ISIS អង្គការ​ភេរវនិយម​ដែល​គម្រាម​ពិភពលោក​ខ្លាំង​ជាង​គេ បើ​តាម​ចារកម្ម​អាមេរិក


ជាមួយនឹងបរិមាណកើនឡើង នៃការវាយប្រហារនាពេលបច្ចុប្បន្ននេះ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើ​ឲ្យអ្នក​សម្រប​សម្រួល ផ្នែកចារកម្មរបស់អាមេរិកមួយរូប វាយតម្លៃក្រុមភេរវកមម្មមួយនេះ ថាជាការគម្រាមដ៏សំខាន់ និង​ធំ​ជាង​គេ ដល់​ពិភពលោក​សព្វ​ថ្ងៃ។
ISIS អង្គការ​ភេរវនិយម​ដែល​គម្រាម​ពិភពលោក​ខ្លាំង​ជាង​គេ បើ​តាម​ចារកម្ម​អាមេរិក

ជនស្ម័គ្រប្រយុទ្ធ របស់«ព្រះជាម្ចាស់» (ពាក់ខ្មៅបិតមុខ) របស់ក្រុមរដ្ឋអ៊ីស្លាម ត្រៀមប្រហារជីវិតចំណាប់ខ្មាំង មកពីបស្ចឹមលោក កាលពីឆ្នាំ២០១៤។ (រូបថតផ្តិតពីវីដេអូ)

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) បានក្លាយ​ជា​ក្រុមភេរវជនដ៏ធំ ដែលគម្រាមដល់ពិភពលោកខ្លាំងជាងគេ ជាមួយនឹងបរិមាណ នៃការវាយប្រហារនានា ដែល​ចេះ​តែ​កើន​ឡើង នៅជុំវិញផែនដី។ នេះជាការលើកឡើង របស់អ្នកសម្របសម្រួល ផ្នែកចារកម្ម​​ទាំង១៧​ស្ថាប័ន​របស់​អាមេរិក លោក ជេម ក្លាផើរ (James Clapper)។

លោក ជេម បានថ្លែងពន្យល់ជាមួយនឹង របាយការណ៍ប្រចាំឆ្នាំមួយ ដែលធ្វើការវាយតម្លៃ ដល់​ការគម្រាម​នានា​នៅជុំវិញផែនដី យ៉ាងដូច្នេះថា នៅសហរដ្ឋអាមេរិក ការគម្រាមសំខាន់បំផុត របស់ក្រុមអ៊ីស្លាម​និយម​ជ្រុល បាន​កើត​ឡើង​នៅ​លើទឹកដីអាមេរិកផ្ទាល់តែម្ដង។ ការគម្រាមនោះ បង្កឡើងដោយពលរដ្ឋអាមេរិកាំង ឬជន​បរទេស ដែល​រស់នៅលើទឹកដីអាមេរិក។

របាយការណ៍បានបន្តថា ភាពជោគជ័យ នៃការវាយប្រហារជាលក្ខណៈឯកជន នៅក្នុងក្រុង «Chattanooga» នៃ​រដ្ឋ «Tennessee» (ភាគខាងកើត នៃសហរដ្ឋអាមេរិក) កាលពីខែកក្កដាកន្លងទៅ និងនៅក្នុងក្រុង «San Bernardino» កាលពីពេលថ្មីៗនេះ នឹងអាចជា«គំរូ» ដើម្បីមនុស្សដទៃធ្វើត្រាប់តាម ហើយបើកការ​វាយ​ប្រហារ​ផ្សេង​ទៀត។

ទឹកដីព្រះជាម្ចាស់...

អ្នកសម្របសម្រួលផ្នែកចារកម្មរូបនេះ បានឲ្យដឹងទៀតថា៖ «ក្រុមរដ្ឋអ៊ីស្លាម បានក្លាយជាក្រុមភេរវជនដ៏សំខាន់ ដោយសារពួកនេះ បានប្រកាសដោយខ្លួនឯង នូវទឹកដីព្រះជាម្ចាស់ នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់ បូករួម​នឹង​បរិមាណ​កើនឡើង នៃការវាយប្រហារនានា។ ការគម្រាមទាំងនោះ នឹងអាចកើតឡើងទៀត ហើយនឹងជាគំរូ ដើម្បី​ធ្វើការ​វាយប្រហារ នៅជុំវិញផែនដី។»

«ចំពោះក្រុមភេរវនិយមសម្ព័ន្ធមិត្ត ដែលមានឈ្មោះ អាល់កៃដា (Al-Qaïda) វិញ បើទោះជាសហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តបានវាយបង្រាបអង្គការចាត់តាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ត និងប៉ាគីស្តង់រួចហើយក៏ដោយ ក៏​ក្រុម​នេះបានពង្រឹង រចនាសម្ព័ន្ធរបស់ខ្លួន នៅក្នុងរយ:កាលកន្លងមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើ​សកម្មភាព សម្រាប់ឆ្នាំ២០១៦ នេះ។»

សូមជម្រាបជូនថា លោក ជេម ក្លាផើ ជាអ្នកសម្របសម្រួល ទៅលើភ្នាក់ងារចារកម្មចំនួន១៧ស្ថាប័ន មាន​ដូច​ជា CIA,  NSA ឬ DIA (​ចារកម្មយោធាអាមេរិក) ជាដើម។ លោកក៏ជាទីប្រឹក្សាដ៏សំខាន់មួយរូប របស់​ប្រធានាធិបតី​អាមេរិក ក្នុងវិស័យព័តមានសំងាត់នោះដែរ៕