សកម្មជន​បរិសា្ថន​សុំ​ឱ្យ​ជំនួប​អាមេរិក​និង​អាស៊ាន​លើក​ឡើងពី​ទំនប់​ដនសាហុង

សកម្មជន​បរិសា្ថន​សុំ​ឱ្យ​ជំនួប​អាមេរិក​និង​អាស៊ាន​លើក​ឡើងពី​ទំនប់​ដនសាហុង

អ្នក​នេសាទ​បឹង​សំណាញ់​នេសាទត្រី​នៅ​ទន្លេ​ដនសាហុង។ រដ្ឋាភិបាល​ឡាវ​បានគ្រោងសង់​ទំនប់​វារីអគ្គិសនី​ដែល​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន៦០០លាន​ដុល្លារ ដែល​នឹង​ទំនប់​នេះ​នឹង​ប៉ះពាល់​ដល់​មច្ឆាជាតិ។ (Luke Hunt for VOA News)អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​​ ធ្លាប់​បាន​ចេញ​របាយការណ៍​ច្រើន​មក​ហើយ​ស្តីអំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី ​អគ្គិសនី​ដន​សា​ហុង ​ដល់​ធនធាន​ត្រី​ និង​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវចម្រុះ​ និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។ ភ្នំពេញ—

តំណាង​សហគមន៍​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដនសាហុង​ ប្រទេស​ឡាវ និង​អ្នក​ការពារ​បរិស្ថាន​ ស្នើ​ឲ្យ​ការ​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ធ្វើការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​អំពី​ទំនប់​វារី​អគ្គិសនី​មួយ​នេះ​ ដោយសារ​តែ​ពួក​គេ​យល់​ថា​ទំនប់​នេះ​ នឹង​បង្ក​វិនាស​កម្ម​ដល់​ធនធាន​ត្រី។​

ការ​ស្នើ​របស់​ពួកគេ​កើត​មាន​ ខណៈដែល​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មេដឹកនាំ​១០​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៥​ ខែកុម្ភៈ​ ខាងមុខ​នេះ។​ ជំនួប​កំពូល​នេះ​នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​កន្លែង​លំហែ​កាយ​ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។​ នៅ​ទីនោះ​ ​មេដឹកនាំ​អាស៊ាន​ទាំង​១០ នឹង​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ ​អូបាម៉ា (Barack Obama)។​

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​ធ្វើ​ឡើង​នៅ​ឯទីស្នាក់​ការ​របស់​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ហៅកាត់​ថា​ NGO Forum ​ លោក​ ឡូង​ សូចែត​ ប្រធាន​សម្ព័ន្ធភាព​ប្រជា​នេសាទ​កម្ពុជា​នៃ​ខេត្ត​ពោធិ៍សាត់​ ថ្លែង​ថា​ ការ​ស្នើ​នេះ​គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​ទំនប់​នេះ។​

«កន្លង​មក​ទាក់​ទង​នឹង​ដន​សាហុង​ ធ្លាប់​មាន​ការ​ពិភាក្សា​ដែរ។​ ប៉ុន្តែ​យើង​បាន​បង្ហាញ​អំពី​ទស្សនៈ​ និង​គោលជំហរ​របស់​សហគមន៍​នៅ​ក្នុង​បឹង​ទន្លេសាប​ថា​ យើង​អត់​ទទួល​យក​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​ដនសាហុង។​ យើង​មិន​អាចឯកភាព​ យើង​មិនព្រម​ឲ្យ​មាន​ការ​សាងសង់​ទេ​ ព្រោះ​យើង​គិតថា​ បើសិន​ជា​មាន​ការ​សាងសង់​ទំនប់​ហ្នឹង​ឡើង​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជល​ផល។​ អញ្ចឹង​យើង​ ពួកយើង​រស់​នឹង​ធនធាន​ជលផល។ បើ​អស់​ធនធាន​ជលផល​ យើង​មាន​អ្វី​រំពឹង​ទៀត។​ អញ្ចឹង​ហើយ​ យើង​ទាម​ទារ​សុំ​មិន​ឲ្យ​មាន​ការ​សាងសង់»។

VOA ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក​ ចាន់​ យុទ្ធថា​ អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ តែ​លោក​បដិសេធ​ និង​បាន​បង្វែរ​សំណួរ​ទៅ​លោក​ តែ ណាវុធ​ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​ ដែល​ VOA​ មិនអាច​ទាក់​ទងបាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា ធ្លាប់​បាន​ចេញ​របាយការណ៍​ច្រើន​មក​ហើយ​ស្តីអំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វា​រី ​អគ្គិសនី​ដន​សា​ហុង ​ដល់​ធនធាន​ត្រី​ និង​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ដល់​ជីវចម្រុះ​ និង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជីវិត​រស់នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។ ក្រៅ​ពីនេះ​ ​ទំនប់​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាង៦លាន​នាក់​ ដែល​រស់នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។​

លោក​ តឹក​ វណ្ណារ៉ា​នាយកប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ថ្លែងប្រាប់​វីអូអេ ក្រោយ​ពីសន្និសីទ​សារព័ត៌មាន​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​កិច្ច​ប្រជុំ​កំពូល​នោះ​នឹង​ លើក​យក​បញ្ហា​ទំនប់នោះមក​ពិភាក្សា​ បន្ថែម​លើប្រធាន​បទ​សំខាន់​ៗ​ផ្សេង​ទៀត​ ដូច​ជា​ទំនាស់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​ លោក​មាន​ប្រសាសន៍​ថា​៖​ ​

