ថ្ងៃ ១៤ កុម្ភៈ កុំ​ភ្លើតភ្លើន​ព្រោះ​តែ​ពាក្យ​អូសទាញ!


ថ្ងៃ ១៤ កុម្ភៈ កុំ​ភ្លើតភ្លើន​ព្រោះ​តែ​ពាក្យ​អូសទាញ!

មក​រៀន​នៅ​ភ្នំពេញ ខ្ញុំ​គ្មាន​បងប្អូន​សាច់ញាតិ​អ្វី​ឡើយ ក្រៅ​ពី​មិត្តភ័ក្ដិ​ស្រីៗ​​ជិតស្និទ្ធ​​ប៉ុន្មាន​នាក់។ អ្នក​ខ្លះ​រៀន​គណនេយ្យ អ្នក​ខ្លះ​គ្រប់គ្រង និង​ទីផ្សារ ចំណែក​ខ្ញុំ​រៀន​ធនាគារ។ យើង​រៀន​សាកលវិទ្យាល័យ​ផ្សេងគ្នា តែ​ជួល​បន្ទប់​នៅ​ជាមួយ​គ្នា ដោយ​លុយ​បង់​សាលា ផ្ទះ​ជួល ពុក​ម៉ែ​ជា​អ្នក​រ៉ាប់រង។ ពួក​យើង​ម្នាក់ៗ​ខិតខំ​រៀន​ណាស់ ព្រោះ​អី​សុទ្ធតែ​អ្នក​ពូកែ​ប្រចាំ​សាលា។ យើង​តែង​តែ​ជួយ​ពន្យល់​គ្នា ណែនាំ​គ្នា មិន​ថា​រឿង​រៀន​សូត្រ ឬ​ការ​ដើរ​លេង​នោះ​ទេ ចំណែក​លទ្ធផល​ប្រលង ​ល្អ​ដូចដែល​បាន​ខិតខំ។

 

ចូល​ដល់​ឆ្នាំ​ទី២ ជា​ឆ្នាំ​ដែល​​មិត្តភ័ក្ដិ​ខ្ញុំ​បែក​បន្ទប់​គ្នា ដោយ​នៅ​សល់​តែ​ខ្ញុំ​ និង​ពួកម៉ាក​ម្នាក់​ទៀត​ប៉ុណ្ណោះ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ខ្ញុំ​​ចេះ​មាន​ស្នេហា។ ខ្ញុំ​បាន​ស្រលាញ់​គ្នា​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់ ដែល​ជា​អ្នក​មក​ពី​ខេត្ត​ដូចគ្នា។ គេ​ស្រលាញ់​ខ្ញុំ​ណាស់ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ណាស់ ហើយខ្ញុំ​ក៏​ស្រលាញ់​គេ​វិញ​ដែរ។ ​យើង​តែង​និយាយ​ទូរសព្ទ​ជាមួយ​គ្នា ១ ទៅ​ ២ ម៉ោង​រាល់​យប់ ធ្វើ​ឱ្យមាន​​​អារម្មណ៍​ស្រលាញ់ ​កាន់​តែ​ខ្លាំង​ឡើង។

 

ពេល​ទំនេរ គេ ខ្ញុំ និង​មិត្ត​រួម​ថ្នាក់​ផ្សេង​ទៀត ក៏​បបួល​គ្នា​​ដើរលេង ជា​ទម្លាប់​និង​ប្រែក្លាយពី​​មនុស្ស​ឧស្សាហ៍​រៀន​សូត្រ ទៅ​​ជា​មនុស្ស​ចេះ​ដើរលេង រហូត​ខ្ញុំ​ហ៊ាន​ដើរ​លេង​ជាមួយ​សង្សារ​តែ​ពីរ​នាក់។

 

 ថ្ងៃ ១៤ កុម្ភៈ កុំ​ភ្លើតភ្លើន​ព្រោះ​តែ​ពាក្យ​អូសទាញ!

