ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

ខេត្តព្រៃវែង​៖​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ក្រុម​អាជីវករ​ទិញ​លក់​ស្រូវ​បាន​នាំ​ស្រូវ​សម្រុក​ទៅ​លក់​ឲ្យ​វៀតណាម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​រាប់​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ក៏​ប៉ុន្តែ​បាន​ត្អូញត្អែ​ថា ត្រូវ​បង់​ឲ្យ​កុងត្រូលជជុស​តាម​ផ្លូវ​ច្រើន​កន្លែង​សូម​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មេត្តា​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​មាន​កុងត្រូលជជុស​ច្រើន​ពេក​។ ប្រភព​ពី​អាជីវករ​ដឹកស្រូវ​បាន​បន្ត​ទៀត​ថា​ពួក​គាត់​បាន​ប្រមូល​ទិញ​ស្រូវ​ពី​ខេត្តកំពង់ធំ​ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ​រ​ខា ៥៤ ស្រូវ​ស្ងួត​ល្អ​ទិញ​ពី​ប្រជា​កសិករ​ផ្ទាល់​១​គីឡូ ក្រាម​តម្លៃ​៧៥០​រៀល ចំណាយ​លើ​កម្មករ និង​ការ​ដឹក​ជញ្ជូន​៦០​រៀល​ក្នុង​១​គីឡូក្រាម​លក់ ឲ្យ​វៀតណាម​ដល់​ទូក​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​តម្លៃ​១​គីឡូក្រាម​ស្មើនឹង​៧៨០​រៀល​។​

ក៏​ប៉ុន្តែ​ការ​ចំណាយ​ទៅ​លើស​ត្ថ​កិច្ច​តាម​ដងផ្លូវ​ច្រើ​កន្លែង មក​ពី​ខេត្តកំពង់ធំ​ត្រូវ​បង់​ឲ្យ​ជញ្ជីង​នៅ​ត្រើង​ខេត្តកំពង់ចាម រថយន្ត​ភ្លៅ​៥ ដឹក​៣០​តោន​ត្រូវ​បង់​១០​ម៉ឺន​រៀល​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង យក​១០​ម៉ឺន​រៀល​និង​មាន​នគ​បាល​ចរាចរណ៍​តាម​ផ្លូវ​រថយន្ត​មួយ​គ្រឿង​២​ម៉ឺន​រៀល​បើ​មិន​បង់​ត្រូវ​គេ​ឆែក​រក​ឯកសារ​ឬ​ផាកពិន័យ​លើស​ទម្ងន់​មក​ដល់​ព្រំដែន​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​៣​កន្លែង​សរុប​៥​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​គឺ​ស្ទើ​តែ​អស់ប្រាក់​ចំណេញ ជើង​ខ្លះ​ត្រូវ​ខាត​ទល់​ដើម​ដោយ​កុងត្រូលជជុះ​ចេញ​ច្រើន​។ ប្រភព​ដដែល​បន្ត​ទៀត​ថា​ស្រូវ​ដែល​បាន​ប្រមូល​ទិញ​លក់​ទៅ​ប្រទេស​វៀតណាម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​នេះ​គឺ​ចាប់តាំងពី​ចុង​ខែមករា​២០១៦​មក​ដល់​ខែកុម្ភៈ​២០១៦​នេះ​និង​បន្ត​ទៅ​ដល់​ចុងខែ​មិ​នា​។​ទាក់ទិន​ការ​នាំ​ស្រូវ​គំហុក​ទៅ​ប្រទេស​វៀតណាម​នេះ លោក​ប៊ិ សុង​អភិបាលស្រុក​ព្រះស្តេច​បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា​ស្រូវ​អ៊ី​អ៊ែ​រ​ខា​៥៤​នេះ​គ្មាន​ទីផ្សារ​ក្នុងស្រុក​ទេ​គឺ​មាន​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​ហើយ​អាជីវករ​បាន​ស្រូវ​មក​លក់​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​នេះ​រយះ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​រថយន្ត​ប្រមាណ​ជាង​១០០​គ្រឿងក្នុង​១​គ្រឿង​ដឹក​ពី​៣០​តោន​ទៅ​៤០​តោន​ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​អាច​នាំ​ស្រូវ​ចេញ​បានប្រមាណ​ជា​៤​ពាន់​តោន​។

ចំពោះ​ការ​បង់​សេវា​ក្បាល​ឡាន​លោក​មិន​បានដឹង​ទេ​ដោយ​ច្រក​ទ្វារ​ព្រំដែន​បន្ទាយ​ចក្រី​នេះ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អាជ្ញាធរ​ស្រុក​មិន​លូកដៃ​ទេ​។ រីឯ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​បាន​មាន​ប្រសាសន៍​ថា​ចំពោះ​ការ​នាំ​ស្រូវ​ចេញ​នេះ​ច្រក​ទ្វារ​មិនដឹង​ទេ​សូម​សួរ​ក្រុមហ៊ុន​ទិញ​ស្រូវ​ហើយ​ចំពោះ​ការ​ចោទប្រកាន់​ថា​មាន​សមត្ថកិច្ច​បង់​សេវា​៣​កន្លែង​នោះ​លោក​សូម​បដិសេធ ៕