«រឿង​ហ្នឹង​វា​ជា​រឿង​ធំ​របស់​អាស៊ាន។​ អាស៊ាន​ដីគោក​ទាំងប្រាំ​ប្រទេស​ ហើយ​បូក​នឹង​ចិន​ផងដែរ​ ពីព្រោះ​អាហ្នឹង​គឺ​ជា​ប្រធាន​បទ​មួយ​សំខាន់​ដែរ។​ អញ្ចឹង ខ្ញុំ​ជឿជាក់​អាមេរិក​នឹង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ប្រធាន​បទ​ហ្នឹង​ ព្រោះ​អាស៊ាន​ដីគោកទាំង​ប្រាំហ្នឹង វា​មាន​ទន្លេ​មេគង្គ​ហូរ​ជា​លក្ខណៈ​រួម​ ​ហើយ​នៅ​ក្នុង​ ក្នុង​បរិបទ​ទាក់​ទង​ទីតាំង​ភូមិសាស្ត្រ​ ក៏ចិន​មាន​ឥទ្ធិពល​មក​លើ​អាស៊ាន​ដីគោក​ទាំង​ប្រាំ​ហ្នឹង​ផង​ដែរ។​ អញ្ចឹង​ប្រហែល​មាន​ន័យ​ថា​ នឹង​អាច​មាន​ការ​ពិភាក្សា​ទៅលើ​បញ្ហា​ហ្នឹង ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ទាំង​ផ្នែក​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ ហើយ​ទាំង​ផ្នែក​ទាក់​ទង​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​»​។​

បន្ថែម​លើ​ការ​ស្នើ​ឲ្យ​មាន​ការជជែក​ពី​ទំនប់​ដនសាហុង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ លោក​ យក់​ សេងឡុង​ នាយក​ប្រតិបត្តិ​រង​នៃ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ អំពាវនាវ​ឲ្យ​ឈប់​ទទួល​ទាន​ស្រាបៀរ​អង្គរ​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​ខេមប្រ៊ូវ​ ដោយហេតុថា​ ក្រុម​ហ៊ុន​នេះ​មាន​ចំណែក​ភាគហ៊ុន​ក្នុង​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដ៏ចម្រូង​ចម្រាស់នេះ។

«ដោយសារ​ស្រាបៀរ​អង្គរ​ហ្នឹង​មាន​ចំណែកមួយដ៏ធំនៅ​ក្នុង​ការ​កសាង​ទំនប់​ដន​សាហុង។​ អញ្ចឹង​យើង​នឹង​ស្នើ​សុំ​ឲ្យ​អ្នក​ដែល​ពាក់​ព័ន្ធ​ អ្នកដែល​ចូលចិត្ត​ញាំ​ស្រាបៀរ​អង្គរ​នេះ ធ្វើ​ម៉េច​មេត្តា​បញ្ឈប់​ការញាំ​ស្រាបៀរ​អង្គរ​ ដោយសារ​ស្រាបៀរ​អង្គរ​នេះ​បំផ្លាញ​ មាន​ការរួមចំណែកយ៉ាង​ធំ​នៅ​ក្នុង​ការ​ចូលរួម​បំផ្លាញ​ធនធាន​ធម្មជាតិ»។

ទំនប់ដន​សាហុង​នឹង​ត្រូវ​សាងសង់​នៅ​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​ឡាវ​និង​កម្ពុជា។ ប្រទេសវៀតណាម​ដែល​តែង​តែ​ជំទាស់​នឹង​ការសាងសង់​នេះ​បាន​ទទូច​ឱ្យ​មាន​ការ​សិក្សា​ថែម​ទៀត​ពី​ផល​ប៉ះពាល់​ដល់​គុណភាព​ទឹកនិង​ផល​ប៉ះពាល់​មក​លើ​ប្រទេស​ដែល​នៅ​ខ្សែទឹក​ខាង​ក្រោម។​

ក្រុមហ៊ុន​ ម៉ាឡេស៊ី​ Mega First Corporation Bhd (MFCB) ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​ទំបន់​ដនសាហុង​ នឹង​ធ្វើប្រតិបត្តិការ​លក់​ឋាមពល​អគ្គិសនី។ ក្រុមហ៊ុន​នោះ​តែងតែ​រង​ការរិះគន់​ពីក្រុម​អ្នក​ការពារ​បរិស្ថាន​ជាតិ​ និង​អន្តរជាតិ​ថា​ មិន​បាន​បង្ហាញ​នូវ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ ចំពោះ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​ឲ្យ​បាន​ទូលំទូលាយ​ វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ឆ្លង​ព្រំដែន​ និង​មិន​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​ ដែល​រង​ផល​ប៉ះពាល់​នៅ​បណ្តា​ប្រទេស​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។​

យ៉ាងណា​ក៏ដោយ​ លោក​ Khoo Teng Keat ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​មក​ថា​ ទំនប់​នេះ​នឹង​ធ្វើ​រួចរាល់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩ ​ហើយ​នឹង​ផ្តល់​ចំណូល​ជាង​១០០លាន​ដុល្លារ៕