រុស្ស៊ី​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​សម្រាប់​ប្រទេស​ស៊ីរី

រុស្ស៊ី​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​សម្រាប់​ប្រទេស​ស៊ីរី

បុរស​ម្នាក់​ជិះ​ម៉ូតូ​របស់​គាត់​កាត់​អគារ​បែកបាក់​ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ ក្នុង​ក្រុង Harasta ប្រទេស​ស៊ីរី។

ប្រទេស​រុស្ស៊ី​កំពុង​ស្នើ​ការ​ឈប់​បាញ់​គ្នា​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​រដ្ឋ​មន្រ្តី​ការបរទេស​បាន​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង Munich ដើម្បី​ស្វះស្វែង​រក​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​ដែល​បាន​កម្ទេច​ប្រទេស​អារ៉ាប់​មួយ​នេះ។

​សំណើ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក Gennady Gatilov ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១ ​ខែ​មីនា។សហរដ្ឋ​អាមេរិក​បាន​ជំ​ទាស់​ប្រឆាំង​ដោយ​ទាមទារ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជាបន្ទាន់​ហើយ​និង​មាន​ជំនួយ​មនុស្សធម៌​កាន់​តែ​ច្រើន​ឡើង​ចូល​ក្នុង​ទីក្រុង​នានា​របស់​ស៊ីរី​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ។

ជម្លោះ​ដែល​មាន​រយៈ​ពេល​៥​ឆ្នាំ​ដែល​បាន​ដាក់​ប្រធានាធិបតី​ស៊ីរី ​បាល់សា ​អាសាដ​ (Bashar Assad) ប្រឆាំង​នឹង​ពួក​កង​កម្លាំង​ឧទ្ទាម​ដែល​ស្វះស្វែង​ទម្លាក់​ប្រធានាធិបតី​អាសាដ ​បាន​ធ្វើ​ឲ្យ​មនុស្សជាង​២​សែន​៥ម៉ឺន​នាក់​ស្លាប់​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​នោះ​ស្ថិត​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

រុស្ស៊ី​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​តាម​អាកាស​នៅ​ក្នុង​ការ​គាំទ្ររបប​អាសាដ ​ដែល​រុស្ស៊ី​និយាយ​ថា ​ការ​វាយ​ប្រហារ​នោះ​គឺ​ប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ចាក់​ឬស​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​បាន​និយាយ​ថា ​ភាគ​ច្រើន​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​នោះ​កំពុង​ដៅ​លើ​ក្រុមនិយម​ផ្លូវ​កណ្តាល​ដែល​ប្រឆាំង​ប្រធានាធិបតី​អាសាដ។

យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​ទី​ក្រុង Aleppo ​បាន​បណ្តាល​ឲ្យ​ក្រុម​ប្រឆាំង​ដើរ​ចេញ​ពី​ការ​ចរចា​សន្តិភាព​ដែល​ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​កាល​ពី​ខែ​មុន៕