ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ប៉ៃលិន ៖ ល្បែង​ហ្គេ​ម​តាម​អ៊ី​ន​ធើ​ណិ​ត​ដុះ​ស្លែ​ចំនួន​៣​កន្លែង ដែល​ពង្វក់ស្មារតី​ក្មេង​ៗ សិស្សានុសិស្ស​នៅ​ក្រុងប៉ៃលិន​ឱ្យ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​ការ​រៀនសូត្រ និង​គេចវេស​មិន​ចូល​រៀន​នោះ រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចុះ​ឆ្មក់​ចូល​បង្ក្រាប ខណៈ​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​កំពុង​វក់​លេង​យ៉ាង​សប្បាយ ។

ការ​បង្ក្រាប​នេះ​ក្រោយ​ទទួលបញ្ជា​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​៣​ក្រុម​ចុះ​ប្រតិបត្តិការ​ព្រម​គ្នា​តែ​ម្តង ។ ហេតុការណ៍​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុងប៉ៃលិន​នេះ បាន​ធ្វើ​ឡើង​កា ល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទី​១. ស្ថិត​នៅ​ភូមិ​អូរ​ច្រា​កើត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រឹបអូស​បាន​កុំព្យូទ័រ​ចំនួន​១៣​គ្រឿង ទី​២. ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹប​បាន​កុំ​ព្យូ​រ​ទ័​រ​ចំនួន​១២​គ្រឿង និង​ទី​៣. ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រឹបអូស​បាន​កុំព្យូទ័រ​ចំនួន​៨​គ្រឿង ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ទទួលបញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ភ្លាម​ៗ នោះ​កងកម្លាំង​សមត្ថកិច្ច​លោក​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​តែ​ម្តង ដោយ​ឃាត់ខ្លួន​ក្មេង​ប្រុស​ៗ ចំនួន​១៥​នាក់ និង​មនុស្ស​ពេញវ័យ​ចំនួន​៣​នាក់ រឹបអូស​បាន​កុំព្យូទ័រ​ចំនួន​៣២​ឈុត ទូរ​ដាក់​កុំ​ព្យូ​រ​ទ័​រ​ចំនួន​១១​ទូ កៅអី​ជ័រ ចំនួន​៨​កៅអី និង​ម៉ូតូ​ចំនួន​៩​គ្រឿង ។ លោ​កប ន្ត​ទៀត​ថា ក្រោយមក​ក៏​បាន​ហៅ​ម្ចាស់​អាជីវកម្ម​អ៊ី​ន​ធើ​ណេ​ត​ខាងលើ​ទាំង​៣​នាក់ យក​មក​ធ្វើ ការ​អប់រំ និង​ផាកពិន័យ​រាងចាល ។

លោក​បញ្ជាក់​ថា ក្មេង​ៗ សិស្សសាលា​ទាំងនោះ ខាង​លោក​បាន​កោះហៅ​ឪពុក​ម្តាយ​ឱ្យមក​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​រាងចាល​ឈប់​បណ្តែតបណ្តោយ​កូន​ឱ្យ​ចូល​លេងល្បែង​បន្ត​ទៀត ។ ចំណែក​មនុស្ស​ពេញវ័យ​ចំនួន​៣​នាក់​ទៀត ខាង​សមត្ថកិច្ច​ក៏​ធ្វើការ​អប់រំ​មិន​ឱ្យ​លេងល្បែង​ហ្គេ​ម​តាម​អ៊ី​ន​ធើ​ណិ​ត​នេះ​ដែរ ។ លោក​រម្លឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ​មុន​២០១៥​ខាង​កងរាជអាវុធហត្ថ​ខេត្ត ធ្លាប់​ចុះ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ម្តង​រួច​ទៅ​ហើយ ដោយ​បាន​ហៅ​ក្មេង​ៗ ជា​សិស្ស និង​ម្ចាស់​ទូ​ហ្គេ​ម​យក​ទៅ​អប់រំ រួច​បញ្ឈប់​មិន​ឱ្យ​បើក​ល្បែង​មួយ​នេះ​បន្ត​ទៀត ។

ចំណែក​ឪពុក​ម្តាយ​សិស្សានុសិស្ស​ជា​ច្រើន​នៅ​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ការ​សប្បាយ រីករាយ​ក្នុង​ចិត្ត​ឥត​ឧបមា ខណៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​បន​ល្បែង​តាម​អ៊ី​ន​ធើ​ណេ​ត​នេះ ព្រោះ​អី​កូន​ៗ របស់​ពួក​គាត់​មួយ​ចំនួន​តែងតែ​គេចវេស​មិន​ចូល​រៀន ថែម​ទាំង​លួច​លុយកាក់ យក​ទៅ​លេងល្បែង​ផង​ដែរ ហើយ​ខណៈ​ឪពុក​ម្តាយ​វាយ​ប្រដៅ​កូន​របស់​ខ្លួន ក៏​ត្រូវ​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ហៅ​ទៅ​ព្រមាន​អប់រំ​ម្តង​រួច​ទៅ​ហើយ ធ្វើ​ឱ្យ​ពួក​គាត់​មាន​ក្តី​អាម៉ាស់​យ៉ាង​ខ្លាំង ៕