សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ

ភ្នំពេញ៖ សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាសឲ្យដឹងថា សកលវិទ្យាល័យ មានគម្រោងសាងសង់មជ្ឈមណ្ឌល ជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ ដល់និស្សិតទាំងអស់ ប៉ុន្តែគម្រោងមួយនេះនៅមិនទាន់ បានកំណត់ទីតាំង និងកាលបរិច្ឆេទសាងសង់នៅឡើយទេ។

ថ្លែងក្នុងកម្មវិធី ប្រកាសរៀបចំនូវគម្រោង មួយនេះ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នាសកលវិទ្យាល័យពុទ្ធិសាស្ត្រ លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យពុទ្ធិសាស្ត្រ បានលើកឡើងថា មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍនេះ នឹងក្លាយជាកន្លែងអប់រំ ស្រាវជ្រាវ ដែលផ្តោតសំខាន់ទៅលើគោលបំណងចម្បងចំនួន ៣។

លោកបានបន្តថា គោលបំណងទាំង៣នោះ រួមមាន ទី១. ពង្រឹងការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា ដោយផ្តល់ការបណ្តុះបណ្តាលបន្ថែមលើមុខវិជ្ជា ដែលមានស្រាបនៅសកលវិទ្យាល័យ, ទី២. ផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ និងនិស្សិតកម្ពុជា បង្កើត និងលើកកម្ពស់សមត្ថភាព នៃការស្រាវជ្រាវរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ ដែលផ្តោតលើគោលនយោបាយសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទី៣. ការផ្សព្វផ្សាយជំរុញការផ្លាស់ប្តូរ ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍បញ្ញវន្តកម្ពុជា និងអន្តរជាតិ។

លោក សុខ ពុទ្ធីវុធ បានបន្ថែមថា ដើម្បីសម្រេចបាននៅគោលបំណងទាំង៣នេះ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែម ដើម្បីពង្រឹងសមត្ថភាពដល់សាស្ត្រាចារ្យ បុគ្គលិកសិក្សា ព្រមទាំងនិស្សិតទាំងក្នុង និងក្រៅប្រទេស។

មជ្ឈមណ្ឌលមួយនេះ នឹងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ រួមមានសហភាពសហព័ន្ធយុវជនកម្ពុជា, បណ្តាសកលវិទ្យាល័យ, ស្ថាប័នអប់រំ និងស្ថាប័នស្រាវជ្រាវក្នុងស្រុកនានា ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំនានា នៃសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក ដែលរួមមានសកលវិទ្យាល័យកូរ៉េ សកលវិទ្យាល័យឆេអាន, សកលវិទ្យាល័យ The Johns Hopkins, សកលវិទ្យាល័យ Northern Illinois, វិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ និងដៃគូអន្តរជាតិផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងក្រុមអ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ នៃសកលវិទ្យាល័យ និងវិទ្យាស្ថាននានា នៃសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងកម្ពុជាផងដែរ៕

សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ

សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ

សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ

សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងសាងសង់ មជ្ឈមណ្ឌលជ័យវរ្ម័ន សម្រាប់ការអភិវឌ្ឍ