លោក​ញឹក ប៊ុនឆៃ សម្រេចយក​រូប​កំពូល​ឆត្ររួត​ធ្វើជា​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

ភ្នំពេញ: គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានសម្រេច​យល់ព្រម​ផ្លាស់ប្តូរ​រូប​សញ្ញា​សម្គាល់​របស់ខ្លួន​ចេញ ដោយ​ដក​រូប​វិមានឯករាជ្យ ដាក់​រូប​សញ្ញា​កំពូល​ឆត្ររួត​ជំនួស​វិញ​។

 ការផ្លាស់ប្តូរ​រូប​សញ្ញា​សម្គាល់​គណ​​បក្ស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​ប្រើ​រូប​សញ្ញា​វិមានឯករាជ្យ និង​បានស្នើ​ឲ្យ​ផ្លាស់ប្តូរ​រូប​សញ្ញា​ចេញ​។​

បន្ទាប់ពី​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​រូប​វិមានឯករាជ្យ លោក​ញឹក​ប៊ុនឆៃ តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​កោះប្រជុំ​ថ្នាក់ដឹកនាំ​របស់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​សម្រេច​ថា តើ​គួរ​ប្តូរ​រូប​វិមានឯករាជ្យ​ចេញ ឬ​រក​រូប​សញ្ញា​ថ្មី ដាក់ជំនួស​វិញ​។​

ប្រភព​ច្បាស់​ការ​បាន​បង្ហើប​ឲ្យ​ដឹងថា រូប​សញ្ញា​សម្គាល់​ថ្មី​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ត្រូវ​ចូលមក​ជំនួស​រូប​វិមានឯករាជ្យ គឺ​រូប​កំពូល​ឆត្ររួត​។ ប៉ុន្តែ​ប្រភព​មិនទាន់​បញ្ជាក់​អំពី​អត្ថន័យ នៃ​ការប្រើប្រាស់​រូប​សញ្ញា​សម្គាល់​គណបក្ស​នៅឡើយ​ទេ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ទៅ​លោក​ញឹក ប៊ុនឆៃ ក្នុងការ​ស្នើសុំ​បង្កើត​គណបក្ស ខ្មែរ​រួបរួម​ជាតិ ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​រូប​សញ្ញា​វិមានឯករាជ្យ ធ្វើជា​សញ្ញា​សម្គាល់​នោះទេ ដោយ​ស្នើ​ឲ្យ​ផ្លាស់ប្តូរ​រូប​សញ្ញា​នេះ​ចេញ​។

ការឆ្លើយតប​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​ញឹក ប៊ុនឆៃ បានដាក់​ពាក្យស្នើសុំ​បង្កើត​គណបក្ស កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ធ្លាប់បាន​ប្រឆាំង​ជាមួយ​លោក​ញឹក ប៊ុនឆៃ ផងដែរ ទាក់ទង​ការយក​រូប​សញ្ញា​វិមានឯករាជ្យ យកទៅ​ធ្វើជា​សញ្ញា​សម្គាល់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​បានធ្វើ​លិខិតស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ឲ្យ​មាន​វិធានការ​ថែមទៀត​ផង​៕​

លោក​ញឹក ប៊ុនឆៃ សម្រេចយក​រូប​កំពូល​ឆត្ររួត​ធ្វើជា​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​