Mourinho អាច​នឹង​រក​ការងារ​ថ្មី​នៅ​ក្រៅ Premier League វិញ

លោក José Mourinho នឹង​ធ្វើ​ការ​ពិចារណា​ទៅ​លើ​ការ​ធ្វើ​ការ ​ជា​គ្រូបង្វឹក​ឲ្យ​ក្លិប​ក្រៅ​ក្របខណ្ឌ​ Premier League ខណៈ​គ្រូ​បង្វឹកសញ្ជាតិ​​​ព័រទុយហ្កាល​រូប​នេះ​​ពុំ​ទាន់​ត្រូវបាន​​ក្រុម​បិសាច​ក្រហម Manchester United ​ទាក់​ទង​ឲ្យ​ទៅ​ជំនួស​កន្លែង លោក Louis van Gaal នៅ​ឡើយ​នោះ​ទេ។

jose-mourinho-2ជម្រើស​ដំបូង​បំផុត​របស់​លោក Mourinho គឺ Manchester United ប្រសិន​ជា​កន្លែង​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប​នេះ​នៅ​ទំនេរ ក៏ប៉ុន្តែ​ដោយសារ​តែ​អនាគត​របស់​លោក Van Gaal ដែល​ជា​គ្រូ​បង្វឹក​បច្ចុបន្ប​របស់​ក្លិប​នេះ​នៅ​តែ​មាន​សភាព​ពុំ​ទាន់​ច្បាស់​លាស់ លោក​បាន​ចាប់​ផ្តើម​ថយ​ចេញ​ពី​ជម្រើស​នោះ។ អតីត​គ្រូបង្វឹក​ក្រុម​តោខៀវ Chelsea ​វ័យ ៥៣ ឆ្នាំ រូប​នេះ​អាច នឹង​ពិចារណា​ទទួល​យក តំណែង​មួយ​នៅ​ក្រៅ​ប្រទេស​អង់គ្លេស​ ហើយ​លោក​ថែម​ទាំង​បាន​បើក​ទូលាយ​ក្នុង​ការ​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​កំពូល​មួយ​ទៀត​នៅប្រទេស​ព័រទុយហ្កាល ទោះ​បី​ជា​លោក​ពុំ​អាច​រំពឹង​ថា​នឹង​ទទួល​​ឱកាស​ល្អៗ​ច្រើន​ក្នុង​ការងារ​នេះ​ក៏​ដោយ។

លោក Ed Woodward អគ្គនាយក​រង​របស់​ក្លិប​ United នៅតែ​បន្ត​ការ​គាំទ្រ​លោក Van Gaal ហើយ​ជាមួយ​នឹង​ការរីក​ចម្រើន​ក្នុង​ការ​លេង និង​លទ្ធផល​កាល​ពី​ពេល​ថ្មីៗ​នេះ វា​អាច​នឹង​មាន​សង្ឃឹម​ថា គ្រូបង្វឹក​ជនជាតិ​ហូឡង់​រូប​នេះ​នឹង​នៅតែ​អាច​បន្ត​ការ​ដឹក​នាំ​ក្លិប​បាន។ ដោយ​នៅសល់​ចំនួន ១៣​ប្រកួត​ទៀត ក្រុម​បិសាច​ក្រហម Man U​ស្ថិត​នៅ​ខាង ក្រោយ​ក្រុម Manchester City ដែល​មាន​ចំណាត់​ថ្នាក់​លេខ ៤ ចំនួន ៦ ​ពិន្ទុ ហើយ​ប្រសិនជា​លោក Van Gaal អាច​នាំ​ក្រុម​នេះ​ឡើង​មក​លេខ ៤ ឬ​ក៏​ល្អ​ជាងនេះ លោក Woodward អាច​នឹង​សម្រេច​ឲ្យ​លោក​ Van Gaal បន្ត​ការងារ​រហូត​ដល់ចប់​កិច្ច​សន្យា៕