 

ពេល​មាន​មង្គលការ​មិត្តភ័ក្ដិ​របស់​គេ ឬ គេ​តែង​នាំ​ខ្ញុំ​ទៅ​ជាមួយ ព្រោះ​អី​យើង​ជា​សង្សារ​នឹងគ្នា ហើយ​​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ពួក​យើង​ទាំង​ពីរ​នឹង​មាន​សុភមង្គល​ដូច​គេ​ដែរ។ មិន​ថា ​ទៅ​កំពង់សោម កំពត​ឬ​ទៅ​បោះជំរំ​ទេ យើង​តែង​ទៅ​ជាមួយ​គ្នា។ យើង​ទាក់ទង ស្រលាញ់​គ្នា​ជាង​មួយ​​ឆ្នាំ ប៉ុន្តែ​មិន​ហ៊ាន​ធ្វើ​អ្វី​​ឱ្យ​លើស​ប្រពៃណី​ឡើយ។ មិត្តភ័ក្ដិ​ខ្ញុំ​ក៏​ផ្លាស់​ទៅ​នៅ​ជាមួយ​បងប្អូន​ជីដូន​មួយ​របស់​គេ ក្នុង​បន្ទប់​សល់​តែ​ខ្ញុំ​ម្នាក់​ឯង។

 

គេ (សង្សារ​ខ្ញុំ) ទិញ​ផ្លែឈើ​ឱ្យ​ខ្ញុំ ខ្ញុំ​ក៏​ហៅ​គេ​មក​​ចូល​បន្ទប់ ព្រោះ​ពេល​នោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំងផង​។ ​​​យើង​ទាំងពីរ​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ […] ភ្នែក​យើង​​ចាប់​ផ្ដល់​បាញ់​ដាក់​គ្នា ដោយ​មាន​អារម្មណ៍​ថា​ក្ដៅ​ក្នុង​ខ្លួន។ ពេល​នោះ​គេ​​​បាន​សុំ​ខ្ញុំ​រឿង​មួយ ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ទៅ​កើត ខ្ញុំ​បាន​ដេញ​គេ​ឱ្យ​ចេញ​ពី​បន្ទប់ តែ​ដោយ​ពាក្យ​សម្ដី​គួរ​ឱ្យ​អាណិត​របស់​គេ ខ្ញុំ​ក៏​ជ្រុលខ្លួន​មួយ​វឹង ភ្លេច​អស់​ពាក្យ​ទូន្មាន​របស់​ពុក​ម៉ែ និង​​មិត្តភ័ក្ដិ​។

 

និយាយ​ទៅ​ខ្ញុំ​ពិត​ជា​ខ្មាស​ខ្លួន​ឯង​ណាស់ តែ​ខ្ញុំ​ត្រូវ​តែ​បើក​កកាយ ដើម្បី​ឱ្យ​មិត្ត​នារីៗ​បាន​ដឹង កុំ​ឱ្យ​ធ្វើ​ខុស​ដូច​រូប​ខ្ញុំ។

 

ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល ខ្ញុំ​សង្ស័យ​ក៏​ទៅ​ឱ្យ​​ពេទ្យ​ពិនិត្យ។ លទ្ធផល​បង្ហាញ​ថា ខ្ញុំ​មាន​ផ្ទៃពោះ។ ខ្ញុំ​ទន់​ជង្គង់ អង្គុយ​យំ​ក្នុង​បន្ទប់​ម្នាក់​ឯង មុន​សម្រេច​ចិត្ត​ខល​ទៅ​សង្សារ។ សង្សារ​ខ្ញុំ​គេ​មិន​បោះបង់​ចោល​ខ្ញុំ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន គឺ​គេ​ឱ្យ​ខ្ញុំ​យក​ចេញ ដោយ​លើក​ឡើង​នូវ​ហេតុ​ផល​ជាច្រើន។ ទីបំផុត​ខ្ញុំ​ក៏​ធ្វើ​តាម​គេ។ អ្ហឺ!!! នេះ​ហើយ​ឥទ្ធិពល ​ថ្ងៃ ១៤ កុម្ភៈ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាំ​គ្មាន​ថ្ងៃ​ភ្លេច។

 

មិន​យូរ​ប៉ុន្មាន គេ​ក៏​ចាប់​ផ្ដើម​ណាយ​ពី​ខ្ញុំ។ ចំណែក​​​ទូរសព្ទ​ខល​លែង​ចូល។ ខ្ញុំ​ពិត​ជា​ស្ដាយ​ណាស់ ចំពោះ​ពាក្យ​​សន្យា​ថា «រៀបការ​ជាមួយ​គ្នា តែ​ចុង​ក្រោយ​វា​ប្រែ​ក្លាយ​ជា​សន្យា​ខ្យល់»។ ខ្ញុំ​យំ​អាណិត​ខ្លួន​ឯង ហេតុ​អី​ល្ងង់​ម៉េស? ខ្ញុំ​យំ​អាណិត​ពុក​ម៉ែ ដែល​ខំ​ផ្ដែផ្ដាំ។ ខ្ញុំ​មិន​បាន​ទៅ​រៀន​ជិត​មួយ​អាទិត្យ ព្រោះ​សុខភាព​មិន​សូវ​ល្អ។

