ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​បើកប​ញ្ច្រាស​ទិស​ដៅ​ចរាចរណ៍​ហើយ​បត់​ត្រឡប់​ក្រោយ​ ត្រូវ​ម៉ូតូ​បើក​អត់​មាន​ភ្លើងបំ​ភ្លី​​បុក​​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​អ្នក​បើក​ម៉ូតូ រីឯ​អ្នក​បើក​រ៉ឺ​ម៉ក ​រងរបួសស្រាល ​កាល​ពី​​វេលា​ម៉ោង៩​និង​២០​យប់ថ្ងៃ​ទី​១១ ខែកុម្ភៈ នៅ​​ផ្លូវ​៣៧១ ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ម្ចាស់​រ៉ឺ​ម៉ក​ឈ្មោះ ជ័យ ទូច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​ជា​​កម្មករ​​ (របួសស្រាល​) ស្នាក់​នៅ​​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ​។ ចំណែក​ខាង​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ (របួស​ធ្ងន់​) ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​ម្នាក់​​​បើក​រ៉ឺ​ម៉ក​​ធ្វើ​ដំណើរ​តាម​ផ្លួ​វ៣៧១ ទិស​ដៅ​ពី​លិចទៅ​កើត​ ជិះ​បញ្ច្រាស​ទិស​ចរាចរណ៍ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​​ ​បត់​ឆ្វេង​ត្រឡប់​​ក្រោយធ្វើ​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់កូរ៉េ ពណ៌​បៃតងចាស់ ​ធ្វើ​ដំណើរ​តាម​ផ្លួ​វ៣៧១ ទិស​ដៅ​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន និង​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវក៍​ជ្រុល​ទៅ​បុក​​រ៉ឺ​ម៉ក​ដែល​​​បត់​ក្បាល​ត្រឡប់​​ក្រោយ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​​អ្នក​បើក​ម៉ូតូ​​​រង​របួស​ធ្ងន់​ ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន និង​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ ចំណែក​អ្នក​បើក​​រ៉ឺ​ម៉ក​រងរបួសស្រាល​ ត្រូវ​មិត្ត​ភក្តិដឹក​តាម​ម៉ូតូ​ទៅ​លៀង​របួសនៅ​គ្លីនិក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​និង​រ៉ឺ​ម៉ក ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង ​រួច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​នគរ​បាល​​ខណ្ឌមានជ័យ ដើម្បី​​​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