ឆែក​សិប្បកម្ម​ស្តុក​ឈើ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង

ឆែក​សិប្បកម្ម​ស្តុក​ឈើ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ ទីតាំង​សិប្បកម្ម​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា មាន​ស្តុក​ឈើ​ប្រណីត​ជា​ច្រើន ។ ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​នោះ គឺ​បាន​ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ដែល​មានការ​ចូលរួម​ពី​សំណាក់​សមាជិក​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​រង និង​កងកម្លាំងប្រដាប់អាវុធ​ជា​ច្រើន​នាក់ ។

ពាក់ព័ន្ធ​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​នោះ​ជំនាញ​បាន​រក​ឃើញ​គំនរ​ឈើ​ចាស់​មួយ​ចំនួន​ទៀត ក្បែរ​រោង​សិប្បកម្ម​នោះ និង​បាន​ស្រាវជ្រាវ​រក​ម្ចាស់​មក​ទទួលស្គាល់​លើ​កំណត់​ហេ​ត​តែ​មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​អះអាង​នោះ​ឡើយ ។ ទាក់ទិន​ទៅ​នឹង​ទីតាំង​រោង​សិប្បកម្ម​របស់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿ​ង ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​និង​ផ្ទៀងផ្ទាត់​ឯកសារ​ផ្លូវច្បាប់ ក្នុង​ការ​ស្នើ​សុំ​ធ្វើការ​កែ​ច្នៃ​គ្រឿងសង្ហារិម ។

លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​មានការ​ចូលរួម​ដោយ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ហើយ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​រួម​ជាមួយ​ជំនាញ​បាន​ផ្ទៀងផ្ទាត់​លើ​ឯកសារ​ច្បាប់ តើ​ឈើ​ទាំងនេះ​មាន​ភាព​ស្របច្បាប់​យ៉ាងណា​និង​ឈើ​មិន​ស្របច្បាប់​យ៉ាងណា ?

លោក​អនុសេនីយ៍ឯក វ៉​ន សុ​គុណ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា រហូត​មក​ទល់​រសៀល​ម៉ោងជាង​១​ថ្ងៃ​ទី​១១ កុម្ភៈ ជំនាញ​និង​កម្លាំង​ចម្រុះ​នៅ​មិន​ទាន់​ទទួល​របាយការណ៍​ច្បាស់លាស់​នៅឡើយ​ទេ តែ​កម្លាំង​ចម្រុះ​កំពុង​ពង្រាយ​កម្លាំង​យាមកាម​នៅ​ទីនោះ ហើយ​នៅ​រសៀល​ម៉ោង​ជិត​៥​ល្ងាច អាច​នឹង​ដឹង​អំពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ  ។

ស្ថិត​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែង​នៅ​ភូមិ​បា​ចុង​នោះ ម្ចាស់​រោង​សិប្បកម្ម​ដែល ឈរឈ្មោះ​ហេង សំនៀង ហៅ​យាយ​ព្រឿ​ង​នោះ​គេ​បាន​នាំ​យក​ឯកសារ​ច្បាប់​មួយ​ចំនួន​មក​បង្ហាញ​សមត្ថកិច្ច​និង​អាជ្ញាធរ បញ្ជាក់​ពី​ភាព​ស្អាតស្អំ តែ​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ក្នុង​នោះ​មាន​ឈើ​ប្រណីត​មួយ​ចំនួន​លើស​ការ​កំណត់​ពាក់ព័ន្ធ​ការ​សុំ​ច្បាប់ ។

ភ្លើង​ឆេះ​រោង​សិប្បកម្ម​សណ្ឋាគារ​រស្មី​ពេជ្រ​ក្នុង​ថ្ងៃ​តែ​មួយ
ស្រប​ពេល​ដែល​មានការ​ឆែកឆេរ​ក្នុង​រោង​សិប្បកម្ម​យាយ​ព្រឿ​ង ស្រាប់តែ​មាន​ខាង​សិប្បកម្ម​របស់​សណ្ឋាគារ រស្មី​ពេជ្រ ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​ដែល​សមត្ថកិច្ច​សង្ស័យ​ថា អាច​ឆ្លង​ចរន្តអគ្គិសនី ទើប​បណ្ដាល​ឱ្យ​ឆេះ​រោង​សិប្បកម្ម​ច្នៃ​គ្រឿងសង្ហារិម បង្ក​ឱ្យ​មានការ​ខាតបង់​ទាំងស្រុង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ។ ទីតាំង​សិប្បកម្ម​របស់​សណ្ឋាគារ​នេះ​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​ថា ក្រោយ​កើត​មាន​អគ្គី​ភ័យ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​ដឹក​ទឹក​ចំនួន​៣​គ្រឿង​បាន​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ភ្លើង ខណៈ​កំពុង​ឆេះ​ចេញពី​រោង​ដាក់​សម្ភារ​គ្រឿងសង្ហារិម​ក្បែរ​សណ្ឋាគារ​រស្មី​ពេជ្រ ។ មុន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ថា​យ៉ាងណា​នៅឡើយ​ទេ ដែល​បង្ក​ឱ្យ​កើត​មាន​អគ្គី​ភ័យ​បែប​នេះ ។ ជា​ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​ថា ពាក់ព័ន្ធ​ករណី​ភ្លើង​ឆេះ​នោះ ត្រូវ​ខាតបង់​សម្ភារ​និង​ប្រាក់​កាក់​ប៉ុន្មាន​ទេ តែបើ​តាម​ការ​ប៉ាន់ស្មាន​នៅ​ក្នុង​រោង​ដាក់​សម្ភារ​នោះ​មាន​គ្រឿងសង្ហារិម​ឈើ​ប្រណីត​ៗ​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

នៅ​ក្នុង​ហេតុការណ៍​នោះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោកស្នងការ​រង​ទទួល​ផែន​អគ្គី​ភ័យ​ចៅសង្កាត់ និង​កង​អន្តរាគមន៍​រាប់​សិប​នាក់​ចុះ​ជួយ​ពន្លត់ តែ​សម្ភារ​ជា​គ្រឿង​បរិក្ខា​ជា​ច្រើន​ត្រូវ​ឆេះ​អស់ និង​ឆ្លង​ទៅ​ឆេះ​ម៉ាស៊ីនត្រជាក់​សណ្ឋាគារ​អស់​ជា​ច្រើន​គ្រឿង​ទៀត ។

លោក ម៉ៅ តា​រ៉ា ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ត្រឹម​ម៉ោងជាង​១១​ភ្លើង​នៅ​មិន​ទាន់​ស្ងប់​រលត់​នៅឡើយ​ទេ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​តែ​បន្ត​បាញ់​ពន្លត់ភ្លើង​បង្ការ​ការពារ​ភ្លើង​ឆ្លង​ទៅ​ឆេះ​ដល់​សណ្ឋាគារ ។ លោកស្នងការ​បន្ត​ថា មក​ទល់​រយៈពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដើមចម​នៃ​ការ​ឆេះ​នៅឡើយ​ទេ រង់ចាំ​ការ​សង្គ្រោះ​ចប់​សព្វគ្រប់​ទើប​ស្រាវជ្រាវ​អំពី​មូលហេតុ​ទាំងនោះ ៕