ប្រធានាធិបតីភូមា ដែលនឹងលាលែង ពីតំណែង លុបចោលគម្រោងការ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក ដោយគ្មានហេតុផល

រ៉ងហ្គូន៖ លោក ធៀន សេន (Thein Sein) ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា ឬភូមាដែលនឹងលាលែងពីមុខតំណែង លោកបានលុបចោល នូវគម្រោងការចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដោយមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ឡើយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ថា បើតាមការបញ្ជាក់ពី ខុទ្ទកាល័យរបស់លោក ធៀន សេន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបាន ឲ្យដឹងថា គម្រោងការដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក របស់លោកប្រធានាធិបតី គឺត្រូវបានលុបចោលហើយ ដោយលោកមិនមានហេតុផលអ្វីនោះទេ ។

ទន្ទឹមនឹងនេះ ក៏មិនមានមន្ត្រី គណៈប្រតិភូណាម្នាក់មកពីសហភាពមីយ៉ាន់ម៉ា ប្រកាសអំពីរឿងនោះពីមុននោះទេ អ្នកជំនាញការមួយចំនួនបានរំពឹងថា ដំណើររបស់លោក ធៀន សេន គឺជា ឳកាសចុងក្រោយសម្រាប់ការបង្ហាញវត្តមាន នៅចំពោះមុខលោក បារ៉ាក់ អូបាម៉ា និងបណ្តាមេដឹកនាំ អាស៊ានទាំងឡាយ ។

គួរបញ្ជាក់ថា លោក ធៀន សេន ដែលមកពីគណបក្សសម្ព័ន្ធសាមគ្គី និងការអភិវឌ្ឍន៍ បានត្រូវលោក ស្រី អ៊ុង សាងស៊ូជី មកពីគណបក្សសម្ព័ន្ធ ប្រជាធិបតេយ្យជាតិ ដណ្តើមបាននៅក្នុងការ ប្រកួតប្រជែងសន្លឹកឆ្នោតនៅក្នុងខែវិច្ឆិកា កន្លងមកនេះ ហើយគេដឹងច្បាស់ថា លោក ធៀន សេន នឹងលាលែងពីមុខតំណែងនៅថ្ងៃទី០១ ខែមេសា ខាងមុខ ដើម្បីឲ្យរដ្ឋាភិបាលថ្មីរៀបចំនូវ កិច្ចការសម្រាប់អណត្តិថ្មី ។

ប៉ុន្តែបើតាមការបញ្ជាក់ពីខុទ្ធកាល័យរបស់លោកប្រធានាធិបតី ធៀន សេន បានឲ្យដឹងថា "លោក Nyan Htun អនុប្រធានាធិបតី ជាអ្នកអញ្ជើញ ចូលរួមកិច្ចប្រជុំជំនួសមុខឲ្យលោកប្រធានាធិបតី  " ។ ខុទ្ទកាល័យបានបន្ថែមថា "លោកប្រធានាធិបតី ធៀន សេន នឹងមិនបានចូលរួមនោះទេ ព្រោះលោកជួបមានធុរៈ" ។

គេបានដឹងច្បាស់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នឹងផ្តើមធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ខាងមុខនេះ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ដែលមានលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាគណៈអធិបតីក្នុងកិច្ចប្រជុំកំពូលនេះ ៕

ប្រធានាធិបតីភូមា ដែលនឹងលាលែង ពីតំណែង លុបចោលគម្រោងការ ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក ដោយគ្មានហេតុផល