ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

បន្ទាយ​មាន​ជ័យ ៖ រយៈពេល​3​ថ្ងៃ​គិត​ចាប់ពី​ព្រលប់​ថ្ងៃ​ទី​8​ដល់​ព្រលប់​ថ្ងៃ​ទី​11 ខែកុម្ភៈ ឆ្នាំ​2016 មាន​សព​ពលករ​ខ្មែរ​ចំនួន​02​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ពី​ថៃ​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បន្ទាប់​ពី​ស្លាប់​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​និ ង​ខេត្ត​ឈុ​ន​បូ​រី​ប្រទេស​ថៃ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ខេត្ត​ឈុ​ន​បូ​រី​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ព្រលប់​ថ្ងៃ​ទី​08 ខែកុម្ភៈ ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ឌី រ៉ា​ស៊ី​ភេទ​ប្រុស​អាយុ​15​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភៀស ឃុំ​ក​ន្ទ្រ​ង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

សាច់ញាតិ​សព​ប្រាប់​ថា​ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ចូល​ទៅ​ប្រទេស​ថៃ​ដើម្បី​ជួយ​មើលថែ​ក្មួយ​ឲ្យ​មីង​ហើយ​បាន​ជិះ​ម៉ូតូ​បុក​រនាំង​ផ្លូវ​ដួល​ស្លាប់​ដោយ​ខ្លួនឯង​។ ដោយឡែក​ជន​រង​គ្រោះ​បញ្ជូន​មក​ដល់​ព្រលប់​ថ្ងៃ​ទី​11 ខែកុម្ភៈ ឆ្នាំ​2016 ឈ្មោះ​លី គឹ​ម​ជី ភេទ​ប្រុស អាយុ​19​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ជន​រង​គ្រោះ​មុន​ស្លាប់​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ហើយ​ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់​តាំងពី​ថ្ងៃ​ទី​22​ខែមករា​ឆ្នាំ​2016 ទើប​ស្លាប់​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​18​និង​00​នាទី​ព្រលប់​ថ្ងៃ​ទី​10 ខែកុម្ភៈ ឆ្នាំ​2016 នេះ​។ សព​ទាំង​02​ក្រោយ​ភាគី​ថៃ​បញ្ជូន​ដល់​កម្ពុជា ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត​រៀងខ្លួន​ៗ៕