 

តែ​យ៉ាងណា ខ្ញុំ​​ប្ដេជ្ញា​ចិត្ត​ខ្លួន​ឯង​ថា មិន​ទន់ជ្រាយ​ព្រោះ​តែ​មនុស្ស​ប្រុស អាត្មា​និយម​ម្នាក់​នោះ​ទេ។ ទឹក​ភ្នែក​ខ្ញុំ​មិន​គួរ​ស្រក់ ព្រោះ​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​នោះដែរ។ មាន​មនុស្ស​ច្រើន​ណាស់ ដែល​ត្រូវ​ការ​ខ្ញុំ ស្រលាញ់​ខ្ញុំ ​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​​ចេះ​រឹងប៉ឹង ខិតខំ​រៀន​ឡើង​វិញ មើល​អនាគត​វែង​​ឆ្ងាយ។

 

គិត​ដល់​ពេល​នោះ ខ្ញុំ​ចូល​ឆ្នាំ​ទី​បួន​ល្មម ក៏​ជា​ឆ្នាំ​បញ្ចប់​ដែរ។ ខ្ញុំ​ក៏​ខំ​ប្រឹង​រៀន​​ឡើង​វិញ បើ​ទោះ​លទ្ធផល​មិន​សូវ​ល្អ​ដូចមុន តែ​ក៏​ចាត់​ចូល​ក្នុង​ចំណោម​អ្នក​ពូកែ​ដែរ។ ក្រោយ​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ ខ្ញុំ​បាន​​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដើម្បី​យក​បទពិសោធន៍ ដោយ​ទទួល​​ប្រាក់​ខែ​សមរម្យ។ ដោយ​ខ្ញុំ​ខិតខំ ខ្ញុំ​ត្រូវ​មេ​ដំឡើង​ប្រាក់ខែ ឡើង​ដំណែងជា​បន្ត​បន្ទាប់ និង​មាន​​គ្រួសារ​ដ៏​គួរ​ឱ្យ​កក់ក្ដៅនិង​មាន​សុភមង្គល​​មួយ។

 

ខ្ញុំ​សូម​ផ្ដាំ​ទៅ​មិត្ត​យុវវ័យ (ប្រុសៗ) ថា បើ​ពិត​ស្រលាញ់​នារី​ណា​​ម្នាក់ សូម​កុំ​បំផ្លាញ​អនាគត​របស់​នាង។ ចំណែក​​នារី​ៗ​សូម​កុំ​ភ្លើតភ្លើន និង​ចាញ់​បោក​ពាក្យ​លួងលោម​ ផ្អែមល្ហែម​របស់​​គេ។ សូម​គិត​ឱ្យ​បាន​វែង​ឆ្ងាយ មុន​ធ្វើអ្វី​មួយ។ គ្មាន​នរណា​ស្រលាាញ់យើង ក្រៅ​ពី​ឪពុកម្ដាយ ហើយ​ក៏​គ្មាន​នរ​ណា​មក​រំលែក​ទុក្ខ​​យើងក្រៅ​ពី​ពួកគាត់​ដែរ។

 

ទិវា​នៃ​សេចក្ដី​ស្រលាញ់ ថ្ងៃ ១៤ កុម្ភៈ ជិត​មក​ដល់​ហើយ កុំ​ឱ្យ​មាន​រឿង​ដូចជា​រូប​ខ្ញុំ។ ម៉្លោះហើយ​​​​យុវវ័យ​គួរ​​យក​ពេល​នៅ​ជាមួយ​ឪពុក​ម្ដាយ​ឱ្យ​បាន​ច្រើន ឬ​អាច​ចូលរួម​​សកម្មភាព​ផ្សេងៗ ដើម្បី​ជួយ​សង្គម​ក៏​ជា​ការ​ល្អ​ដែរ។ សូម​ចាំ​ថា «កុំ​ភ្លើតភ្លើន ព្រោះ​តែ​ពាក្យ​អូសទាញ!»៕

 

លុយ ៥ ដុល្លារធ្វើ​ឱ្យ​នារី​ខ្មែរ​ម្នាក់ក្លាយ​ជា​ប្រពន្ធ​ ថៅកែ​រោងចក្រ​ស្រាបៀរ​នៅ​ហុឡង់ដ៍​

 

មានរឿងរ៉ាវចង់ចែករំលែកសូមផ្ញើមកកាន់ e-mail: [email protected]

[email protected]ទទៅកាន់លេខ ០១០ ៧០០ ៧២៧

 

អត្ថបទ៖ ស្រី​ល្ងង់