សុខភាព &raquo សុខភាព

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ឆែក បាន​អះអាង​ថា ការ​ទទួលទាន​អាហារ​ត្រឹមតែ​២​ពេល​ក្នុង​មួយ​ថ្ងៃ​គឺ​ពេល​ព្រឹក និង​ពេល​ថ្ងៃត្រង់​ឱ្យ​បាន​ឆ្អែត​ស្កប់ស្កល់​ផ្តល់​ផល​ល្អ​ដល់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ដោយ​វា​អាច​ជួយ​គ្រប់គ្រង​ការ​ឡើង​ទម្ងន់ និង​កម្រិត​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ប្រក្រតី ។

នៅ​ក្នុង​ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្តជា​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ចំនួន​៥៤​នាក់​វ័យ​ពី​៣០​ទៅ​៧០​ឆ្នាំ​រយៈពេល​១២​ស​ប្តា​ហ៍​បាន​រក​ឃើញ​ថា ក្រុម​B2 ដែល​ទទួលទាន​អាហារ​ឆ្អែត​ខ្លាំង​២​ដង​ក្នុង​មួយ​១​ថ្ងៃ​គឺ​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​១០​ព្រឹក និង​ចន្លោះ​ពី​ម៉ោង​១២​ទៅ​ម៉ោង​៤​រសៀល​ចុះ​ទម្ងន់​ខ្លួន​ជា​មធ្យម​១,៤​គីឡូក្រាម​ធៀប​ទៅ​នឹង​ក្រុម​A6 ដែល​ទទួលទាន​អាហារ​៦​ដង​ក្នុង​មួយ​ថ្ងៃ ។ រីឯ​ទំហំ​ចង្កេះ​វិញ ក្រុម B2​បាន​ថយ​ចុះ​ប្រហែលជា​៤​សង់ទីម៉ែត្រ ។

វេជ្ជបណ្ឌិត Hana Kahleova អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Clinical & Experimental Medicine ទីក្រុង Prague ប្រទេស​ឆែក​បាន​ថ្លែង​ថា នេះ​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​រីករាយ​។ លោកស្រី​បាន​បន្ត​ថា ក្រុម​អ្នកជំងឺ​ដែល​ចូលរួម​ការ​ពិសោធ​ដើម​ឡើយ​ភ័យ​ខ្លាច​ថា ពួក​គេ​អាច​ឃ្លាន​ខ្លាំង​ដោយ​ការ​បង្អត់អាហារ​ពេល​ល្ងាច ។ ប៉ុន្តែ​ក្រោយ​ការ​ពិសោធ​ដោយ​ការ​ទទួលទាន​អាហារ​តែ​២​ពេល​រួច​មក អារម្មណ៍​ស្រេកឃ្លាន​របស់​ពួក​គេ​ក៏​បាន​ថយ​ចុះ​ហើយ​ទទួល​បាន​អារម្មណ៍​រីករាយ ។ ផ្ទុយ​មក​វិញ ក្រុម​ដែល​ទទួលទាន​ឥត​ឈប់ គឺ​ទទួលទាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​មិន​ទទួល​បាន​អារម្មណ៍​រីករាយ​ឡើយ ។ នេះ​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ។

វេជ្ជបណ្ឌិត Kahleova បាន​បញ្ជាក់​ថា លទ្ធផល​នេះ​ក៏​អាច​យក​ទៅ​អនុវត្ត​លើ​បណ្តាជន​គ្មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​ចង់​បញ្ចុះទម្ងន់​ខ្លួន​ផង​ដែរ ៕