សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​ស្រាវជ្រាវ​ជាង​៣​ទស​វត្ស​លើ​ទារក​២៥​ម៉ឺន​នាក់​បាន​រក​ឃើញ​ថា ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ពិតជា​ជួយ​ការពារ​ពួក​គេ​ពី​ជំងឺហឺត ។ ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ការ​បំបៅ​ដោយ​ទៀងទាត់​អាច​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ​បាន​ប្រមាណ​ជា​៣៧​ភាគរយ ។ ដោយឡែក ចំពោះ​ក្មេង​អាយុ​៧​ឆ្នាំ​វិញ​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ប្រហែលជា​១៧​ភាគរយ ។

តាម​រយៈ​ព្រឹត្តិបត្រ American Journal of Epidemology ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University Campus Suffolk បាន​បញ្ជាក់​ថា ការ​រក​ឃើញ​របស់​ខ្លួន​បាន​បង្ហាញ​យ៉ាង​មុតមាំ​ដែល​ថា ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ជួយ​ការពារ​កុមារ​ជា​ពិសេស​កុមារ​មាន​អាយុ​ក្រោម​២​ឆ្នាំ ប្រឆាំង​នឹង​ជំងឺហឺត​។ ក្មេង​ៗ​ដែល​មិន​ទទួល​បានការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ត្រូវ​គេ​ដឹង​ថា ជួប​ហានិភ័យ​រលាក​ប្រព័ន្ធ​ផ្លូវដង្ហើម​ក្នុង​កម្រិត​មួយ​ខ្ពស់ ។ បញ្ហា​នេះ​នាំ​ឱ្យ​ពួក​គេ​ប្រឈម​ខ្ពស់​នឹង​ជំងឺហឺត ។

សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ថ្លែង​ថា លទ្ធផល​លើក​នេះ​បាន​ផ្តល់​នូវ​ភ័ស្តុតាង​ដ៏​ពិតប្រាកដ​មួយ​ដែល​ថា បណ្តា​ក្មេង​ដែល​ទទួល​បានការ​ដំបៅ​ដោយ​ទឹកដោះ​ម្តាយ ជួប​ហានិភ័យ​កើត​ជំងឺហឺត​តិចតួច​បំផុត ៕