NATO បង្កើន​វត្តមាន​យោធា​នៅ​អឺរ៉ុប​ខាងកើត​ទប់ទល់​រុស្សី​

​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បក្សសម្ព័ន្ធ​យោធា​NATO បាន​ឯកភាពគ្នា​លើ​ផែនការ​បង្កើន​វត្តមាន​កងកម្លាំង​យោធា​របស់​ខ្លួន​ នៅ​តំបន់​អឺរ៉ុប​ភាគ​ខាងកើត​ និង​កណ្ដាល​។ ការបង្កើន​ចំនួន​ទ័ព​នេះ ​គឺជា​ការពង្រឹង​កម្លាំងរ​បស់​NATO ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ឈ្លានពាន​របស់​រុស្សី ​ចូលក្នុង​តំបន់​ភាគ​ខាងកើត​នេះ​។​

សូមស្តាប់ព័ត៌មានលម្អិត៖

​ក្នុង​សន្និសីទកាសែត​នៅ​ស្នាក់ការ​របស់ខ្លួន អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​NATO លោក Jens Stoltenberg បញ្ជាក់ថា NATO នឹង​បង្កើន​វត្តមាន​យោធា​នៅ​អឺរ៉ុប​ខាងកើត ​ក៏ដូចជា​អឺរ៉ុប​កណ្ដាល ​ដើម្បី​ត្រៀមខ្លួន​នឹង​ការពង្រីក​កម្លាំង​របស់​រុស្សី​មកកាន់​តំបន់​នេះ​។ លោក Stoltenberg និយាយ​ដូច្នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​នៃ​ប្រទេស​ជា​សមាជិក​NATO ទាំង​២៨​ បាន​យល់ព្រម​លើ​ផែនការ​បន្ថែម​កម្លាំង​នេះ កាលពី​ថ្ងៃ​ពុធ ទី​១០​ខែមករា​។​

​បើតាម​លោក Stoltenberg ក្រុម​អ្នករៀបចំ​ផែនការ​យោធា​របស់​NATO នឹង​ផ្ដល់យោបល់​លើ​ចំនួន​នៃ​វត្តមាន​កងកម្លាំង​ដែល​នឹងត្រូវ​បន្ថែម​នេះ​។ មួយវិញទៀត កងកម្លាំង​ទាំងអស់នោះ​នឹងត្រូវ​ចល័ត​ទៅ​ប្រទេស​ផ្សេងៗ​ ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​ពង្រឹងសមត្ថភាព ហើយ​NATO នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ​ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​។

​ឆ្លៀតពេល​នោះដែរ លោក Stoltenberg ក៏បាន​បញ្ជាក់​ពី​គោលការណ៍​ជួយ​គ្នា​ទៅវិញទៅមក ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​របស់​NATO​។ លោក​ថា​៖«​ការវាយប្រហារ​លើស​មា​ជិ​ក​ណាមួយ គឺជា​ការវាយប្រហារ​លើ​សមាជិក​ទាំងអស់ ហើយ​ក្រុម​សម្ព័ន្ធមិត្ត​ទាំងមូល ​នឹង​វាយបក​ទាំងអស់គ្នា​»​។ ថ្វីត្បិតតែ​អគ្គលេខាធិការ​រូបនេះ ​មិនបាន​បញ្ជាក់​ទៅកាន់​ប្រទេស​ណាក៏ដោយ គេ​អាច​យល់បាន​ថា លោក​ចង់​សំដៅ​ដល់​រុស្សី​ ដែល​កំពុងតែ​កាន់កាប់​តំបន់​គ្រី​មា​តែម្ដង​។​

​ការពង្រីក​ឥទ្ធិពល​របស់​រុស្សី​ តាមរយៈ​ការកាន់កាប់​តំបន់​គ្រី​មា​របស់​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​កងកម្លាំង​NATO ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាចក្រែង​រុស្សី​អាច​ឆ្លៀតពេល​ចូលលុកលុយ​តំបន់​អឺរ៉ុប​ខាងកើត ដ្បិត​កងកម្លាំង​រុស្សី ​ដូចជា​បានមក​ដល់​មាត់ទ្វារ​អឺរ៉ុប​ខាងកើត​ទៅហើយ​។ អាមេរិក​ដែលជា​ស្ថិតនៅ​ពីក្រោយ​NATO បាន​បង្កើន​ជំនួយ​ជាច្រើន​ដល់​តំបន់​អឺរ៉ុប ​ដើម្បី​ការពារ​ពី​ការគំរាមកំហែង​នេះ​។

​ជាក់ស្ដែង​នោះ រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បង្កើន​ខ្ទង់ចំណាយ​របស់​ថវិកា​ប្រចាំឆ្នាំ​២០១៧ សម្រាប់​តំបន់​អឺរ៉ុប​។ ទឹកប្រាក់​ដល់​ទៅ​៣.៤​ពាន់​លាន​ដុល្លារ​ ត្រូវ​បានស្នើ​សម្រាប់​ការពង្រឹង​សមត្ថភាព ការហ្វឹកហាត់​ និង​សមយុទ្ធ​ជាដើម​។ ទាំងនេះ​មា​នន័យ​ថា អាមេរិក​បាន​បញ្ជូន​សារ​យ៉ាងច្បាស់​ទៅកាន់​រុស្សីថា ការឈ្លានពាន​ណាមួយ​មក​ក្នុង​តំបន់​ នឹងមិន​ត្រូវបាន​លើកលែង​នោះទេ​។ ហើយ​បើតាម​ផែនការ NATO​និង​អាមេរិក នឹង​ជួយ​ការពារ​ដល់​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ​ជាពិសេស​ប្រទេស​អ៊ុយ​ក្រែ​ន​ ក៏ដូចជា​ប្រទេស​នៅ​តំបន់​បាល​កង់​ផងដែរ​។

​យ៉ាងណាមិញ រុស្សី​ចាត់ទុក​ការបង្កើន​ចំនួន​ទ័ព​នេះ​ ជាការ​ហ៊ុមព័ទ្ធ​ខ្លួន ហើយ​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ដល់​សន្តិសុខ​ និង​ស្ថិរភាព​អឺរ៉ុប​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត វត្តមាន​កងទ័ព​NATO នៅ​តំបន់​នេះ​ គ្រាន់តែ​ជាការ​រារាំង​តំបន់​អឺរ៉ុប​ទាំងមូល ​មិន​ឲ្យ​មាន​សន្តិសុខ​ទៅវិញ​ទេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​