U17 ​បឹង​កេត​នឹង​ចូល​លេង​ពាន​ Hun Sen Cup 2016

U17 ​បឹង​កេត​នឹង​ចូល​លេង​ពាន​ Hun Sen Cup 2016

យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​របស់​បឹង​កេត​អង្គរ​ នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​ជុំ​បឋម​នៃ​ពាន​រង្វាន់​សម្ដេច​ ហ៊ុនសែន ឆ្នាំ​២០១៦​នេះ​ ដោយ​មាន​ឈ្មោះ​ថា​ យុវជន​បឹងកេត​កំពង់ចាម​ ដឹក​នាំ​ដោយ​លោក​គ្រូ​បង្គោល​ មាស កក្កដា។ ​នេះ​បើ​តាម Facebook ​ផ្លូវការ​របស់​ក្លឹប​បង្ហោះ។

 

 

U17 ​បឹង​កេត​នឹង​ចូល​លេង​ពាន​ Hun Sen Cup 2016U17 ​បឹង​កេត​នឹង​ចូល​លេង​ពាន​ Hun Sen Cup 2016

 

 

យុវជន​បឹងកេត​កំពង់​ចាម ​ត្រូវ​បាន​ចាប់​ចំ​ពូល​ B ​(តំបន់​ខាង​កើត)​ ជាមួយ ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ ក្រុម​ខេត្ត​ព្រៃវែង​ និង​ក្រុម​ខេត្ត​ស្វាយរៀង​ (មិន​មែន​ស្វាយ​រៀង​ព្រះខ័ន​រាជ​ទេ)​។ ក្រុម​យុវជន​ថ្នាល​U17​របស់​បឹង​កេត​អង្គរ​ ត្រូវ​បាន​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ជា​ផ្លូវការ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​មក​ បន្ទាប់​ពី​ធ្វើ​តេស្ត​សមត្ថភាព​ជ្រើស​រើស​ចេញ​ពី​ក្នុង​ចំណោម​យុវជន​ស្រលាញ់​បាល់ទាត់​ប្រមាណ​៣០០នាក់​។ ការ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​ជុំ​បឋម​នេះ​គឺ​ដើម្បី​បង្កើន​បទ​ពិសោធន៍​លើ​ទីលាន​ប្រកួត​ជាក់​ស្ដែង​ដល់​យុវជន​របស់​យើង ​និង​ផ្ដល់​ឱកាស​លេង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ត្រៀម​ចូល​លេង​ឈុត​ធំ​នា​ពេល​អនាគត​។

 

U17 ​បឹង​កេត​នឹង​ចូល​លេង​ពាន​ Hun Sen Cup 2016

 

សូម​បញ្ជាក់​ថា កីឡដ្ឋាន​បឹងកេត ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​នេះ ​គឺ​ជា​ទីលាន​របស់​បឹងកេតអង្គរ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​បឹងកេត ​ស្ថិត​ក្នុង​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ​ប៉ុន្តែ​មិនមែន​ជា​កីឡដ្ឋាន​ក្នុង​ដី​ផ្លូវការ​របស់​បឹងកេត​អង្គរ​នោះ​ទេ។

 

កាលបរិច្ឆេទ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup 2016 ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ដោយ​ការ​ប្រកួត​បឋម​តាម​តំបន់​នានា​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ ដល់​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៦ ចំណែក​ឯ​ដំណាក់​កាល​ប្រកួត​ផ្ដាច់ព្រ័ត្រ​ចាប់​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា ដល់​២០​ខែ​សីហា​ឆ្នាំ​២០១៦។ ​ដោយ​ការ​ប្រកួត​នេះ​នឹង​ត្រូវ​ធ្វើ​ជា​លក្ខណៈ Home / Away ​និង​ប្រកួត​រៀងរាល់​ថ្ងៃ​ពុធ លើក​លែង​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​ឬ ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍។

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖  FB បឹងកេត