យូនីសេហ្វ​នឹង​ចំណាយ​ថវិកា​៦៥លាន​ដុល្លារ​ជួយ​កុមារ​ក្រីក្រ​កម្ពុជា

យូនីសេហ្វ​នឹង​ចំណាយ​ថវិកា​៦៥លាន​ដុល្លារ​ជួយ​កុមារ​ក្រីក្រ​កម្ពុជា

លោក ​ឆាយ​ ថន ​រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ និង​លោកស្រី Debora Comini ប្រធាន​អង្គការ​យូនីសេហ្វ ចុះ​ហត្ថលេខា​លើ​គម្រោង​សកម្មភាព​អភិវឌ្ឍកុមារ​សម្រាប់​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃ​ពុធ ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​យូនីសេហ្វ)អង្គការ​យូនីសេហ្វ​ បាន​បញ្ជាក់​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ពួកគេ​នឹង​ចំណាយ​ថវិកា​ចំនួន​៦៥​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​កុមារ​ពីឆ្នាំ​២០១៦​ដល់​២០១៨​ ដើម្បី​ជួយ​លើក​កម្ពស់​គុណភាព​ជីវិត ការ​សិក្សា​អប់រំ​ និង​ការ​ការពារ​កុមារ​ជាដើម។ វ៉ាស៊ីនតោន—

អត្រា​មរណភាព​របស់​កុមារ​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៣ដង​ច្រើន​ជាង​កុមារ​ ដែល​មក​ពី​គ្រួសារ​ដែល​មាន​ទ្រព្យ​ធន​ច្រើន​ នៅ​មុន​ពេល​ដែល​ពួកគេ​មាន​អាយុ​៥ឆ្នាំ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​យូនីសេហ្វ​។

អង្គការ​សហ​ប្រជាជាតិ​ដែល​ទទួល​បន្ទុក​ខាង​ផ្នែក​កុមារ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ កុមារ​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ជន​បទ​ ជនជាតិ​ភាគតិច​ និង​កុមារ​ពិការ​ភាគ​ច្រើន​បោះបង់​ចោល​ការ​សិក្សា​នៅ​ត្រឹម​កម្រិត​បឋមសិក្សា​ ហើយ​អ្នក​ខ្លះ​មានឱកាស​តិចតួច​ណាស់​ក្នុង​ការសិក្សា​ឱ្យ​បាន​ចប់​កម្រិត​ថ្នាក់​ទី៦​នេះ។​

អង្គការ​យូនីសេហ្វ​ បាន​បញ្ជាក់​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ពួកគេ​នឹង​ចំណាយ​ថវិកា​ចំនួន​៦៥​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​កុមារ​ពីឆ្នាំ​២០១៦​ដល់​២០១៨​ ដើម្បី​ជួយ​លើក​កម្ពស់​គុណភាព​ជីវិត ការ​សិក្សា​អប់រំ​ និង​ការ​ការពារ​កុមារ​ជាដើម។

លោក​ ឆាយ​ ថន ​រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ចាប់ផ្តើម​គម្រោង​ថ្មី​នេះ​ដោយ​ទទួល​ស្គាល់​ថា​ នៅ​មាន​កុមារ​ជាច្រើន​ទៀត​នៅ​ពុំទាន់​ទទួល​បាន​ការ​គាំទ្រ​ថ្មី​ បើ​ទោះ​បី​ជា​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក​បាន​ទទួល​លទ្ធផល​ល្អ​ខ្លះ​ហើយ​ក៏ដោយ។

លោក​បាន​បន្ថែម​ថា៖​«យើង​សប្បាយ​រីករាយ​ណាស់​ ដោយ​សារ​កម្មវិធី​ប្រចាំ​ប្រទេស​ថ្មីនេះ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​កុមារ​ ដែល​ងាយ​រងគ្រោះ​បំផុត​ដែល​ធ្វើ​ឱ្យ​មាន​កុមារ​កាន់​តែ​ច្រើន​នៅ​កម្ពុជា​មាន​ឱកាស​រស់រាន​មាន​ជីវិត និង​លូតលាស់​ពេញ​វ័យ​ប្រកប​ដោយ​សុខភាព​ល្អ​ និង​ផលិតភាព​ខ្ពស់‍»។​

សម្រាប់​កម្មវិធី​បីឆ្នាំ​ខាង​មុខ​រហូត​ដល់​ឆ្នាំ​២០១៨ អង្គការ​យូនីសេហ្វ​នឹង​ផ្តោត​សំខាន់​លើ​ខេត្ត​ ស្រុក និង​ឃុំ​ទាំងឡាយ​ណា ​ដែល​កម្រិត​នៃ​ការ​អភិវឌ្ឍន៍​តិចតួច​សម្រាប់​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ។

លោកស្រី​ Debora Comini ប្រធាន​អង្គការ​យូនីសេហ្វ​បាន​បញ្ជាក់​ដែរ​ថា៖​«វិសមភាព​អាច​បន្ត​ពី​មួយ​ជំនាន់​ទៅ​ជំនាន់​មួយ​ទៀត​នៅ​ក្នុង​វដ្ត​ជីវិត​ដែល​គ្មាន​ទីបញ្ចប់​ ហើយ​ដែល​នឹង​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល។ ហេតុ​ដូចនេះ​ ការ​វិនិយោគ​លើ​កុមារ​គឺ​ជា​ការ​វិនិយោគ​ដ៏ល្អ​បំផុត ​ដែល​ប្រទេស​កម្ពុជា​អាច​ធ្វើ​បាន​សម្រាប់​អនាគត​របស់​ខ្លួន‍»៕