ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង​៖​មាន​ទីតាំង​លក់​កាហ្វេ​និង​បើក​លេងល្បែង​ផង​ជាង​៩​ឆ្នាំ​មក​ហើយ​បាន​លេង​យ៉ាង​សុខ​ស្រួល​រហូត​ពុំ​មានកា​រំខាន​ពី​សមត្ថកិច្ច​ម្តងណា​ឡើយ ។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា​បានជា​គ្មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​នោះ​មក​ពី​បាន​ទទួល​សំណែន​ទើប​បិទ​ភ្នែក​រហូត​សព្វ​ថ្ងៃនេះ​។​តូប​លក់​កាហ្វេ​បើក​វង់ល្បែង​បៀរ​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ខាងកើត​ផ្សារ​កំពង់​សឹង​ជាប់​ក្បែរ​ទីតាំង​លក់ ទិញ អេ​ត​ចាយ​ក្នុងភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

បើ​យោង​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ថា កន្លែង​លក់​កាហ្វេ​នេះ​ចាប់ផ្តើម​លេងល្បែង​គ្រប់​ប្រភេទ រួម​នឹង​ជា​កន្លែង​ណាត់គ្នា​ជល់​មាន់​ផង​ដែរ គឺ​ចាប់ផ្តើម​លេង​ពីរ​ម៉ោង ជិត​៩​ព្រឹក រហូត​ដល់ យប់​ងងឹត ហើយ​អ្នកខ្លះ​លេង​ចាញ់​អស់​មិន​ទៅ​ផ្ទះ​ទេរ​ហូត​ទល់​តែ​ប្រពន្ធ​មក​តាម ខ្លះ​ឈ្លោះ​ជេរ ប្រកែក​គ្នា​ស្ទើរ​រាល់​អាទិត្យ​ផង ។​ពួក​គាត់​បន្ត​ថា ល្បែង​លេង​នោះ​ទី​១ លេងបៀរ​គ្រប់​ប្រភេទ ខ្លះ​អាប៉ោង ខ្លះ​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​) ហើយ​លេង​មួយ​ដៃ​ៗ ចាប់ពី ២​ពាន់​រៀល​រហូត​ដល់ ៥​ម៉ឺន​រៀល តាម​វង់​តូច​ឬ​ធំ តាម​ការ​សងសឹក​ចាញ់​ឬ​ឈ្នះ ហើយ​អ្នកលេង​មក ប្រភព​ទី​១ អ្នក​ភូមិ ទី​២ ប៉ូ​លី​ស ប៉េ​អឹ​ម​ទី​៣ អ្នក​រកស៊ី​ជួញ​ជ្រូក និង អ្នកលេង​ដៃ​ធំ​ៗ​គឺ​អ្នក​រកស៊ី​ជួញ​គោ ក្របី ហើយ​ពេល​លេង​ដៃ​ធំ​ៗ តុង​ច្រើន​ៗ ម្ចាស់​ហាង​កាហ្វេ មិន​យក​លុយ​កាហ្វេ ឬ​ទឹក​សុទ្ធ​ភេ​ស​ជ្ជះ​អ្វី​ទេ គឺ​ហ្វ្រី​ៗៗ តែ​ម្តង ។​ប្រភព​ពលរដ្ឋ​បន្ថែម​ថា គិត​ជា​ទឹក​លុយ​កេង​ក្នុង​កន្លែង​លក់​កាហ្វេ​នេះ ជា​មធ្យម​ចរន្ត​សាច់ប្រាក់​លេង​មួយ​ថ្ងៃ​ៗ រង្វង់​១​លាន​រៀល រហូត ដល់​ជាង​១០​លាន​រៀល ហើយ​សមត្ថកិច្ច​ទៅ​លេង​នោះ​តាម​ពិត​ចាំ​គិតលុយ​តុង​ជាមួយ​ម្ចាស់ផ្ទះ​។​កន្លង​មក អ្នក​សារព័ត៌មាន ទទួល​បាន​ដំណឹង​នេះ​ពីរ​ពលរដ្ឋ​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ឲ្យ​លោក​មាន​វិធានការ​ក៏​ប៉ុន្តែ​ជិត​១​ខែ​ហើយ មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​ទេ ដោយ​លោក​មាន​ប្រសាសន៍ ថា​រឿង​តិចតួច​ចាំ​ខ្ញុំ​ប្រាប់​ឱ្យ​លោក អធិការ​ចាត់ការ បញ្ឈប់​កុំ​ឲ្យ​លេង​តទៅ​ទៀត​។
រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១១​កុម្ភៈ​២០១៦​នេះ​ចំនួន​អ្នកលេង​នៅ​តែ​បន្ត​លេង​ជា​ធម្មតា​ជា​មធ្យម​មួយ​ថ្ងៃ​ប្រមាណ​១០០​នាក់​ដដែល​ជា​ដដែល​។​ហើយ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មួយ​ចំនួន​លួច​បង្ហើប​ថា មូលហេតុ​សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប កន្លែង លេងល្បែង​គឺ​ដោយសារ​ទីតាំង​លេងល្បែង​ជា​ឆ្នាំងបាយ​ប្រចាំ​ថ្ងៃ​របស់​សមត្ថកិច្ច​ហើយ​មិន​ត្រឹមតែ​ឃុំ​កំពង់​សឹង​ទេ មាន​កន្លែង​លេងល្បែង​នោះ ជាង​១០០​ឃុំ​ទូ​ទាំង​ខេត្ត​ឃុំ​ណា​ក៏​មាន​កន្លែង​លេងល្បែង​ដែរ គ្រាន់តែ ឃុំ​ខ្លះ​មាន​តិច ខ្លះ​មាន​ច្រើន ពីរ​រង្វង់​៣​ទៅ ១៥​កន្លែង ដូច​ឃុំ​កំពង់​សឹង​មាន​ប្រាំ​កន្លែង តែ​កន្លែង​លក់​កាហ្វេ​នេះ​ជាទី​តាំង​ធំ​និង​យូរ​ជាងគេ ។

ហើយ​ការ​បិទ​បាំង​កន្លែង​លេងល្បែង​របស់​សមត្ថកិច្ច​មក​ពីរ​កន្លែង​ល្បែង​ទាំងនោះ​ឲ្យ​លុយ ហើយ​លុយ​មួយ​ចំនួន​សម្រាប់​ឲ្យ​សមត្ថកិច្ច​ចុះ​ធ្វើការពីព្រោះ​ប្រាក់​បេសកកម្ម របស់​ប៉ូលិស​ស្ទើរពាក់កណ្តាល​មិន​បាន​ធ្លាក់​ដល់​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទេនេះ​បើ​យោង​តាម​ការ​លួច​បង្ហើប​ពីរ​មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់​។​ហើយ​ប្រសិនបើ​លោកស្នងការ​គ្មាន​វិធានការ​ចុះ​ង្ក្រា​ប​ទេ​នោះ​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំណុច​ពិតជា​ពុំ​មាន​ប្រសិទ្ធិ​ភាព​ឡើយ​។​ទាក់ទិន​ករណី​ល្បែងស៊ីសង​ខាងលើ​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពីរ​លោកនាយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​សឹង និង​លោក​អធិការ​នៃ​អធិការដ្ឋាន​ស្រុក​ព្រះស្តេច​បាន​ទេ​នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​នេះ​៕​