សមាជិក​សភា​អាស៊ាន ជំរុញ​ឲ្យ​លោក អូបាម៉ា យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​អាទិភាព ពេល​ជួប​ប្រមុខ​ដឹកនាំ​អាស៊ាន

សមាជិក​សភា​អាស៊ាន ជំរុញ​ឲ្យ​លោក អូបាម៉ា យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​អាទិភាព ពេល​ជួប​ប្រមុខ​ដឹកនាំ​អាស៊ាន

ទំព័រមុខ​នៃ​លិខិត​​របស់​សមាជិក​សភា​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​សរសេរ​ទៅ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ដោយ​អំពាវនាវ​ឲ្យ​លោក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ជា​អាទិភាព ពេល​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​អាស៊ាន ដែល​លិខិត​​នេះ VOA បាន​ទទួល​នៅ​ថ្ងៃទី ​១១ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ សមាជិក​សភា​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR)សមាជិក​សភា​ទាំង​នេះ សរសេរ​ថា «បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​បញ្ហា​តូច​តាច​ ជាង​បញ្ហា​សេដ្ឋកិច្ច​ឬ​សន្តិសុខ​នោះ​ទេ»។ វ៉ាស៊ីនតោន—

សមាជិក​សភា​ជាង​១០០​នាក់​ដែល​គាំទ្រ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ មក​ពី​តំបន់​អាស៊ីអាគ្នេយ៍ បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ផ្ដល់​អាទិភាព​ដល់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​នោះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ពួកគេ នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ ដែល​ក្រុម​សមាជិក​សភា​ទាំងនេះ បាន​សរសេរ​ទៅកាន់​លោក អូបាម៉ា ហើយ​ដែលVOA ទទួល​បាន​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ។

សមាជិកសភា​ មកពី​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ បាន​សរសេរ​នៅ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​នេះ​ថា «ពួក​យើង​ ស្នើ​លោក​ប្រធានាធិបតី​ ជំរុញ​ឲ្យ​មេដឹកនាំ​ទាំង​នេះ គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​ពួកគេ មិន​ទាន់​បាន​បំពេញ​នៅឡើយ ហើយ សូម​ឲ្យ​លោក​ប្រធានាធិបតី លើកឡើង​ដោយ​ផ្ទាល់​នូវ​កង្វល់​ជាក់លាក់​ជាមួយ​មេដឹកនាំ​[អាស៊ាន] ទាំង​នោះ»។

ការ​សរសេរ​សំបុត្រ​របស់​សមាជិក​សភា​ពី​តំបន់​អាស៊ីអាគ្នេយ៍​នេះ ធ្វើឡើង ​មុន​ពេល​ដែល ​មេដឹកនាំ​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ទទួល​ស្វាគមន៍​ក្រុម​មេដឹកនាំ​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ពួកគេ ​នៅ​ឯ​រមណីយដ្ឋាន Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែ​កុម្ភៈ​នេះ។

នៅ​ក្នុង​លិខិត​ដដែល​នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ទាំង​នេះ បាន​លើកឡើង​ថា ទោះបីជា​ពួកគេ ទទួលស្គាល់​និង​យល់​ពី​បំណង​របស់​រដ្ឋបាល​លោក ​អូបាម៉ា ក្នុង​ការ​ពង្រឹង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ក៏​ដោយ ក៏​ពួកគេ ទទូច​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ផ្ដោត​អាទិភាព​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​នោះ​ដែរ។

សមាជិក​សភា​ទាំង​នេះ សរសេរ​ថា «បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​បញ្ហា​តូច​តាច​ ជាង​បញ្ហា​សេដ្ឋកិច្ច​ឬ​សន្តិសុខ​នោះ​ទេ»។

ក្រុម​សមាជិក​សភា​ទាំង​នេះ​ បន្ត​នៅ​ក្នុង​លិខិត​របស់​ពួកគេថា «ក្នុង​ចំណោម​បញ្ហា​ដ៏​លេច​ធ្លោ​ដែល​ត្រូវ​ដោះស្រាយ​នោះ​គឺ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើសិទ្ធិ​កាន់កាប់​ដីធ្លី តាម​រយៈ​ការ​ដកហូត​យក​ដីធ្លី​ពី​ពលរដ្ឋ​តាម​ទំនើង​ចិត្ត ការ​បដិសេធ មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​ការ​រឹតត្បិត​លើ​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ និង​ការ​បង្កើត​សមាគម ជាដើម​ ដែល​បញ្ហា​ទាំង​នេះ បាន​ប៉ះពាល់​ពលរដ្ឋ​អាស៊ាន​ច្រើន​ជ្រុល»។

ក្រុម​សមាជិក​សភា​ដដែល​ បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ក្នុង​គោលជំហរ​ពិសេស​មួយ​ ក្នុង​ការ​គាំទ្រ​ការ​ទាម​ទារ​របស់​ពួកគេ។

«ពួក​យើង​ សង្ឃឹម​ថា លោក​ប្រធានាធិបតី នឹង​ជួយ​ពួក​យើង នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​សម្រេច​ឲ្យ​បាន​សហគមន៍​អាស៊ាន​មួយ ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​នេះ និង​ពិត​ជា​សហគមន៍​ដែល​ផ្ដោត​ទៅលើ​ប្រជាពលរដ្ឋ​អាស៊ាន ពិត​ប្រាកដ​មែន»។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ដដែល​នេះ៕