ​សេរី ចំពោះ​ទំនិញ​របស់​ខ្មែរ​វិញ ចូល​ទៅ​លក់​នៅ​ស្រុក​គេ​មិន​បាន​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ ពុំ​បាន​គំរាម​កំហែង​អាជីវករ​ខ្មែរ​មិន​ឲ្យ​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា ការ​បិទ​តូប​នេះ គឺ​ក្រុម​អាជីវករ​មួយ​ចំនួន ព្រួយ​បារម្ភ​ដោយ​ខ្លួន​ឯង គឺ​ខ្លាច​សមត្ថកិច្ច​ថៃ ចាប់​ទំនិញ​របស់​ពួក​គាត់ និង​មួយ​ចំនួន​ទៀត បិទ​តូប​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន៖ «សមត្ថកិច្ច​ថៃ គេ​មិន​បាន​ហាម​ឃាត់​អ្នក​លក់​ទំនិញ​ស្រប​ច្បាប់​នោះ​ទេ គឺ​គេ​ហាម​ឃាត់​តែ​អ្នក​ដែល​លក់​ទំនិញ​ក្លែងក្លាយ​ខុស​ច្បាប់​ទេ»

ទោះ​បី​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា អាជីវករ​ខ្មែរ​បិទ​តូប​នៅ​ផ្សារ​រ៉ុងក្លឿ ដោយសារ​សមត្ថកិច្ច​ផ្នែក​កម្មសិទ្ធិ​បញ្ញា​របស់​ថៃ មក​ពី​ទីក្រុង​បាងកក ចុះ​ចាប់​ទំនិញ​របស់​ពួក​គាត់។ លោក​ពន្យល់​ថា ថ្វី​បើ​សមត្ថកិច្ច​ថៃ ចុះ​ចាប់​ទំនិញ​នៅ​ប្រទេស​របស់​គេ​ក៏ដោយ ប៉ុន្តែ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ដោយសារ​ពួក​គាត់​លក់​ទំនិញ​មិន​បាន​ដូច​ពេល​មុខៗ។ លោក​បន្ថែម​ថា បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ទំនាក់ទំនង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស៖ «អាជ្ញាធរ​ខ្មែរ​គួរ​ពិនិត្យ​មើល​ផង ថា​តើ​វិធានការ​ចាប់​ទំនិញ​របស់​សមត្ថកិច្ច​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ​នោះ ត្រឹមត្រូវ​ដែរ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ធ្លាប់​លក់​ដូរ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើប​អង្កេត​ពិសេស​ថៃ មក​ពី​ទីក្រុង​បាងកក ដែល​ចុះ​មក​ត្រួត​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​នេះ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ បាន​កើត​មាន​ការ​វាយ​តប់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល​ចំនួន ២​គ្រឿង។ ក្រោយ​មក នគរបាល​ថៃ បាន​ចាប់​អាជីវករ​ខ្មែរ​ចំនួន​ពីរ​នាក់។ បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី​៤ កុម្ភៈ តុលាការ​ថៃ បាន​កាត់​ទោស​អាជីវករ​ខ្មែរ​ទាំង ២​នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៣​ខែ។ រហូត​មក​ទល់​ពេល​នេះ អ្នក​ទាំង ២​នាក់​នៅ​ជាប់​ក្នុង​ពន្ធនាគារ​ប្រទេស​ថៃ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។